អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ប្រើ​វិធីសាស្ត្រ​ព្រួញ​មួយ​បាញ់​សត្វ​ពីរ «​ដោយ​សំពង​ស៊ី​រី​គំរាម​កូរ៉េខាងជើង​»?
07, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀតឱកាស​ប្រាប់​សម​ភាគី​ចិន​លោក​ស៊ី ជិន​ពីង ដោយផ្ទាល់​ពី​ការប្រើប្រាស់​កម្លាំង​ទ័ព​ប្រឆាំង​ស៊ី​រី ពេល​អ្នក​ទាំងពីរ​ទទួល​ទាន​អាហារ​ល្ងាច​ជាមួយ​ជុំគ្នា​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី ៧ មេសា នៅ​រមណីយដ្ឋាន Mar-a-Lago​។ អ្នកជំនាញ​មើលឃើញថា ប្រធានាធិបតី​អាមេរិក​បញ្ជា​ទ័ព​ឲ្យ​វាយ​ស៊ី​រី​នៅពេលនេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គំរាម​ស៊ី​រី​ផង និង​ផ្ញើ​សារ​ឲ្យ​ក្រុង​ប៉េកាំង​ដែល​ជួយ​ការពារ​ក្រុង​ព្យុងយ៉ាង​ផង​ថា អាមេរិក​ក្រោម​ការដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ មិន​រារែក​នឹង​ប្រើ​កម្លាំង​ឡើយ​ឲ្យ​តែ​ចាំបាច់​។ ហើយ​វារឹតតែ​មាន​ទម្ងន់​ទៀត​ត​ព្រោះ​លោក ត្រាំ បាន​គំរាម​ប្រើ​វិធានការ​ឯកតោភាគី​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ដោយ​គ្មាន​ចិន​រួចហើយ​។​


​ពេល​យន្តហោះ​ទៅដល់​ក្រុង Palm Beach នា​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ចិន ស៊ី ជិន​ពីង ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​ក្រុមគាំទ្រ​ផង និង​ក្រុមបាតុករ​ប្រឆាំង​លោក​មាន​ប្រជាជន​ចិន​ផង​, ទី​បេ​ផង​និង​វៀតណាម​ផងដែរ​។ បាតុករ​ទិតៀន​របប​ដឹកនាំ​ចិន​ដែល​រំលោភបំពាន​សិទ្ធិមនុស្ស ហើយ​បាតុករ​បីនាក់​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​ពួកគេ​រត់​សំដៅ​ក្បួន​រថយន្ត​របស់​ប្រធានាធិបតី​ចិន​។​

​ទោះជា​យ៉ាងណាក៏ដោយ ជំនួប​លើកដំបូង​នេះ​ហាក់​មាន​ភាពល្អប្រសើរ ដោយ​មេដឹកនាំ​ទាំងពីរ​នាក់​បង្ហាញ​ភាពស្និទ្ធស្នាល​ដាក់គ្នា​។ ស្ត្រី​ទីមួយ​អាមេរិក​លោកស្រី Melania Trump និង​ស្ត្រី​ទីមួយ​ចិន​លោកស្រី Peng Liyuan សុទ្ធ​តែមាន​វត្ត​មាននៅ​ក្នុងជំនួប​ប្រវត្តិសាស្ត្រ​នេះដែរ​។ មេដឹកនាំ​ទាំងពីរ​បាន​បរិភោគ​អាហារ​ពេល​ល្ងាច​ជុំគ្នា ដោយ​លោក ត្រាំ បាន​និយាយ​ពេញៗ​មាត់​ថា មិត្តភាព​រវាង​លោក និង​លោក ស៊ី វិ​វត្ត​ទៅរក​ភាពប្រសើរឡើង ទោះជា​កន្លងមក​លោក​រិះ​គន់​ចិន​មិន​សំចៃមាត់​ក៏ដោយ​។

​អ្វីដែល​គួរ​ឲ្យ​សាទរ​នោះ គឺ​ប្រធានាធិបតី​ចិន អញ្ជើញលោក ត្រាំ ទៅ​ទស្សនកិច្ច​នៅ​ចិន ដោយ​លោក ត្រាំ ទទួលយក​ការអញ្ជើញ​នេះ​ដោយ​រីករាយ​។ ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការ​ទស្សនកិច្ច​នេះ​មិនទាន់មាន​ការកំណត់​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​ក្នុងជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក និង​ចិន​នេះ​ជា​ក្តី​រំពឹង​មួយ​សម្រាប់​ពិភពលោក​ព្រោះ​ត្រាំ និង​ស៊ី អាច​នឹង​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម និង​សហការគ្នា​ដោះស្រាយ​បញ្ហា​ពិភពលោក​ផងដែរ​។ ថ្វីបើ​ប្រធានបទ​សំខាន់​មាន​ច្រើន​ក្នុងជំនួប​ពីរ​ថ្ងៃ​រវាង​លោក ដូ​ណា​ល់ ត្រាំ និង​លោក ស៊ី ជិន​ពីង មាន​ច្រើន​ក៏ដោយ ការប្រើប្រាស់​កម្លាំងយោធា​ព្រមាន​របប​ដឹកនាំ​ស៊ី​រី​ដោយ​បាញ់​មី​ស៊ី​ល​ផ្លោង​នោះ​គ្របដណ្តប់​កិច្ចពិភាក្សា ទាំងមូល​។​

១.​មី​ស៊ី​លបាញ់​ផ្លោងចូល​ស៊ី​រី ចំពេល ស៊ី ជិន​ពីង និង​ដូ​ណា​ល់ ត្រាំ បរិភោគ​អាហារ​ល្ងាច​ជុំគ្នា​

​តាមពិតទៅ លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​គេ​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ដី​ស៊ី​រី​នោះ​មុន​ពេលដែល​លោក​បរិភោគ​អាហារ​ល្ងាច​ជាមួយ​ប្រធានាធិបតី ស៊ី ជិន​ពីង ហើយ​កងទ័ព​អាមេរិក​បាញ់​មី​ស៊ី​ល​នោះ​ចំពេល​ដែល​មេដឹកនាំ​ទាំងពីរ​កំពុង​បរិភោគ​អាហា​ល្ងាច​ជុំគ្នា​ផង​។​

​ឆ្លៀត​ក្នុងការ​ឱកាស​នោះ លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ដំណឹង​ពាក់ព័ន្ធ​ការបាញ់​មី​ស៊ី​ល​ដោយផ្ទាល់​ទៅកាន់​លោក ស៊ី ជីន​ពីង​ក្នុងពេល​ហូប​អាហារ​ល្ងាច​នោះ​តែម្តង​។ មន្ត្រី​ក្រុង​វ៉ាស៊ីនតោន​បាន​អះអាងថា អាមេរិក​បានផ្តល់​ដំណឹង​ទៅ​ឲ្យ​ដៃគូ​ច្រើន​ដែរ រួមទាំង​រុស្ស៊ី​ផងដែរ​ដើម្បី​កុំ​ឲ្យ​មានការ​ភ្ងា​ក់​ផ្អើល​។

​មេដឹកនាំ​ចិន​ប្រហែលជា​ទើសទាល់​ខ្លះ​ដែរ ព្រោះ​ចិន​និង​រុស្ស៊ី​តែ​ប្រើ​សិទ្ធិ​វេតូ​ជំទាស់​ដំណោះស្រាយ​ណា​ដែល​ថ្កោលទោស​របប​ដឹកនាំ​ស៊ី​រី​។ ប៉ុន្តែ​ដោយហេតុ​ផល​ចង់​បង្កើត​ទំនាក់​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​ផង ក្រុង​ប៉េកាំង​មិន​បញ្ចេញ​ប្រតិកម្ម​ឡើយ​ពាក់ព័ន្ធ​ការប្រើ​កម្លាំង​ទ័ព​របស់លោក ដូ​ណា​ល់ ត្រាំ នៅ​ស៊ី​រី ខណៈដែល​លោក ពូ​ទីន ថ្កោលទោស​អា​មេ​រិម​និង​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ថែមទៀត​។​
 
​ក្រសួងការបរទេស​ចិន​មិនបាន​ថ្កោលទោស​ឬ​រិះគន់​សកម្មភាព​ក្រុង​វ៉ាស៊ីនតោន​ដូច​សព្វដង​ឡើយ ទោះជា​អាមេរិក​បំពាន​អធិបតេយ្យ​និង​ប្រើប្រាស់​យោធា​ទាំង​កំរោល​នៅ​ស៊ី​រី​ក៏ដោយ​។ ផ្ទុយទៅវិញ មហា​យក្ស​ចិន​គ្រាន់តែ​ថ្កោលទោស​ការប្រើប្រាស់​អាវុធ​គីមី នៅ​ស៊ី​រី​ប៉ុណ្ណោះ​។​

២.​ព្រួញ​មួយ​បាញ់​សត្វ​ពីរ​៖ វាយ​ស៊ី​រី​គំរាម​កូរ៉េខាងជើង​

​ដោយឡែក ថ្ងៃ​សុក្រ​ទី ៧​ខែមេសា​នេះ មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​គ្នា​ពាក់ព័ន្ធ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដែលជា​ប្រធានបទ​ស្នូល​។ តាម​ស្ថានភាព​បច្ចុប្បន្ន លោក ដូ​ណា​ល់ ត្រាំ ទំនងជា​នឹង​ស្នើ​ឲ្យ​ប្រមុខរដ្ឋ​ចិន​ដែលមាន​ទឹកមាត់ប្រៃ​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​នោះ ជួយ​រិះរក​វិធានការ​សមស្រប ឬ​អាច​កំណត់​វិធានការ​ណាមួយ​ដែល​បង្កើតឡើង​ក្រោម​ការសហការ​រវាង​អាមេរិក​និង​ចិន​ផង​ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង​។ 

 នៅចាំ​ច្បាស់​ថា កាលពី​សប្តាហ៍​មុន រដ្ឋបាល ដូ​ណា​ល់ ត្រាំ បានប្រកាស​ហើយ​ថា បើ​ចិន​មិន​ជួយ​ដោះស្រាយ អាមេរិក​នឹងធ្វើ​សកម្មភាព​ម្នាក់ឯង​។ ធ្វើ​សកម្មភាព​ម្នាក់ឯង​នេះ អាចជា​ការដាក់ទណ្ឌកម្ម ហើយ​បើ​ធ្ងន់ធ្ងរ​ជាង​នេះ​គឺ​ប្រើប្រាស់​ទ័ព​បង្ក្រាប​ក្រុង​ព្យុងយ៉ាង​តែម្តង​។ គេ​មើលឃើញ​ដូច្នេះ​ដោយសារតែ​ក្រុង​វ៉ាស៊ីនតោន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា រាល់​មធ្យោបាយ​ទាំងអស់​ស្ថិតនៅក្នុង​ជម្រើស​របស់ខ្លួន​ទាំងអស់​រួមទាំង​ការប្រើប្រាស់​កងទ័ព​ផង​។ កន្លងមក​គេ​នៅ​ចោទ​សួរថា តើ​អាមេរិក​ចិត្តសឿង​កម្រិតណា​ក្នុងការ​ប្រើប្រាស់​កងទ័ព​ប្រឆាំង​ក្រុង​ព្យុង​យ៉ាងនោះ​។

​ដូច្នេះ ជាមួយ​ការបាញ់​មី​ស៊ី​ល​ផ្លោងចូល​ស៊ី​រី គេ​អាច​មើលឃើញថា ត្រាំ ទះកំភ្លៀង​ក្រុង​ម៉ូស្គូ​ផង កំញើញ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​ផង និង​ក្រើនរម្លឹក​ក្រុង​ប៉េកាំង​និង​ព្យុងយ៉ាង​ផងដែរ​។​

​ជារួម ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​គោលបំណង​ផ្ញើ​សារ​មួយ​ទៅកាន់​ក្រុង​ប៉េកាំង​ផង និង​ក្រុង​ព្យុងយ៉ាង​ផង​ថា អាមេរិក​មិន​និយាយ​​បានតែ​មាត់​ឡើយ​។ វា​មានន័យថា បើ​ដូ​ណា​ល់ ត្រាំ គំរាម​ហើយ គឺ​មានន័យថា ដូ​ណា​ល់ ត្រាំ ប្រាកដជា​នឹងធ្វើ​។

​តិច​ឬ​ច្រើន វា​ជា​ជួង​ដាស់​មហា​យក្ស​ចិន​ឲ្យ​ពិចារណា​សារជាថ្មី​ពាក់ព័ន្ធ​ចំណាត់​ការដែល​ចិន​អាច​ដាក់ចេញ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង បើ​មិន​ចង់ឃើញ​អាមេរិក​ប្រើ​ធម៌​ក្តៅ​បង្ក្រាប​កូរ៉េខាងជើង​ជំនួស​ចិន​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ Zhang Baohui បាន​ថ្លែងប្រាប់​សារព័ត៌មាន CNN ថា ការវាយប្រហារ​លើ​វាល​យន្តហោះ​ស៊ី​រី ជាការ​ពង្រឹង​អំណាច​ចរចា​របស់​អាមេរិក​។ វា​មិនមែន​ពាក់ព័ន្ធ​ជំនួប​រវាង​លោក ត្រាំ និង​លោក ស៊ី ទេ ប៉ុន្តែ​វា​សារ​មួយ​សម្រាប់​ឲ្យ​ក្រុង​ប៉េកាំង​ពិចារណា​ចំពោះ​ការឈាន​ទៅប្រើ​ប្រាស់​យោធា​វាយប្រហារ​កូរ៉េខាងជើង​មុន​នៅពេល​ណាមួយ​។​

​យ៉ាងណាមិញ សារព័ត៌មាន​រដ្ឋ​ចិន Global Times បាន​ចុះផ្សាយ​បទ​វិចារណកថា​មួយ​ដោយ​រិះគន់​លោក ដូ​ណា​ល់ ត្រាំ និង​ហៅ​ការបាញ់​មី​ស៊ី​ល​របស់​អាមេរិក​ចូល​ដី​ស៊ី​រី​ថា​ជាការ «​បង្អួត​កម្លាំង​»​។

​បទ​វិចារណកថា​នោះបាន​បញ្ជាក់​ដូច្នេះ​ថា​៖ «​វា​ជាការ​សម្រេចចិត្ត​មួយ​ដ៏​ធំ​លើ​កិច្ចការ​អន្តរជាតិ ហើយ​វិធានការ​ដ៏​កាច​របស់លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​ខ្លាំង​។ លោក​ត្រាំ ចង់បង្ហាញ​ទៅ​មនុស្ស​គ្រប់គ្នា​ថា លោក​ហ៊ាន​ធ្វើ​អ្វីដែល​លោក អូ​បា​ម៉ា មិន​ហ៊ាន​ធ្វើ​។ គាត់​ចង់បង្ហាញ​ទៅ​ពិភពលោក​ផងដែរ​ថា លោក​មិនមែន​ប្រធានាធិបតី​ចេះតែធ្វើ​ជំនួញ​ទេ​។ ត្រាំ​នឹង​ប្រើប្រាស់​ទ័ព​ដោយ​គ្មាន​ស្ទាក់ស្ទើរ​ឡើយ​ឲ្យ​តែ​ចាំបាច់​»៕


Tag:
 ដូ​ណា​ល់ ត្រាំ​
 ​ស៊ី ជិន​ពីង​
  ស៊ី​រី​
  Mar-a-Lago
© រក្សាសិទ្ធិដោយ thmeythmey.com