អន្តរជាតិ
ចិន ថា​ខ្លួន​ខ្វល់ខ្វាយ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​ខ្លាំង​ជាង​អ្នកណា​ទាំងអស់​
07, Apr 2017 , 7:39 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេស Hua Chunying (រូបភាព Xinhua)
អ្នកនាំពាក្យក្រសួងការបរទេស Hua Chunying (រូបភាព Xinhua)
ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ បាន​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ក្រោយ​អាមេរិក និង​កូរ៉េខាងជើង ផ្ដោះផ្ដង​សង្គ្រាមពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក​។ ចិន​ឯណេះ​វិញ ក៏​រង​សម្ពាធ​ច្រើន​ពី​ប្រទេស​ផ្សេង មាន​អាមេរិក និង​ជប៉ុន​ជាដើម ហើយ​ថែមទាំង​រង​ការ​រិះគន់ថា​មិនបាន​ជួយ​បន្ធូរបន្ថយ​ស្ថានការណ៍​អ្វី​ទេ​។ ប៉ុន្តែ​ចិន​អះអាងថា ខ្លួន​ធ្វើការ​ច្រើនណាស់​លើ​បញ្ហា​ឧបទ្វីប​កូរ៉េ​នេះ ហើយក៏​គ្មាន​នរណា​ខ្វល់ខ្វាយ​បញ្ហា​សាំ​ញាំ​នេះ​ជាង​ខ្លួន​ទៀត​ទេ​។


​ស្របពេល​អាមេរិក និង​កូរ៉េខាងជើង គំរាម​វាយប្រហារ​គ្នា​ទៅវិញទៅមក ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ក៏​ធ្លាក់ចុះ​តាម​អាកប្បកិរិយា​នៃ​ភាគី​ពាក់ព័ន្ធ​។ អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ខំប្រឹង​សម្ព័ន្ធភាព​ត្រីភាគី​របស់ខ្លួន តាមរយៈ​ការធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ដើម្បី​សម្ញែង​ឥទ្ធិពល​ដាក់​កូរ៉េខាងជើង​។ លើសពីនេះ អាមេរិក ក៏​សន្យា​ជាមួយ​ជប៉ុន​ក្នុងការ​សន្យា​បង្កើន​កម្លាំង​ទ័ព​ប្រឆាំង​កូរ៉េខាងជើង ហើយ​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ក៏​និយាយថា ជប៉ុន​នឹង​តាមមើល​សកម្មភាព​ឆ្លើយតប​របស់​ចិន​លើ​បញ្ហា​នេះដែរ​។​

​យ៉ាងណាក្ដី ចិន ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង នៅ​បន្ត​ជំហរ​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​រក្សា​ស្ថិរភាព​ក្នុង​តំបន់ និង​ចៀសវាង​ធ្វើ​សកម្មភាព​ដែល​នាំ​ឲ្យ​ឧបទ្វីប​កូរ៉េ​ធ្លាក់​ចូលក្នុង​ជ្រោះ​គ្រោះថ្នាក់​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying និយាយថា ចិន​ប្រឹងប្រែង​ខ្លាំងណាស់​ក្នុង​ជួយ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ហើយ​ចិន​ពិតជា​ជា​ព្រួយបារម្ភ​ខ្លាំង​ជុំវិញ​ការ​រាលដាល​នៃ​ភាព​តានតឹង​នៅ​ទីនោះ​។​

​ក្នុង​សន្និសីទកាសែត​ថ្ងៃទី​៦ ខែមេសា អ្នកនាំពាក្យ​រូបនេះ​សង្កត់ធ្ងន់ថា ជា​ប្រទេស​មាន​ព្រំដែន​ជាប់​ឧបទ្វីប​កូរ៉េ ចិន​ខ្វល់ខ្វាយ​នឹង​ស្ថានភាព​យ៉ាប់យ៉ឺន​នៅ​ទីនោះ​ខ្លាំង​ជាង​នរណា​ទាំងអស់​។ ចិន​ក៏​សង្ឃឹម​ដែរ​ថា ឧបទ្វីប​កូរ៉េ នឹងមាន​សន្តិភាព និង​ស្ថិរ​ភាពមិន​ខាន ព្រោះ​ចិន​ក៏​ព្យាយាម​បន្ថយកម្ដៅ​នៃ​ភាព​តានតឹង​ណាស់ដែរ​។ អ្នកនាំពាក្យ​ខាងលើ​បន្តថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវ​ដោះស្រាយ​ឫសគល់​បញ្ហា និង​ការព្រួយបារម្ភ​របស់​ភា​គី​ពាក់ព័ន្ធ​ទាំងអស់​។​

​បន្ថែម​ពីលើ​នោះ ចិន ក៏​សន្យា​ធ្វើការ​ជាមួយ​ភាគី​ផ្សេងទៀត ដើម្បី​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ និង​ជំរុញ​ឲ្យ​មាន​សន្តិភាព​យូរអង្វែង​នៅក្នុង​តំបន់​។ ការសន្យា​ដូចនេះ ទំនងជា​ការឆ្លើយតប​នឹង​ការរិះគន់​របស់​អាមេរិក ដែល​ចោទ​ចិន​ថា​មិន​ជួយ​ធ្វើ​អ្វី​សោះ បើទោះជា​មាន​ឥទ្ធិពល​ខ្លាំង​លើ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក៏ដោយ​។ នរណា​ក៏​ដឹង​ដែរ​ថា ចិន​តែង​ជួយ​កូរ៉េខាងជើង​រហូតមក ស្របពេល​រដ្ឋ​ក្រីក្រ​មួយ​នេះ រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​មិន​ឈប់ឈរ​។​

​ការមិន​សូវ​ជួយ​របស់​ចិន ធ្វើ​ឲ្យ​អាមេរិក​អន់ចិត្ត​យ៉ាងខ្លាំង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ប្រកាស​ហើយ​ថា អាមេរិក​នឹង​ចាត់ការ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​តែម្នាក់ឯង បើ​ចិន​មិន​ព្រម​ជួយ​ទេនោះ​។ រដ្ឋបាល​លោក ត្រាំ ពិតជា​មិន​ស្ងប់ចិត្ត​ទាល់តែសោះ​ចំពោះ​អាកប្បកិរិយា​ទម្រន់​របស់​ចិន​ជុំវិញ​បញ្ហា​កូរ៉េខាងជើង បើទោះជា​អាមេរិក​ស្នើ​ម្ដង​ជា​ពីរដង​ឲ្យ​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋ​ឯកោ​មួយ​នេះ​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ក្ដី​៕


Tag:
 ចិន​
  ឧបទ្វីប​កូរ៉េ​
  នុយក្លេអ៊ែរ​
  ជប៉ុន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com