អន្តរជាតិ
Brexit៖ នាយករដ្ឋមន្ត្រី May ជួប​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប និយាយ​គ្នា​រឿង​លែងលះ​
07, Apr 2017 , 8:39 pm        
រូបភាព
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May ទទួលប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk នៅការិយាល័យ 10 Donwing Street (រូបភាពហ្វេសប៊ុក 10 Downing Street)
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Theresa May ទទួលប្រធានក្រុមប្រឹក្សាអឺរ៉ុប Donald Tusk នៅការិយាល័យ 10 Donwing Street (រូបភាពហ្វេសប៊ុក 10 Downing Street)
​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk បាន​ទៅ​ជួប​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May ដល់ 10 Downing Street ដើម្បី​ពិភាក្សា​រឿង​ការចរចា​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ នេះ​ជា​ជំនួប​ទល់មុខ​លើកដំបូង​រវាង​មេដឹកនាំ​អង់គ្លេស និង​សហភាព​អឺរ៉ុប ចាប់តាំងពី​នាយករដ្ឋមន្ត្រី May បាន​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon កាលពី​ថ្ងៃទី​២៩ មីនា​។ ជំនួប​នេះ ផ្ដោត​សំខាន់​លើ​រយៈពេល​នៃ​ការចរចា​លែងលះ ព្រោះ​មាត្រា​៥០ នេះ ទុកពេល​ឲ្យ​តែ​២​ឆ្នាំ​ប៉ុណ្ណោះ មុន​អង់គ្លេស​ចាកចេញ​ផ្លូវការ​។​


​នាយករដ្ឋមន្ត្រី Theresa May បាន​គោះ​កណ្ដឹង​ប្រាប់​សហភាព​អឺរ៉ុប​រួចហើយ ពី​រឿង​ចាកចេញ​របស់ ចក្រភព​អង់គ្លេស​។ ភ្លាមៗ​នោះ សហភាព​អឺរ៉ុប ក៏​ចាប់ផ្ដើម​បង្កើត​លក្ខខណ្ឌ​ជាច្រើន​ត្រៀម​យកទៅ​ចរចា​ជាមួយ​អង់គ្លេស បន្ទាប់ពី​សមាជិក​សហ​ភាព​២៧​ផ្សេងទៀត យល់ព្រម​លើ​លក្ខខណ្ឌ​ទាំងនេះ​ក្នុង​កិច្ចប្រជុំ​ខែ​នេះ​។ ចំណែក​អង់គ្លេស ក៏បាន​ប្រកាស​ជំហរ​ចរចា និង​អ្វីដែល​ខ្លួន​ចង់បាន​រួចរាល់​ដែរ ប៉ុន្តែ​មាន​ចំណុច​ផ្ទុយគ្នា​ពី​ជំហរ​របស់​អឺរ៉ុប ដែល​អាច​បណ្ដាល​ឲ្យ​ការចរចា​ជួប​បញ្ហា​មិន​ខាន​។​

​នៅ​ថ្ងៃទី​៦ ខែមេសា នាយករដ្ឋមន្ត្រី May បានទទួល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk នៅ​ការិយាល័យ​លោកស្រី ដើម្បី​ជជែក​គ្នា​លើ​ការចរចា​លែងលះ​។ អង់គ្លេស និង​សហភាព​អឺរ៉ុប មាន​ពេល​២​ឆ្នាំ​ក្នុង​ការចរចា​លក្ខខណ្ឌ​ចែកផ្លូវ​គ្នា ហើយ​អង់គ្លេស​ចង់​ឲ្យ​ការចរចា​ចែកផ្លូវ​នេះ ធ្វើឡើង​ស្របគ្នា​នឹង​ការចរចា​ស្ដីពី​ទំនាក់ទំនង​ទ្វេភាគី​តែម្ដង​។ អង់គ្លេស ចង់​ចរចា​រឿង​ពាណិជ្ជកម្ម​ឲ្យ​ហើយ ដើម្បី​ចៀសវាង​ការចំណាយ​ច្រើន​ពេល​ក្រោយ​។​

​ប៉ុន្តែ​ការចង់បាន​របស់​អង់គ្លេស ត្រូវ​សហភាព​អឺរ៉ុប​បដិសេធ ដ្បិត​រដ្ឋ​សមាជិក​អឺរ៉ុប​ចង់​ឲ្យ​ការចរចា​លែងលះ​ចប់​សិន មុននឹង​និយាយ​រឿង​ផ្សេងទៀត​។ ក្នុង​សេចក្ដីព្រាង​លក្ខខណ្ឌ​ចរចា​ដែល​ផ្ដួចផ្ដើម​ដោយ​លោក Tusk អឺរ៉ុប​អាច​និយាយ​រឿង​ទំនាក់ទំនង​អនាគត​ជាមួយ​អង់គ្លេស លុះត្រាតែ​អង់គ្លេស​ចាកចេញ​សិន​។ បើ​រាប់​ពី​ខែមីនា ឆ្នាំ​២០១៧ អង់គ្លេស​នឹង​ចាកចេញ​នៅ​ខែ​ដដែល​នេះ ឆ្នាំ​២០១៩ ។ ដូចនេះហើយ​បានជា​នាយករដ្ឋមន្ត្រី May ចង់​ចរចា​ទាំង​២​ផ្លូវ​។​

​ក្នុងជំនួប​ទល់មុខ​លើកដំបូង​នេះ នាយករដ្ឋមន្ត្រី May និង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ពេលវេលា​នៃ​ការចរចា ជាជាង​បញ្ហា​ដទៃទៀត​។ ពេលវេលា​ចរចា ជា​រឿង​សំខាន់ មុននឹង​ចាប់ផ្ដើម​ការចរចា​ផ្លូវការ ព្រោះ​រយៈពេល​២​ឆ្នាំ​ដែល​កំណត់ដោយ​មាត្រា​៥០ សន្ធិសញ្ញា Lisbon ជា​រយៈពេល​ខ្លី ហើយ​បញ្ហា​ត្រូវ​ចរចា​មាន​ច្រើន​រាប់ទាំង​ទំនាក់ទំនង​ពាណិជ្ជកម្ម​, សិទ្ធិ​ប្រជាជន​អឺរ៉ុប​រស់នៅ​អង់គ្លេស និង​បញ្ហា​ច្បាប់​ជាដើម​។

​សភា​អឺរ៉ុប ឯកភាព​លើ​ផែនការ​ចរចា​ជាមួយ​ចក្រភព​អង់គ្លេស​
​នៅ​ជំនួប​រវាង​លោកស្រី May និង​លោក Tusk មួយថ្ងៃ សមាជិកសភា​សហភាព​អឺរ៉ុប បាន​លើ​បោះឆ្នោត​យល់ព្រម​ដោយ​សំឡេង​ភាគច្រើន​លើ​ផែនការ​ត្រៀម​ចរចា​ជាមួយ​ចក្រភព​អង់គ្លេស ដែល​លើកឡើង​ដោយ​ប្រធាន​អ្នកចរចា​អឺរ៉ុប Guy Verhofstadt ។ ផែនការ​នេះ គឺជា​គោលការណ៍​របស់​សមាជិក​អឺរ៉ុប​២៧​ប្រទេស ក្នុង​ការចរចា​លែងលះ​។

​ផែនការ​នេះ អាច​ចាត់ទុកជា​បន្ទាត់​ក្រហម ឬ​លក្ខខណ្ឌ​ដែល​អឺរ៉ុប​ចង់បាន​ពី​អង់គ្លេស​។ សភា​អឺរ៉ុប ចង់​ឲ្យ​អង់គ្លេស​បង់ប្រាក់​ចំនួន​៦៤​ពាន់​លាន​ដុល្លារ ដែល​ខ្លួន​ត្រូវ​បង់​មុនពេល​ចាកចេញ ព្រោះ​អំឡុងពេល​ចរចា​នេះ អង់គ្លេស​នៅតែ​ជា​សមាជិក​អឺរ៉ុប​ដដែល​។ សភា​អឺរ៉ុប ក៏​យល់ព្រម​ឲ្យ​មាន​ការចរចា​ជា​ដំណាក់កាល ដោយ​មិនត្រូវ​ចរចា​លើ​បញ្ហា​ផ្សេងគ្នា​ក្នុងពេល​តែមួយ​ឡើយ បើទោះជា​ការចរចា​មាន​ត្រឹម​២​ឆ្នាំ​ក៏ដោយចុះ​។​

​ជាងនេះទៅទៀត សភា​អឺរ៉ុប ក៏​ព្រមាន​ដែរ​ថា ការចរចា​លែងលះ​នេះ នឹងមិន​មានការ​ដោះដូ​រ​ផលប្រយោជន៍​សន្តិសុខ ជាមួយនឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ឡើយ​។ សហភាព​អឺរ៉ុប ដែល​ប្រឈមមុខ​បញ្ហា​រួបរួមគ្នា​ដោយ​សរ​ការចាកចេញរ​បស់​អង់គ្លេស ហាក់​មាន​ជំហរ​តឹងរ៉ឹង​រឿង​ចរចា​នេះ និង​បានដាក់​លក្ខខណ្ឌ​ច្រើន​ទៀតផង​។ ខណៈ​ការចរចា​មិនទាន់​ចាប់ផ្ដើម​ផ្លូវការ​ផង​នោះ ភាគី​ទាំង​២ មាន​ជំហរ​មិនត្រូវ​គ្នា​លើ​បញ្ហា​ជាច្រើន​ស្រេច​ទៅហើយ​៕


Tag:
 Brexit
  Theresa May
  Donald Tusk
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com