អន្តរជាតិ
ក្រុម​ឧទ្ទាម​ស្វាគមន៍ ការបាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ស៊ី​រី តែ​សុំ​ឲ្យ​ត្រាំ​បន្ត​វិធានការ​ក្តៅ​ទៀត​
08, Apr 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ឧទ្ទាម​ស៊ី​រី​នាំគ្នា​ស្វាគមន៍​ចំណាត់ការ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​បញ្ជា​ឲ្យ​គេ​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​កម្ទេច​មូលដ្ឋានទ័ព​អាកាស​ស៊ី​រី​នៅ​ក្រុង Homs នៅ​ថ្ងៃ​ព្រហស្បតិ៍​។ ប៉ុន្តែ​ពួកគេ​មិនទាន់​ពេញចិត្ត​នៅឡើយ​ទេ ដោយ​គេ​អះអាងថា ការវាយប្រហារ​នោះ​មិន​ល្មម​អាច​ព្រមាន​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ ឲ្យ​ឈប់​វាយប្រហារ​លើទឹក​ដី​ក្រុម​ឧទ្ទាម​ទៀត​។​


​បទបញ្ជា​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ទាហាន​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ទឹកដី​ស៊ី​រី​ដើម្បី​កម្ទេច​មូលដ្ឋានទ័ព​នៅ​ក្រុង​Homs នា​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ក​ការ​ភ្ងា​ក់​ផ្អើល​ខ្លាំង​។ ប្រទេស​ខ្លះ​សាទរ ខណៈ​ប្រទេស​ខ្លាំង​ទៀត​នាំគ្នា​ថ្កោលទោស​ផង​។ ប្រទេស​ជា​សម្ព័ន្ធមិត្ត​អាមេរិក​បារាំង​, អង់គ្លេស​, អូស្ត្រាលី អាល្លឺម៉ង់​ជាដើម សុទ្ធតែ​នាំគ្នា​សាទរ​ចំណាត់ការ​របស់​អាមេរិក​ក្នុងការ​វាយ​សំពង​របប​ដឹកនាំ អាសាដ ផង​។ ប៉ុន្តែ​រុស្ស៊ី អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី​បាន​ថ្កោលទោស​ការវាយប្រហារ​រំលោភបំពាន​ទឹកដី​ស៊ី​រី​ទៅវិញ​។​

​ចំណែក​ក្រុម​ឧទ្ទាម​ដែល​ធ្លាប់​អស់សង្ឃឹម​ព្រោះតែ​ដូ​ណា​ល់ ត្រាំ សន្យា​ផ្តាច់ជំនួយ​នោះ​ក៏​ចេញមុខ​សាទរ​ចំពោះ​ចំណាត់ការ ដូ​ណា​ល់ ត្រាំ ដែរ​។ ក្រុម​នេះ​ចាប់​មាន​ទឹកមាត់​លេប​វិញ ហើយក៏​សង្ឃឹមថា ដូ​ណា​ល់ ត្រាំ នឹងមាន​វិធានការ​តឹងរ៉ឹង​ជា​នេះ​ដើម្បី​ទប់ទល់​ឬ​អាច​កម្ចាត់ បា​សា អាល់​អាសាដ​ផង​នៅពេល​ខាងមុខ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រុមប្រឆាំង​ស៊ី​រី​បានបង្ហាញ​ការ​សាទរ​ផង ហើយក៏​ស្នើ​ឲ្យ​អាមេរិក​បន្ត​ចាត់វិធានការ​ទៀត​ដែរ​។ ក្រុម​នេះ​បាន​អះអាងថា ការបាញ់​ផ្លោង​នេះ​មិន​គ្រាប់​គ្រាន់​ល្មម​ព្រមាន​របប​ដឹកនាំ​ស៊ី​រី​ឲ្យ​ឈប់​វាយប្រហារ​លើ​តំបន់​ពួកគេ​កាន់កាប់​ឡើយ​។​

«​មូលដ្ឋាន​ទ័ពអាកាស​មួយ​មិន​គ្រប់គ្រាន់​ឡើយ​។ វា​នៅមាន​ព្រលានយន្តហោះ ២៦​ទៀត​ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​វាយប្រហារ​លើ​ជន​ស៊ីវិល​។ ការពិត​គឹ​ថា ការប្រើប្រាស់​យោធា វា​នឹង​គ្មាន​ន័យ​អ្វី​ទាំងអស់​បើសិនជា​មានកំណត់​នោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​មន្ត្រី​ជាន់ខ្ពស់​របស់​ក្រុម​ឧទ្ទាម Mohammad Alloush​។​

​ចំណែក​ក្រុម​ទាហាន​សេរី​ស៊ី​រី ដែលមាន​រួម​បញ្ជូន​ក្រុម​ឧទ្ទាម​ច្រើន​ក្រុម​និង​បានទទួល​ជំនួយ​ពី​អាមេរិក​ផង​នោះបាន​ហៅ​ការបាញ់​ផ្លោង​របស់​ដែលជា​បទបញ្ជា​ដូ​ណា​ល់ ត្រាំ ថា ជា​ចំ​ណុ​ចាប់ផ្តើម​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ការឈានទៅរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់សង្គ្រាម​។​

​តាមពិតទៅ​ក្រុម​ឧទ្ទាម​បាន​បន្ត​រិះគន់​អាមេរិក​យូរ​មកហើយ​។ ពួកគេ​រិះគន់ថា អាមេរិក​បន្ត​បរាជ័យ​ក្នុង​ការជួយ​ទប់ស្កាត់​ការបន្ត​វាយប្រហារ​ប្រឆាំង​ក្រុម​ឧទ្ទាម​ពី​សំណាក់​រដ្ឋាភិបាល​ស៊ី​រី និង​សម្ព័ន្ធ​ស៊ី​រី​និង​អ៊ីរ៉ង់​ជាដើម​។ ពួកគេ​ទាមទារ​ឲ្យ​មានការ​បង្កើត​តំបន់​គ្មាន​ការហោះហើរ និង​ស្នើ​ឲ្យ​មានការ​ផ្តល់​អាវុធ​ប្រឆាំង​យន្តហោះ​ឲ្យ​ខ្លួន​ដើម្បី​ទប់ទល់​ជា​មូ​យ​កងកម្លាំង​រដ្ឋាភិបាល​ផងដែរ​។

​តាមពិតទៅ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​ចេញពី​នាវាចម្បាំង​នៅ​សមុទ្រ មេ​ឌី​ទែ​រ៉ា​ណេ​។ មី​ស៊ី​ល​នេះ​កម្ទេច​មូលដ្ឋានទ័ព​ស៊ី​រី​យ៉ាងដំណំ ហើយក៏​បានសម្លាប់​មនុ​ស្ស ៩​នាក់​ដែរ​។ ក្រោយ​ការវាយប្រហារ ដូ​ណា​ល់ ត្រាំ បានធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ជម្រាប​ពលរដ្ឋ​អាមេរិកកាំង​ឲ្យ​បានដឹង​ពីបទ​បញ្ជា​ប្រើ​ទ័ព​នៅ​ស៊ី​រី​ដើម្បី​ឆ្លើយតប​ការប្រើប្រាស់​អាវុធ​គីមី​នៅ​ខេត្ត Idlib ។ ហើយ​លោក​ក៏បាន​អំពាវនាវ​ឲ្យ​បណ្តា​ប្រទេស​ឯទៀត​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ចប់​ការបង្ហូរ​ឈាម​គ្នា​នៅ​ស៊ី​រី​ដែរ​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  Homs
  ស៊ី​រី​
  រុស្ស៊ី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com