អន្តរជាតិ
ពូ​ទីន ចោទថា អាមេរិក​វាយប្រហារ​ស៊ី​រី​ជា​«​ការឈ្លានពាន​អធិបតេយ្យ​សមាជិក​UN»​សុទ្ធសាធ​
07, Apr 2017 , 5:21 pm        
រូបភាព
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ហៅ​ការវាយប្រហារ​របស់​អា​មេ​រិ​កនៅ​ស៊ី​រី​ថា​ជា «​ការឈ្លានពាន​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​» ហើយ​បុរស​ខ្លាំង​រុស្ស៊ី​នេះ​បាន​ព្រមាន​ផ្តាច់​រាល់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក​ផង​។ ឥឡូវនេះ​រុស្ស៊ី​កោះ​ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​និយាយ​គ្នា​រឿង​អាមេរិក​បាញ់​មី​ស៊ី​ល​ផ្លោង​ដាក់​ស៊ី​រី​ផង​។​


​ការបាញ់​ផ្លោង​មី​ស៊ី​ល​របស់​អាមេរិក​លើ​ព្រលានយន្តហោះ​ស៊ី​រី​បាន​បង្ក​ឲ្យ​មានការ​ប្រឈមមុខគ្នារ​វាង​អាមេរិក​និង​រុស្ស៊ី ថ្វីបើ​អាមេរិក​បានប្រកាស​ប្រាប់​ជាមុន​ក្តី​។ មេដឹកនាំ​រុស្ស៊ី​ដែលជា​អ្នក​តាម​ការពារ​របប​ដឹកនាំ បា​សា អាល់​អាសាដ រហូតមក​នោះ​ក្តៅស្លឹកត្រចៀក​ខ្លាំង​ព្រោះ​អាមេរិក​កំពុង​ផ្គើន​ខ្លួន​នៅ​ស៊ី​រី ហើយ​លោក​បានចាត់ទុក​សកម្ម​ភាព​អាមេរិក​ជា​រឿង​ខុសច្បាប់​អន្តរជាតិ​ផង​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន លោក Dmitry Peskov បាន​រៀបរាប់ថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានចាត់ទុក​ការបាញ់​ផ្លោង​មី​ស៊ី​ល​របស់​អាមេរិក​នៅ​ស៊ី​រី ជា​«​សកម្មភាព​ឈ្លានពាន​រដ្ឋ​អធិបតេយ្យ​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ​»​។ លោក ពូ​ទីន ចាត់ទុកថា សកម្មភាព​នេះ​ជា​ការបំពានច្បាប​អន្តរជាតិ​យ៉ាងច្បាស់ ហើយ​វា​ជា​លេស​របស់​អាមេរិក​ដើម្បី​ទាញ​ការចាប់អារម្មណ៍​របស់​ពិភពលោក​ផង​។​

​អ្នកនាំពាក្យ​ខាងលើ​ក៏​បន្ថែមថា លោក ពូ​ទីន ព្រមាន​អាមេរិក​ដែរ ព្រោះ​ទង្វើរ​គឃ្លើន​របស់​អាមេរិក​នេះ​បាន​បំផ្លាញ​ទំនាក់ទំនង​រវាង​វ៉ាស៊ីនតោន និង​ម៉ូស្គូ​ដែល​ល្អក់កករ​ស្រាប់​។ រុស្ស៊ី​ក៏​អាច​នឹង​បញ្ចប់​កិច្ចសហប្រតិបត្តិការ​យោធា​ជាមួយ​អាមេរិក​ផង​បើសិនជា​ចាំបាច់​។​

​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ អគ្គមេបញ្ជាការ​កំពូល​កងទ័ព​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​បញ្ជា​ឲ្យ​នាវាចម្បាំង​អាមេរិក​ដែល​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ស្រាប់​នោះ​បាញ់​ផ្លោង​មី​ស៊ី​ល​អស់​ជាង ៥០​គ្រាប់​សំដៅលើ​វាល​យន្តហោះ​មួយកន្លែង​នៅ​ក្រុង Homs​។ របាយការណ៍​អាជ្ញាធរ​តំបន់​ដែល​ស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP បង្ហាញថា មនុស្ស​យ៉ាងហោចណាស់ ៤​នាក់​បាន​ស្លាប់​ដោយសារ​ការបាញ់​ផ្លោង​នេះ ទោះ​អាមេរិក​មិនបាន​បញ្ជាក់​បែបនេះ​ក៏ដោយ​។​

​អាមេរិក បាន​អះអាង​ដែរ​ថា មុន​បាញ់​មី​ស៊ី​ល​មន្ត្រី​អាមេរិក​បាន​ប្រាប់​ប្រទេស​ជា​ដៃគូ​ជាច្រើន​ក្នុងនោះ​មាន​រុស្ស៊ី​ផងដែរ ហើយ​អាមេរិក​មិនមាន​គោលដៅ​វាយប្រហារ​ទីតាំង​ដែល​កងទ័ព​ឬ​អាវុធ​រុស្ស៊ី​ស្ថិត​នៅឡើយ​។ ទោះជា​ដូច្នេះ​ក្តី អ្វីដែល​អាមេរិក​បានធ្វើ​នោះ​កំពុង​ធ្វើ​ឲ្យ​ទំនាក់ទំនង​គ្រប់យ៉ាង​ដែលមាន​ជាមួយ​រុស្ស៊ី​ធ្លាក់​កាន់តែ​ជ្រៅ​ពិបាក​ស្តារ​។ គេ​បារម្ភ​ផងដែរ​ចំពោះ​ការប្រឈមមុខគ្នា​និង​អាច​ប៉ះទង្គិច​គ្នា​រវាង​ទ័ព​អាមេរិក​និង​រុស្ស៊ី​ក្នុង​ជម្លោះ​ស៊ី​រី​ថែមទៀត​។​

​ការបាញ់​ផ្លោង​មី​ស៊ី​ល​នេះ​ជាការ​ឆ្លើយតប​ការចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​រឿង​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​នៅ​ខេត្ត Idlib​នោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ស៊ី​រី​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នេះ ហើយ​រុស្ស៊ី​បាន​អះអាង​រដ្ឋាភិបាល​ស៊ី​រី​មិន​ដែលមាន​អាវុធ​គីមី​នៅ​សេសសល់​ដើម្បី​ប្រើប្រាស់​ទៀតឡើយ​។​

​គេ​ឃើញ​មានការ​កោះប្រជុំ​បន្ទាន់​មួយ​ដែរ​នៅ ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ជជែក​ពិភាក្សា​និង​រក​ដំណោះស្រាយ​ឆ្លើយតប​ការប្រើប្រាស់​អាវុធ​គីមី​នេះ​។ ប៉ុន្តែ​កិច្ចប្រជុំ​បញ្ចប់​ទៅដោយ​គ្មាន​ការបោះឆ្នោត​អនុម័ត​ដំណោះស្រាយ​ឡើយ​ព្រោះ​រុស្ស៊ី​និង​ចិន​មិន​ពេញចិត្ត​ឡើយ​ដោយសារ​ដំណោះស្រាយ​មាន​លក្ខណៈ​លម្អៀង​និង​បន្ទាន់​បង្ខំ​ទៀត​។​

​រុស្ស៊ី​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ជជែក​រឿង​អាមេរិក​បាញ់​មី​ស៊ី​ល

​ទ្រាំ​មិនបាន​ក្រោយ​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​ផ្គើន​ខ្លួន រុស្ស៊ី​ក៏បាន​កោះប្រជុំ​បន្ទាន់​នៅ​ក្រុមប្រឹក្សាសន្តិសុខ​ផងដែរ​។ ប្រធាន​គណៈកម្មការ​ការពា​រ​ជាតិ​និង​សន្តិសុខ​នៃ​ក្រុមប្រឹក្សា​សហព័ន្ធរុស្ស៊ី​លោក Victor Ozenro បាន​ថ្លែងប្រាប់​សារព័ត៌មាន Sputnik របស់​រុស្ស៊ី​ថា អ្វីដែល​រុស្ស៊ី​ធ្វើ​មុនគេ​គឺ​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​។​

«​រុស្ស៊ី​នឹង​ទាមទារ​ឲ្យ​មានការ​ប្រជុំ​បន្ទាន់​មួយ​នៅ​ក្រុមប្រឹក្សាសន្តិសុខ​។ ការវាយប្រហារ​នេះ​ជាការ​ឈ្លានពាន​របស់​អា​មេ​រិ​ក​ប្រឆាំង​រដ្ឋ​សមាជិក​អង្គការ​សហ​ប្រជា​តិ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​រុស្ស៊ី​។​

​ក្រៅពី​កោះប្រជុំ ទីភ្នាក់ងារ​ព័ត៌មាន AFP ចុះផ្សាយ​ផងដែរ​ថា រុស្ស៊ី​ចាប់ផ្តើម​ព្យួរ​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ជាមួយ​កង​ទ័ព​អាមេរិក​ដែល​មធ្យោបាយ​ទាក់ទង​គ្នា​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​តាម​ផ្លូវកា​អាកាស​ផងដែរ​។ សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​រុស្ស៊ី​បាន​បញ្ជាក់ថា​៖«​កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការប៉ះទង្គិច​គ្នា​និង​ធានា​សុវត្ថិភាព​តាមផ្លូវ​អាកាស​ពេល​ប្រតិបត្តិការ​យោធា​នៅ​ស៊ី​រី​ដែល​អាមេរិក​និង​រុស្ស៊ី​សម្រេចបាន​ត្រូវ​ព្យួរ​»​។ គ្មាន​ការបកស្រាយ​ច្រើន​ឡើយ​ពាក់ព័ន្ធ​ការព្យួរ​កិច្ចព្រមព្រៀង​នេះ តែ​គេ​ដឹងថា រុស្ស៊ី​ធ្វើបែបនេះ​ដើម្បី​ឆ្លើយតប​សកម្មភាព​របស់​អាមេរិក​នេះ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
 ​អង្គការ​សហ​ប្រជា​តិ​
 ​ដូ​ណា​ល់ ត្រាំ​
  បា​សា អាល់​អាសាដ
© រក្សាសិទ្ធិដោយ thmeythmey.com