អន្តរជាតិ
អាមេរិក នឹង​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​ឧបទ្វីប​កូរ៉េ​
09, Apr 2017 , 3:59 pm        
រូបភាព
កងនាវាប្រយុទ្ធ Carl Vinson (រូបភាព Twitter @US Pacific Command)
កងនាវាប្រយុទ្ធ Carl Vinson (រូបភាព Twitter @US Pacific Command)
​អាមេរិក នឹង​បញ្ជូន​នាវា​មួយក្រុម ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson ទៅកាន់​ឧបទ្វីប​កូរ៉េ ខណៈ​ស្ថានការណ៍​នៅ​តំបន់​នោះ​កើន​កម្ដៅ​ខ្លាំង​ដោយសារ​សកម្មភាព​បំពាន​របស់​កូរ៉េខាងជើង​។ ការបញ្ជូន​នាវា​មួយក្រុម​នេះ ក៏​ជាការ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ជួយ​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​ខ្លួន​ពី​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង​ដែរ ហើយ​វា​ក៏​នឹង​ធ្វើឡើង​ក្រោយ​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​ប្រធានាធិបតី ស៊ី ជីន​ភីង ផងដែរ​។​


​ទីបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​ប៉ាស៊ីហ្វិក​ប្រកាសថា នាវា​ប្រយុទ្ធ​មួយក្រុម នឹងត្រូវ​បញ្ជូន​ទៅកាន់​តំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច ក្បែរ​ឧបទ្វីប​កូរ៉េ​។ គោលដៅ​នៃ​ការបញ្ជូន​នាវា​មួយក្រុម​នេះ គឺ​ដើម្បី​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក​នៅក្នុង​តំបន់​នោះ ខណៈ​ការគំរាមកំហែង​ពី​សំណាក់​មី​ស៊ី​ល​កូរ៉េខាងជើង កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​។ កូរ៉េខាងជើង បាន​សាកល្បង​មី​ស៊ី​ល​ញឹកញាប់​បំផុត​នៅ​រយៈពេល​ចុងក្រោយ ដែល​នេះ​តម្រូវ​ឲ្យ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចាត់​វិធានការណ៍​បន្ទា​ន់​។​

​កម្លាំង​ទ័ពជើងទឹក​ដែល​ត្រូវបញ្ជូន​ទៅនេះ គឺជា​ក្រុម​នាវា​ប្រយុទ្ធ Carl Vinson ដែល​រួមមាន​នាវា​ដឹក​យន្តហោះ​ដ៏​មាន​ឥទ្ធិពល Carl Vinson និង​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៀត​។ នាវា​មួយក្រុម​នេះ នឹង​ចាក​ចេញពី​សិង្ហ​បុរី រួច​ធ្វើដំណើរ​តម្រង់​ទៅកាន់​មហាសមុទ្រ​សមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ឧបទ្វីប​កូរ៉េ​ឡើយ​។ ដោយ​សំដៅ​ដល់​សកម្មភាព​ព្រហើនរ​បស់​កូរ៉េខាងជើង មន្ត្រី​អាមេរិក​ម្នាក់​ប្រាប់ Reuters ថា ការបង្កើន​វត្តមាន​យោធា​នៅ​ទីនោះ ជា​រឿង​ចាំបាច់​។​

​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ កំពុងស្ថិត​លើផ្លូវ​ធ្វើដំណើរ​ទៅរក​ការប្រឈមមុខគ្នា​កាន់តែខ្លាំង​។ គ្រាន់តែ​រយៈពេល​ប៉ុន្មាន​ខែ​នៅ​ដើមឆ្នាំ​២០១៧ កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ជាច្រើនលើក ដើម្បី​បំភ័យ​កូរ៉េខាងត្បូង និង​ជប៉ុន ខណៈ​អាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន​វិញ ក៏បាន​ធ្វើ​សមយុទ្ធ​កំញើញ​វិញ​ដែរ​។ ជាមួយគ្នានេះ ក្រុង​ព្យុងយ៉ាង ទំនងជា​សាកល្បង​មី​ស៊ី​ល​បន្ថែមទៀត​នៅក្នុង​ខែមេសា​នេះ ដើម្បី​អបអរ​ថ្ងៃកំណើត​ស្ថាបនិក​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង​។​

​ជាមួយ​ការ​គំរាម​ទាំងនេះ បណ្ដា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់លោក ត្រាំ ក៏បាន​លើកឡើង​ពី​វិធានការណ៍​មួយចំនួន​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​។ អាមេរិក អាច​បន្ត​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង និង​ស្នើ​ឲ្យ​ចិន​ជួយ​ដាក់​សម្ពាធ​កាន់​ខ្លាំង​លើ​រដ្ឋ​កុម្មុយនីស្ត​ក្រីក្រ​មួយ​នេះ​។ ចំណែក​ចំណាត់ការ​យោធា ក៏​មិន​ត្រូវបាន​បោះបង់​ដែរ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ ចង់​បន្ត​ទណ្ឌកម្មសេដ្ឋកិច្ច​សិន មុននឹង​អនុវត្ត​ចំណាត់ការ​យោធា ដែលជា​ជម្រើស​ចុងក្រោយ​។​

​អំឡុងពេល​សប្ដាហ៍​នេះ លោក ត្រាំ ក៏បាន​ជួប​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង នៅ Mar-a-Lago ហើយ​ប្រធានបទ​កូរ៉េខាងជើង ក៏ត្រូវ​លើកឡើង​ដែរ​។ ក្នុងជំនួប​ទល់មុខ​លើកទីមួយ ប្រធានាធិបតី​អាមេរិក ក៏​បន្ត​អំពាវនាវ​ឲ្យ​ចិន​បញ្ចេញ​សកម្មភាព​បន្ថែមទៀត​លើ​ករណី​កូរ៉េខាងជើង ព្រោះ​ចិន​មាន​ឥទ្ធិពល​ខ្លាំង​លើ​រដ្ឋ​ក្បាលរឹង​មួយ​នេះ​។ ច្បាស់​ណាស់​ថា បើ​ចិន​ជួយ​អស់ពី​លទ្ធភាព​មែន ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​នឹង​ធូរស្រាល​មិន​ខាន​៕ 


Tag:
 អាមេរិក​
  ឧបទ្វីប​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com