អន្តរជាតិ
រុស្ស៊ី​ប្រកាសថា ប្រព័ន្ធ​ការពារ​អាកាស​ខ្លូន​ប្រុង​ជើងការ ២៤​ម៉ោង​នៅ​ស៊ី​រី​
08, Apr 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​បញ្ជាក់ថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មាន​ទាំង S-300, S-400 និង ប្រព័ន្ធ​ផ្សេងទៀត​នៅ​ឈរជើង ២៧ ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ការពារ​កងទ័ពអាកាស​រុស្ស៊ី​នៅ​មូលដ្ឋានទ័ព Hmeymim​។ រុស្ស៊ី​យល់ថា វា​ក៏​ជា​ពេលដែល​ត្រូវ​បង្កើន​សមត្ថភាព​ការពារ​ដែនអាកាស​រប​ស់​ស៊ី​រី​ដើម្បី​រក្សា​សន្តិសុខ​និង​សុវត្ថិភាព​។​


​ការវាយប្រហារ​របស់​អាមេរិក​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ក្រុង​Homs នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​បង្ក​ឲ្យ​រុស្ស៊ី​ខឹងសម្បារ​ខ្លាំង​។ រុស្ស៊ី​ហៅ​ការ​វាយ​បាញ់​ផ្លោង​មី​ស៊ី​ល​របស់​អាមេរិក​លើទឹក​ដី​ស៊ី​រី​មិន​ខុស​អ្វី​ពី​ការឈ្លានពាន​រំលោភ​អធិបតេយ្យ​រដ្ឋ​សមាជិក​អង្គការសហប្រជាជាតិ​ឡើយ​។​

​ក្រៅពីនេះ​រុស្ស៊ី​បាន​បង្កើន​សមត្ថភាព​ការពារ​អាកាស​នៅ​ស៊ី​រី​ផងដែរ​ដើម្បី​ត្រៀម​ទប់ស្កាត់​ក្រែង​មានការ​វាយប្រហារ​កើតឡើង​ជាថ្មីទៀត​។ ពាក់ព័ន្ធ​បញ្ហា​នេះ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ថ្លែង​បញ្ជាក់ថា អង្គភាព​ប្រព័ន្ធ​ការពារ​ដែនអាកាស​រុស្ស៊ី​ដែល​នៅ​ឈរជើង​នៅ​ស៊ី​រី​ប្រុង​ជើងការ​គ្រប់ពេលវេលា​ពោលគឺ ២៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ការពារ​មូលដ្ឋានទ័ព Hmeymim ។​

​សារព័ត៌មាន Sputnik បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី Ifor Konashenkov ថា​៖ «​ប្រព័ន្ធ​ការពារ​របស់​រុស្ស៊ី​នៅ​សាធារណរដ្ឋ​អារ៉ាប់​ស៊ី​រី គឺមាន​គោលដៅ​ការពារ​មូលដ្ឋានទ័ព​និង​រាល់​សម្ភារៈ​ទ័ព​។ ប្រព័ន្ធ S-400, ប្រព័ន្ធ S-300 និង ប្រព័ន្ធ Pantsir-S1 អាច​ការពារ​មូលដ្ឋាន​ទ័ព​រុស្ស៊ី​ពីលើ​អាកាស​បាន​យ៉ាង​ប្រសើរ​»​។​

​អ្នកនាំពាក្យ​ខាងលើ​បាន​បន្តថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​មួយក្រុម​ត្រូវបាន​ពង្រាយ​ទៅ​ការពារ​សុវត្ថិភាព​កងទ័ព​រុស្ស៊ី​និង​យន្តហោះ​ចម្បាំង​នៅ​មូលដ្ឋាន​ទ័ពអាកាស Hmeymim ហើយ​មួយក្រុម​ទៀត​នៅ​ឈរជើង​ការពារ​មូលដ្ឋាន​ផ្ទុក​ភ័ស្តុភារ​កងទ័ពជើងទឹក​រុស្ស៊ី​នៅ Tartus​។​

​តាមពិតទៅ​ប្រព័ន្ធ​ការពារ​អាកាស​នេះ​ត្រូវបាន​ដាក់​ឲ្យ​ប្រុង​ជើងការ​នៅក្រោយ​ពេលដែល​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​គេ​បាញ់​ផ្លោង​មី​ស៊ី​ល ៥៩​គ្រាប់​លើ​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​។ ការវាយប្រហារ​នេះ​ជាការ​ឆ្លើយតប​ការចោទប្រកាន់​រដ្ឋាភិបាល​លោក បា​សា អាល់​អាសាដ ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​នៅ​ខេត្ត Idlib​។ ក្រោយ​ការវាយប្រហារ​នេះ​រុស្ស៊ី​ក៏បាន​សម្រេច​ព្យួរ​កិច្ចព្រមព្រៀង​ទំនាក់ទំនង​ផ្លូវអាកាស​រវាង​កងទ័ព​ប្រទេស​ទាំងពីរ​ដែល​បញ្ចៀស​កា​រ​ប៉ះទង្គិច​គ្នា​ជាយ​ថ​ហេតុ​ពេល​បំពេញ​ប្រតិបត្តិការ​។​

​ត្រឡប់មកវិញ​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 រុស្ស៊ី​ត្រូវបាន​បញ្ជូន​ទៅកាន់​មូលដ្ឋានទ័ព​អាកស​ស៊ី​រី Hmeymim ក្រោយ​ពេលដែល​កងទ័ព​អាកាស​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ខ្លួន Su-24 មួយគ្រឿង​នៅ​ខែវិច្ឆិកា​ឆ្នាំ ២០១៥៕


Tag:
 ស៊ី​រី​
  រុស្ស៊ី​
  ​ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com