អន្តរជាតិ
ពិធីបុណ្យ​មួយ​នៅ​ចិន មិន​រលូន ដោយសារ​វត្តមាន​កង់​ជាង​១​ម៉ឺន​គ្រឿង​នៅ​ទីតាំង​ប្រារព្ធ​ពិធី​
09, Apr 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​អាជ្ញាធរ​កោះ Shenzhen ប្រទេស​ចិន បានរៀបចំ​ពិធីបុណ្យ​ប្រពៃណី Qing Ming Festival កាលពី​ថ្ងៃទី​៣ ខែមេសា កន្លងមក ប៉ុន្តែ​មិនបាន​ដំណើរការ​ទៅដោយ​រលូន​នោះឡើយ ពីព្រោះ​ទីតាំង​ជាច្រើន​ដែល​ត្រូវ​រៀបចំ​ពិធីបុណ្យ និង​ព្រឹត្តិការណ៍​នានា ក្លាយជា​កន្លែង​ដាក់​កង់​រហូតដល់​ទៅ​ជាង​១​ម៉ឺន​គ្រឿង​ឯណោះ​។​


​នៅ​ប្រទេស​ចិន ការប្រើប្រាស់​ទោចក្រយាន​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​ថែរក្សា​បរិស្ថាន  ប៉ុន្តែ​ករណី​ដដែល​នេះ បាន​បង្កបញ្ហា​ដល់​ការរៀបចំ​ពិធីបុណ្យ Qing Ming Festival នៅ​កោះ Shenzhen កាលពី​ថ្ងៃ​ចន្ទ ទី​៣ ខែមេសា កន្លងមក​។ មនុស្ស​ជាង​១​ម៉ឺន​នាក់ បាននាំគ្នា​ជិះ​កង់​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ដើម្បី​បង្ហាញ​ពី​ការលើកកម្ពស់ និង​ថែរក្សា​បរិស្ថាន ប៉ុន្តែ​ពិធីបុណ្យ​ទាំងមូល​មិនបាន​ប្រព្រឹត្ត​ទៅដោយ​រលូន​នោះឡើយ ដោយសារ​វត្តមាន​កង់​ពេញ​ពាស​នៅ​កន្លែង​ប្រារព្ធ​ពិធី​។​



​យោងតាម​ការផ្សាយ​រប​ស់កា​សែត​ចិន The Paper ពីរភាគបី​នៃ​កន្លែង​ប្រារព្ធ​ពិធី​ទាំងមូល​ត្រូវបាន​គ្របដណ្តប់​ដោយ​ទោចក្រយាន ដែល​ភាគច្រើនបំផុត អ្នកចូលរួម​បាន​ជួល​ជិះ​ក្នុងតម្លៃ​ពី ០.០៥ ទៅ​០.១០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ោង​។ វា​ជាត​ម្លៃ​ដ៏​គួរសម​មួយ​សម្រាប់​ព្រឹត្តិការណ៍​បុណ្យប្រពៃណី​។​

​អ្នកគ្រប់គ្រង​ឧទ្យាន Shenzhen Bay Park  ដែលជា​ទីតាំង​ប្រារព្ធ​កម្មវិធី បានប្រកាសថា ក្នុងចំណោម​អ្នកចូលរួម​ប្រមាណ​៣០​ម៉ឺន​នាក់ មាន​ជាង​១​ម៉ឺន​នាក់ បានធ្វើ​ដំណើរ​ដោយ​កង់ ហើយ​ពួកគេ​បាន​ចត​ចោល​យ៉ាង​ណែនណាន់​តាន់​តាម​នៅ​ទីតាំង​តាម​ទីតាំង​សំខាន់ៗ​នានា​។ ជាមួយគ្នានេះ ក៏មាន​ករណី​បាត់ និង​ភ្លេច​កង់​ផងដែរ​។​



​អាជ្ញាធរ​កោះ Shenzhen បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ដែល​ជួល​កង់​ទាំងអស់​នៅក្នុង​តំបន់ ទៅរក​មើល​កង់​របស់​ខ្លួន​ដើម្បី​ដឹក​យកទៅ​ទុក​បណ្តោះអាសន្ន មុន​ចរចា​ជាមួយ​អ្នក​ជួល​។ បន្ថែម​ពីលើ​នេះ កាលពី​ថ្ងៃ​អង្គារ អាជ្ញាធរ​បានសម្រេច​ហាមឃាត់​មិន​ឲ្យ​មាន​កង់​ចូលទៅក្នុង​ទីតាំង​ប្រារព្ធ​ពិធី​៕



Tag:
 កង់​
  Qing Ming Festival
© រក្សាសិទ្ធិដោយ thmeythmey.com