អន្តរជាតិ
វិស័យ​ទេសចរណ៍​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​រីកចម្រើន និង​ធ្វើ​ឲ្យ​វណ្ណៈ​ថ្នាក់កណ្តាល​កើនឡើង​
08, Apr 2017 , 2:39 pm        
រូបភាព
ដោយ: VOA
​បាងកក ៖ ប៉ុន្តែ​ក្រុមអ្នកវិភាគ​បាន​និយាយថា ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស​នេះ ក៏បាន​ដាក់​សម្ពាធ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ និង​តំបន់​ទេសចរណ៍ ចំ​នៅពេលដែល​មានការ​អំពាវនាវ​ឲ្យ​បង្កើន​ការចំណាយ និង​ការគ្រប់គ្រង​លំហូរ​ទេសចរណ៍​ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន ដើម្បី​ធានាបាន​នូវ​និរន្ត​ភាព​យូរអង្វែង​។​


​លោក John Koldowski អ្នកវិភាគ​ឧស្សាហកម្ម​ទេសចរណ៍ និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Thammasat បាន​និយាយថា ទស្សនវិស័យ​ទេសចរណ៍​ទៅ​អនាគត​មាន​ភាពខ្លាំង​ក្លា​នៅលើ​ទីផ្សារ​ជាច្រើន​ក្នុង​តំបន់​។​

​លោក Koldowski ថ្លែងថា​៖ «​តំបន់​ធំៗ​ដែល​យើង​កំពុង​សម្លឹងមើល​នៅពេលនេះ គឺថា​ប្រទេស​ថៃ​កំពុង​រីកចម្រើន ហើយនឹង​បន្ត​រីកចម្រើន​ខ្លាំង​»​។​

​លោក​បាន​ប្រាប់ VOA ថា​៖ «​ប្រទេស​វៀតណាម​ក៏បាន​បង្ហាញ​ពី​ការរីកចម្រើន​ដ៏​រឹងមាំ​ក្នុង​វិស័យ​មួយចំនួន​ផងដែរ​។ ចំណែក​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា បើទោះបី​អត្រាកំណើន​មានការ​ធ្លាក់ចុះ​ក៏ពិតមែន ប៉ុន្តែ​នៅក្នុង​ប្រទេស​ទាំងនេះ គេ​ឃើញ​មានការ​វិនិយោគ​ផ្ទា​ល់ពី​បរទេស (FDI) ជាច្រើន មាន​សំណង់​ជាច្រើន ហើយ​មានការ​ចាប់អារម្មណ៍​ចង់​វិនិយោគ និង​សកម្មភាព​ផ្សេងៗ​ទៀត​ក្នុងប្រទេស​ទាំងនេះ​»​។​

​ក្រុមប្រឹក្សា​វិស័យ​ទេសចរណ៍​និង​ការធ្វើដំណើរ​ពិភពលោក (WTTC) បាន​ព្យាករ​ថា ការរួមចំណែក​ដោយផ្ទាល់​របស់​វិស័យ​ទេសចរណ៍​ទៅលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ នឹង​កើនឡើង ៥,៦ ភាគរយ​ក្នុង​រយៈពេល​១០​ឆ្នាំ គិត​ត្រឹម​ឆ្នាំ ២០២៥ គឺ​កើន​ដល់​តម្លៃ ៥២៨.៧ ពាន់​លាន​ដុល្លារ​។ ចំនួន​នេះ​គឺ​ស្មើនឹង ១២.៦ ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប (GDP)​។​

​វិស័យ​ទេសចរណ៍​ក្នុងចំណោម​ប្រទេស​ទាំង​១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន ក៏បានផ្តល់​ការងារ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ទៅ​មនុស្ស​ជាង ៣២ លាន​នាក់​ផងដែរ​។​

​ទស្សនវិស័យ​នៃ​ការធ្វើ​វិនិយោគ​សម្រាប់​វិស័យ​ទេសចរណ៍​ក៏មាន​សភាព​ខ្លាំងក្លា​ដែរ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អ្នកសេដ្ឋកិច្ច​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រុមហ៊ុន​វិនិយោគ CLSA ។​

​ក្រុមហ៊ុន​វិនិយោគ CLSA បាន​ចង្អុល​ទៅលើ​ឱកាស​វិនិយោគ​ដ៏​ធំ​លើ​ការធ្វើដំណើរ និង​ទេសចរណ៍​ដែល​ក្នុងនោះ​រួមការ​អភិវឌ្ឍ​ផ្នែក​សណ្ឋាគារ និង​រមណីយដ្ឋាន រួម​ជាមួយនិង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន សន្តិសុខ និង​ការការពារ​បរិស្ថាន​។​

​ក្រុមប្រឹក្សា​នេះ​បាន​និយាយថា ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍​និង​ការធ្វើដំណើរ នឹង​ក្លាយជា​គន្លឹះ​ក្នុងការ​ទប់ទល់​នឹង​តម្រូវការ​។​

​ប្រទេស​ហ្វីលីពីន​គ្រោង​នឹង​វិនិយោគ ២៣ ពាន់​លាន​ដុល្លារ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍ ក្នុង​រយៈពេល​ប្រាំ​មួយឆ្នាំ​ខាងមុខ បូក​រួមទាំង​ការវិនិយោគ​លើ​កាស៊ីណូ ដោយ​រដ្ឋាភិបាល​មាន​គោលបំណង​បង្កើន​ចំណូល​ពី​វិស័យ​ទេសចរណ៍​ឲ្យ​បាន​ទ្វេ​រដង ទៅក្នុង​សេដ្ឋកិច្ចជាតិ ដែល​បច្ចុប្បន្ននេះ​មាន​កម្រិត ១០ ភាគរយ​។​

​លោក Oliver Lamb បម្រើការ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​អាកាសចរណ៍​ប៉ាស៊ីហ្វិក ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី បាន​និយាយថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ បាន​ជំរុញ​ឲ្យ​មាន​កំណើន​ទេសចរណ៍​។ ចំនួន​ពលរដ្ឋ​វណ្ណ​:​កណ្តាល ត្រូវបាន​ព្យាករ​ថា​នឹង​កើនឡើង​ពី ១៩០ លាន​នាក់​ទៅ ៤០០ លាន​នាក់​នៅក្នុង​ទសវត្សរ៍​ខាងមុខនេះ​។​

​លោក Lamb បាន​ថ្លែងប្រាប់ VOA ថា​៖ «​កំណើន​នៃ​ពលរដ្ឋ​វណ្ណ​:​កណ្តាល ភាពខ្លាំង​នៃ​ពួក​ថ្នាក់កណ្តាល​នៅ​អាស៊ី ការលេចឡើង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ពួក​អ្នកមាន​ហើយ​ឆ្លើយតប​ចំៗ​លើ​តម្រូវការ​ពួក​អាស៊ី​ថ្នាក់កណ្តាល និង​តម្លៃ​ប្រេង​ថោក បានធ្វើ​ឲ្យ​អ្នក​កំពុង​ជួប​មហា​សក្ដានុពល​ដ៏​វិជ្ជមាន​សម្រាប់​ដំណើរ​កម្សាន្ត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

​ប៉ុន្តែ​លោក Lamb ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កំណើន​នេះ​នាំឱ្យមាន​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅក្នុង​វិស័យ​អាកាសចរណ៍ រួមមាន​ការបណ្តុះ​បណ្តា​បុគ្គលិក​ឲ្យ​បាន​គ្រប់គ្រាន់ ការ​ជួ​ឧបត្ថម និង​ហេដ្ឋារចនាសម្ព័ន្ធ​។​

​សមាគម​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក AAPA ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ បាន​ឲ្យ​ដឹងថា នៅក្នុង​ឆ្នាំ ២០១៦ ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ដឹក​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ២៩៣ លាន​នាក់​ដែល​ចំនួន​នេះ​កើនឡើង ៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំមុន​។​

​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (PATA) បានឱ្យដឹង​ទៀតថា ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ​ត្រូវបាន​គេ​ឃើញ​មាននៅ​ក្នុង​វិស័យ​អាកាសចរណ៍ ដែល​នៅ​បំណាច់​ឆ្នាំ ២០១៩ នឹងមាន​ការធ្វើដំណើរ​ប្រមាណ​ជិត ១១,០០០ ដង (​ការចេញដំណើរ និង​ការមកដល់​) នៃ​ប្រតិ​ប​ត្ដិ​ការ​នៅក្នុង​តំបន់​នេះ​។ តួលេខ​នេះ​បង្ហាញ​ពី​ការកើនឡើង​ចំនួន ២០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។​

​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក PATA បាន​និយាយថា ជា​រៀងរាល់ថ្ងៃ​មានការ​ការហោះហើរ​នៅក្នុង​តំបន់​ចំនួន​ប្រមាណ ២៨,៦០០ ដែល​តួលេខ​នេះ​កើនឡើង​ពី​ចំនួន ២២.០០០ ក្នុង​ឆ្នាំ ២០១២​។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​រាយការណ៍​ពី​ការកើនឡើង​ជើងហោះហើរ​ចំនួន ៤៧ ភាគរយ ហើយ​ចរាចរណ៍​ផ្លូវអាកាស​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​កើនឡើង ចំនួន​២៩ ភាគរយ ហើយ​ការរីកលូតលាស់​ដ៍​ឆាប់រហ័ស​នេះ​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​ប្រទេស​កម្ពុជា (​ដែលមាន​ចំនួន ៥២ ភាគរយ​) និង​វៀតណាម (​មាន​៧៥ ភាគរយ​) ។​

​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ការធ្វើដំណើរ​ពិភពលោក បានឱ្យដឹងថា ការពឹង​ផ្អែកលើ​វិស័យ​ទេសចរណ៍​បាន​កើនឡើង ជាពិសេស​ដោយសារតែ «​កំណើន​ដ៏​អស្ចារ្យ​» នៃ​ទីផ្សារ​ក្រៅប្រទេស​របស់​ចិន​។​

​ក្រុមប្រឹក្សា​នេះ​បាន​និយាយថា ប្រទេស​ចិន​បាន​ពង្រីក​គម្រោង «​គោលដៅ​ទេសចរណ៍​» របស់ខ្លួន ពី​១៤​ប្រទេស ទៅ ១១៣​ប្រទេស​នៅ​ឆ្នាំ​២០១២ ដែលនាំឱ្យ​ភ្ញៀវទេសចរ​ចិន​ធ្វើដំណើរ​ចេញទៅ​ទស្សនា​នៅក្រៅ​ប្រទេស​មានការ​កើនឡើង ៧០០ ភាគរយ គឺ​ពី​ចំនួន ១០ លាន​នាក់​នៅក្នុង​ឆ្នាំ ២០០០ ទៅ ៧៨ លាន​នាក់​នៅ​ឆ្នាំ ២០១៥​។​

​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន មាន​ចំនួន​ជាង​១​ភាគ​៤ នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​សរុប​ដែល​ចូលទៅក្នុង ប្រទេស​ព្រុយ​ណេ ម៉ាឡេស៊ី ថៃ និង​វៀតណាម បាន​កើនឡើង​ពី​៥ ទៅ​១០​ភាគរយ​នៅក្នុង​ឆ្នាំ ២០០០​។​

​ប៉ុន្តែ​ក្រុមអ្នកវិភាគ​និយាយថា ខណៈ​ប្រទេស​ភាគច្រើន​ស្វះស្វែង​ផ្សព្វផ្សាយ​ពី​ទីផ្សារ​ប្រទេស​ចិន តំបន់​ផ្សេងៗ​ទៀត ដូចជា​កោះ​តៃវ៉ាន់ កូរ៉េខាងត្បូង និង​ហុងកុង កំពុង​រក​វិធី​ផ្សេងទៀត ដើម្បី​ជៀសវៀង​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​ប្រទេស​ចិន​។​

​ក្រុមប្រឹក្សា​នេះ​បាន​និយាយថា ទ្វីបអាស៊ី រួមទាំង​សមាគម​អាស៊ាន​ផង នឹង​បង្កើន​ការចំណាយ​សរុប​ស្មើនឹង​ចំនួន​ស្ទើរតែ​៥០​ភាគរយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ​ពី​ចន្លោះ​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៦​។​

​ប្រទេស​វៀតណាម បាន​រាយការណ៍​ពី​ការចំណាយ​យ៉ាងច្រើន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍​។ ក្រុមប្រឹក្សា​នេះ​បាន​ថ្លែងថា​៖ «​ការ​ព្យាករ​លើ​ការវិនិយោគ​ដ៏​ធំ​របស់​វៀតណាម បង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍​របស់ខ្លួន​អាច​ទាញ​ប្រទេស​វៀតណាម​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្រទេស​ផ្សេងៗ​ដែលមាន​សេដ្ឋកិច្ច​ទាប​ដូចជា កម្ពុជា មី​យ៉ាន់​ម៉ា និង​ឡាវ​» ដែល​ប្រទេស​ទាំងអស់នេះ​ត្រូវបាន​រាយការណ៍​ថា​មានការ​វិនិយោគ​តិច​លើ​វិស័យ​នោះ​។​

​ក្រុមប្រឹក្សា​ក៏​នេះ​បាន​បន្ថែមថា ក្តីបារម្ភ​របស់​ប្រទេស​ថៃ គឺជា​ការចំណាយ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ឆ្លើ​ត​តប​ទៅនឹង​តម្រូវ​ការដែល​កំពុងតែ​កើនឡើង​នេះ​។ របាយការណ៍​នេះ​បានឱ្យដឹងថា​៖ «​ប្រទេស​ថៃ​គឺជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ាន ដែល​ការ​ផ្តោតលើ​អនាគត​ជា​រឿង​សំខាន់ ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​វិស័យ​ទេសចរណ៍ និង​ការធ្វើដំណើរ​»​។​

​យោងតាម​អ្នកវិភាគ លោក Koldowski​បាន​ឲ្យ​ដឹង​ដា ប្រទេស​ថៃ​ត្រូវគេ​រំពឹងថា នឹងមាន​ចំនួន​ភ្ញៀវទេសចរ​កើនឡើង​ពី ៣២​លាន​នាក់​ទៅ​៥០​លាន​នាក់​ក្នុង​ឆ្នាំ​២០២១​។​

​ប៉ុន្តែ លោក Koldowski បាន​ថ្លែងថា តំបន់​អាស៊ី​ត្រូវការ​ផ្តោតទៅលើ​ការគ្រប់គ្រង​នៃ​វិស័យ​ទេសចរណ៍ ជាជាង​ទាក់ទាញ​ចំនួន​ភ្ញៀវទេសចរ ឲ្យ​បាន​ច្រើន​បន្ថែមទៀត​នោះ​។​

​លោក​បាន​ថ្លែងថា​៖ «​យើង​កំពុងតែ​ចូលទៅក្នុង​ដំណាក់កាល​ថ្មី​មួយ​ហើយ​ដំណាក់​កាលនោះ​ប្រហែលជា​មិនសូវ​ផ្តោតលើ​ការទាក់ទាញ​ភ្ញៀវទេសចរ​ទេ ពីព្រោះ​ពួកគេ​កំពុងធ្វើដំណើរ​មក​ស្រាប់​ហើយ ប៉ុន្តែ​ក​ត្កា​ជំរុញ​គឺ​ការសាងសង់​វិស័យនេះ​។ អ្វីដែល​ត្រូវ​យកចិត្តទុកដាក់​ឥឡូវនេះ គឺ​ការទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចំ​គោលដៅ​» ។​

​លោក​បន្តថា​៖ «​ការកើនឡើង​នេះ នឹង​បង្ខំ​ឱ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ទេសចរណ៍ ធ្វើយ៉ាងណា​ឲ្យ​មានគំនិត​ច្នៃប្រឌិត​កាន់តែច្រើន ដើម្បី​យល់​ពី​អត្ថន័យ​នៃ​ការកើនឡើង​នេះ ហើយ​តើ​យើង​អាចធ្វើ​អ្វី​ដើម្បី​ធានាឱ្យមាន​និរន្តរភាព​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com