អន្តរជាតិ
រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​បើក​ទៅបុក​មជ្ឈមណ្ឌល​លក់ទំនិញ​មួយ​នៅ​ស៊ុយអែត
08, Apr 2017 , 4:19 pm        
រូបភាព
ដោយ: VOA
​យ៉ាងហោចណាស់​មនុស្ស​៣​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​ទីក្រុង​ស្តុក​ខុល ប្រទេស​ស៊ុយអែត នៅពេលដែល​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​បាន​បើក​ចូលទៅក្នុង​ហ្វូងមនុស្ស​និង​បាន​បើក​ទៅបុក​មជ្ឈមណ្ឌល​លក់ទំនិញ​មួយ​។​


​ប៉ូលិស​ទីក្រុង​ស្តុក​ខុល បាន​បញ្ជាក់ថា មាន​មនុស្ស​មួយចំនួន​ស្លាប់​និង​រងរបួស ប៉ុន្តែ​មិនបាន​រាយការណ៍​តួលេខ​ជាក់លាក់​នោះទេ​។ ប៉ូលិស​ក៏បាន​បន្ថែមថា ខ្លួន​មិនទាន់​បានធ្វើការ​ចាប់ខ្លួន​អ្នកណាម្នាក់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះនោះ​ទេ ថ្វីដ្បិតតែ​ពួកគេ​កំពុង​ចោទសួរ​មនុស្ស​២​នាក់​ក៏ដោយ​។​

​នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Stefan Lofven បាន​មានប្រសាសន៍ថា ហេតុការណ៍​នេះ​គឺជា​«​ការវាយប្រហារ​ភេរវកម្ម​»​យ៉ាង​ប្រាកដ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ «​រដ្ឋាភិបាល​កំពុងតែ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ក្នុង​អំណាច​របស់ខ្លួន ដើម្បី​ស្វែងរក​មូលហេតុ​នៃ​ហេតុការណ៍​ដែល​បាន​កើតឡើង​នេះ​»​។

​រូបថត​ដែល​បាន​ថត​នៅ​កន្លែងកើតហេតុ​បង្ហាញថា រថយន្ត​នោះ​គឺជា​របស់​ក្រុមហ៊ុនស្រា​បៀរ Spendrups​។ ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា រថយន្ត​របស់ខ្លួន​ត្រូវបាន​គេ​ប្លន់​កាលពី​ព្រឹក​ថ្ងៃកើតហេតុ​៕


© រក្សាសិទ្ធិដោយ thmeythmey.com