អន្តរជាតិ
រុស្ស៊ី​ប​ញ្ចូ​ន​នាវាចម្បាំង​ទៅកាន់​កន្លែង​នាវាចម្បាំង​អាមេរិក​ផ្លោង​មី​ស៊ី​ល​ចូល​ទឹកដី​ស៊ី​រី​
08, Apr 2017 , 11:18 am        
រូបភាព
​រុស្ស៊ី​ពង្រាយ​នាវាចម្បាំង​ទំនើប​បន្ថែម​ទៅកាន់​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ដែល​ស្ថិតនៅ​កន្លែង​នាវាចម្បាំង​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​កម្ទេច​មូលដ្ឋានទ័ព​អាកាស​ស៊ី​រី​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នោះ​។ រុស្ស៊ី​ក៏បាន​ពង្រឹង​ការការពារ​ដែនអាកាស​ផងដែរ​ដើម្បី​ទប់ស្កាត់​និង​ការពារ​សុវត្ថិភាព​សព្វាវុធ​និង​កងទ័ព​ខ្លួន​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​នៅ​ស៊ី​រី​។​


​នាវាចម្បាំង​ដ៏​ទំនើប​របស់​រុស្ស៊ី Admiral Grigorovich បានធ្វើ​ដំណើរ​ចេញពី​កំពង់ផែ Sevatopol នៃ​ឧបទ្វីប Crimea និង​ធ្វើដំណើរ​ឆ្ពោះទៅកាន់​ទីតាំង​ដែល​នាវាចម្បាំង​អាមេរិក USS Porter និង USS Ross​។ នាវាចម្បាំង​អាមេរិក​ទាំងពីរ​គ្រឿង​នេះហើយ​ដែល​បាន​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ស្រោច​លើ​មូលដ្ឋានទ័ព​ស៊ី​រី​នៅ​ក្រុង Homs នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​តាម​បញ្ជា​របស់លោក ដូ​ណា​ល់ ត្រាំ​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS នាវាចម្បាំង​របស់​រុស្ស៊ី Admiral Grigorovich នេះ​បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ជាទី​កន្លែង​ដែល​នាវាចម្បាំង​អាមេរិក​ស្ថិតនៅ​។ ហើយ​នាវាចម្បាំង​គីឡូ​ធ្ងន់​នេះ មាន​បំពាក់​សព្វាវុធ​ច្រើន​និង​ទំនើបៗ​ក្នុងនោះ​មាន​មី​ស៊ី​ល Kalibr ដែលមាន​រយៈ​ចម្ងាយ​ឆ្ងាយ​ផងដែរ​។ នាវា​មាន​ទម្ងន់ ៤០០០​តោន​នេះ​ចូល​សំចត​នៅ​មូលដ្ឋាន​ទ័ពជើងទឹករ​បស់​រុស្ស៊ី​នៅ​ក្រុង Tartus​។

​អាជ្ញាធរ​តួ​ក​គី​បាន​ទទួលស្គាល់ថា នាវា​រុស្ស៊ី​នេះ​បាន​ធ្វើដំណើរ​ឆ្លងកាត់​តាម​ដែនទឹក​អន្តរជាតិ​ជិត​ប្រទេស​ខ្លួន​មែន​។ ហើយ​នាវាចម្បាំង Admiral Grigorovich ទើបតែ​ចូលរួម​ក្នុង​សមយុទ្ធ​ម​ជាមួយ​តួ​ក​គី​ផងដែរ​។​

​ការបញ្ជូន​នាវាចម្បាំង​ទំនើប​នេះ​ទៅកាន់​ស៊ី​រី​ជាការ​បង្ហាញ​សាច់ដុំ​យោធា​ឆ្លើយតប​នឹង​ការវាយប្រហារ​របស់​អា​មេ​រិ​កលើ​មូលដ្ឋានទ័ព​ស៊ី​រី​។ ក្រៅពី​បង្ហាញ​សាច់ដុំ កងទ័ព​រុស្ស៊ី​ក៏​ព្យួរ​កិច្ចព្រមព្រៀង​ដែល​សម្រួល​ការទាក់ទង​គ្នា​រវាង​កងទ័ពអាកាស​ប្រទេស​ទាំងពីរ​នៅ​ស៊ី​រី​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​គ្នា​ពេល​បំពេញ​ប្រតិបត្តិការ​ផងដែរ​។​

 ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ហៅ​សកម្មភាព​យោធា​ឯកតោភាគី​របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ថា​ជា​សកម្មភាព​ឈ្លានពាន​យ៉ាង​កំរោល​ប្រឆាំង​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​។ លោក​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​បន្ទាន់​ផង​ដើម្បី​ពិភាក្សា​ជជែក​ដេញដោល​គ្នា​រឿង​អាមេរិក​វាយប្រហារ​ស៊ី​រី​នេះ​។​

​ក្រៅពី​ប​ញ្ជូ​នាវាចម្បាំង​ទៅកាន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ក្រុង​ម៉ូស្គូ​បានប្រកាសថា អង្គភាព​ការពារ​ដែនអាកាស​ខ្លួន​ដែល​កំពុង​ឈរជើង​នៅ​ស៊ី​រី​ប្រុង​ជើងការ ២៤ ម៉ោង​ដើម្បី​ការពារ​សព្វាវុធ ភ័ស្តុភារ និង​កងទ័ព​រុស្ស៊ី​នៅ​ស៊ី​រី​។ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មួយក្រុម​ត្រូវបាន​ពង្រាយ​ទៅ​ការពារ​សុវត្ថិភាព​កងទ័ព​រុស្ស៊ី​និង​យន្តហោះ​ចម្បាំង​នៅ​មូលដ្ឋាន​ទ័ពអាកាស Hmeymim ហើយ​មួយក្រុម​ទៀត​នៅ​ឈរជើង​ការពារ​មូលដ្ឋាន​ផ្ទុក​ភ័ស្តុភារ​កងទ័ពជើងទឹក​រុស្ស៊ី​នៅ Tartus​។ ប្រព័ន្ធ​ការពារ​ដែនអាកាស​មាន S-400, S-300 និង​ប្រព័ន្ធ​ផ្សេង​ទៀតផង​នោះ​ត្រូវបាន​ពង្រាយ​ទៅកាន់​ប្រទេស​ស៊ី​រី​តាំងពី​ខែវិច្ឆិកា​ឆ្នាំ ២០១៥​ម្ល៉េះ ក្រោយពេល​កងទ័ពអាកាស​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ Su-24 របស់​រុស្ស៊ី​ដែល​ហោះហើរ​នៅ​ព្រំដែន​តួ​ក​គី​និង​ស៊ី​រី​។​


Tag:
 Admiral Grigorovich
  ដូ​ណា​ល់ ត្រាំ​
  ស៊ី​រី​
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com