អន្តរជាតិ
អាសាដ​៖ «​អឺរ៉ុប​គួរ​ឈប់​គាំទ្រ​ភេរវជន​នៅ​ស៊ី​រី បើ​ចង់​ទប់ស្កាត់​ភេរវជន​ចូល​អុកឡុក​អឺរ៉ុប​»
08, Apr 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ក្រូ​អាត​ថា អឺរ៉ុប​គួរតែ​ឈប់​គាំទ្រ​ក្រុម​ភេរវជន​នៅ​ស៊ី​រី បើសិន​គេច​ង់​បញ្ឈប់​ចលនា​ភេរវកម្ម​ដែល​កំពុង​បន្ត​អុកឡុក​អឺរ៉ុប​បច្ចុប្បន្ននេះ​។ បទសម្ភាសន៍​កើតឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុនពេល​ដែល​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​ចូលក្នុង​ទឹកដី​ស៊ី​រី​និង​កម្ទេច​មូលដ្ឋាន​ទ័ពអាកាស​មូ​យ​នៅ​ក្រុង Homs នោះ​។​


​ប្រហែល​បី​ថ្ងៃមុន អាមេរិក​វាយប្រហារ​ស៊ី​រី ប្រធានាធិបតី​ស៊ី​រី លោក បា​សា អាល់ អាសាដ បានផ្តល់​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្រូ​អាត Vecernji List​។ ក្នុង​បទ​សម្ភាស​នេះ​លោក អាសាដ បាន​ផ្ញើ​សារ​ទៅកាន់​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​ចលនា​ភេរវកម្ម​ដែល​បន្ត​គំរាមកំហែង​អឺរ៉ុប​បច្ចុប្បន្ន​ផងដែរ​។​

​អាសាដ បានបញ្ជាក់​ច្បាស់​ថា បើសិន​អឺរ៉ុប​ចង់​បញ្ចប់​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​ភេរវជន ប្រទេស​អឺរ៉ុប​ទាំងនោះ​គួរតែបញ្ឈប់​រាល់​ការគាំទ្រ​ក្រុម​ភេរវជន​ដែល​កំពុង​បន្ត​ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល​ស៊ី​រី​។

​យោងតាម​បទសម្ភាសន៍​ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ស៊ី​រី បាន​សង្កត់ធ្ងន់ថា ប្រសិនបើ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ស៊ី​រី​និង​អឺរ៉ុប​ដើម្បី​ប្រឆាំង​ភេរវកម្ម ការវាយប្រហារ​ដែល​អុកឡុក​អឺរ៉ុប​ប្រហែលជា​អាច​ទប់ស្កាត់បាន​។ ប៉ុន្តែ​លោក​ជឿជាក់​ដែរ​ថា កិច្ចសហប្រតិបត្តិការ​អាចមាន​ប្រសិទ្ធភាព​នៅពេលដែល​អឺរ៉ុប​ឈប់​គាំទ្រ​ក្រុម​ជ្រុលនិយម​ជី​ហាត​នៅ​ស៊ី​រី​។​

«​ប្រសិនបើ​អឺរ៉ុប​ចង់​ការពារ​ខ្លួនឯង​នៅពេលនេះ គេ​គួរតែ​បញ្ចប់​រាល់​ការគាំទ្រ​ភេរវជន​នៅ​ស៊ី​រី​។ គិត​មើល​ថាបើ​សុន​ជា​យើង​ចង់​សហការ​ជាមួយ​ពួកគេ គ្មាន​លទ្ធផល​អ្វីដែល​យើង​អាច​ទទួល​បានឡើយ​នៅក្នុង​កាលៈទេសៈ​នេះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក អាសាដ​។​

​មេដឹកនាំ​ស៊ី​រី​រូបនេះ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ប្រទេស​អឺរ៉ុប​មួយចំនួន បាន​បន្ត​បង្កើត​ឧបសគ្គ​សម្រាប់​ការស្វែងរក​សន្តិភាព​ដោយ​ពួកគេ​បន្ត​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​នៅ​ស៊ី​រី ទាំង​ដោយ​ប្រយោល​និង​ដោយផ្ទាល់​ក្រោម​ទម្រង់​ជា​លុយ​, អាវុធ​និង​គាំទ្រ​លក្ខណៈ​នយោបាយ​ជាដើម​។  
​ក្នុង​បទសម្ភាសន៍​ដដែល​នោះ ពេល​អ្នកសារព័ត៌មាន​សួរ​យោបល់​លោក​ពាក់ព័ន្ធ​«​ការទាមទារ​របស់លោក​ខាងលិច​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​» អាសាដ បាន​ឆ្លើយតប​ថា ការទាមទារ​នេះ​គឺជា​ឆន្ទៈ​របស់លោក​ខាងលិច​ដែល​មិន​ទទួលយក​រដ្ឋ​ឯករាជ្យ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​ស៊ី​រី​។​

​លោក បន្តថា​៖  «​ប្រទេស​អឺរ៉ុប​ចង់បាន​រដ្ឋ​រណប​ដែល​អនុវត្តតាម​នយោបាយ​របស់​ពួកគេ​។ ពួកគេ​ចង់​ឲ្យ​យើង​លះបង់​អធិបតេយ្យ​របស់​យើង បោះបង់ចោល​សិទ្ធិ​របស់​យើង​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​នោះ​។ គេ​ចង់​ឲ្យ​យើង​ធ្វើ​កូនជឹង​គេ មិនមែន​ចង់​ឲ្យ​យើង​មាន​សន្តិភាព​ទេ​»​។



Tag:
 ​បា​សា អាល់​អាសាដ​
 ​អឺរ៉ុប​
  អាមេរិក​
 Homs
© រក្សាសិទ្ធិដោយ thmeythmey.com