អន្តរជាតិ
កូរ៉េខាងជើង​ចាត់ទុក​ការបាញ់​មី​ស៊ី​ល​របស់​អាមេរិក​ដាក់​ស៊ី​រី ជា​ទង្វើ​មិនអាច​អត់ឱន​បាន​
09, Apr 2017 , 1:59 pm        
រូបភាព
​កូរ៉េខាងជើង បាន​រិះគន់​ខ្លាំងៗ​លើ​ការបាញ់​មី​ស៊ី​ល Tomahawk របស់​អាមេរិក​លើ​មូលដ្ឋាន​អាកាស​ស៊ី​រី​ដែលជា​ការឆ្លើយតប​ការវាយប្រហារ​សារធាតុ​គីមី​លើ​ប្រជាជន​ស្លូតត្រង់​។ កូរ៉េខាងជើង ចាត់ទុក​ការបាញ់​មី​ស៊ី​ល​នេះ ជា​រឿង​មិនអាច​លើកលែង​ឲ្យ​បានទេ​។ កូរ៉េខាងជើង​ក៏​ឆ្លៀត​យក​ការបាញ់​នេះ ដើម្បី​ការពារ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ទៀត និង​និយាយថា ដោយសារ​សកម្មភាព​អាមេរិក​នេះហើយ ទើប​ខ្លួន​សម្រេចចិត្ត​អភិវឌ្ឍ​នុយក្លេអ៊ែរ​រហូតមក​។​


​កូរ៉េខាងជើង នៅ​ថ្ងៃទី​៨ ខែមេសា បាន​ហៅ​ការបាញ់​មី​ស៊ី​ល​របស់​អាមេរិក​តម្រង់​គោលដៅ​មូលដ្ឋាន​អាកាស​លើទឹក​ដី​ស៊ី​រី ជា​សកម្មភាព​នៃ​ការឈ្លានពាន​ដែល​មិនអាច​អត់ឱន​ឲ្យ​បានទេ​។ កូរ៉េខាងជើង ក៏​កេងចំណេញ​ពី​រឿង​បាញ់​មី​ស៊ី​ល​នេះ និង​ចាត់ទុកជា​ភស្តុតាង​បង្ហាញថា ការសម្រេចចិត្ត​របស់​ខ្លួន​ក្នុងការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ជា​រឿង​ត្រឹមត្រូវ​ទៀតផង​។ នេះ​ជា​លើក​ទី​១ ដែល​កូរ៉េខាងជើង​និយាយ​លើ​បញ្ហា​ស៊ី​រី ចាប់តាំងពី​អាមេរិក​ផ្ដើម​យុទ្ធនាការ​ដែនអាកាស​វា​យ​ប្រហារ​ផ្ទាល់​លើ​កងកម្លាំង​ស៊ី​រី​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​ស្រង់​ប្រភពពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់​និយាយថា ការវាយប្រហារ​លើ​មី​ស៊ី​ល​របស់​អាមេរិក​លើ​ស៊ី​រី ជា​ទង្វើ​ឈ្លានពាន​ច្បាស់ក្រឡែត និង​មិនអាច​លើកលែង​ឲ្យ​បានឡើយ​។ កូរ៉េខាងជើង ក៏បាន​ថ្កោលទោស​សកម្មភាព​បំពាន​របស់​អាមេរិក​លើ​រដ្ឋ​អធិបតេយ្យ​មួយទៀត​។ អ្នកនាំពាក្យ​ដដែល​បន្តថា ទង្វើ​នេះ បង្ហាញ​ពី​ភាពត្រឹមត្រូវ​របស់​កូរ៉េខាងជើង ក្នុងការ​ពង្រឹង​ឥទ្ធិពល​យោធា​របស់ខ្លួន​ដែរ​។​

​ក្រោយ​ការបាញ់​មី​ស៊ី​ល Tomahawk ដល់​ទៅ​៥៩​គ្រាប់​ពី​សំណាក់​អាមេរិក ទំនាក់ទំនង​រវាង​កូរ៉េខាងជើង និង​ស៊ី​រី ហាក់​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​។ កូរ៉េខាងជើង​ដែលជា​រដ្ឋ​ឯកោ​មិនសូវមាន​អ្នកណា​រាប់រក ចាត់ទុក​ស៊ី​រី​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់ខ្លួន​។ សារព័ត៌មាន KCNA ផ្សាយ​ថា មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad បាន​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅវិញទៅមក ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​៧ ខែមេសា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក្នុងនាម​ជា​អគ្គមេបញ្ជាការ​កងទ័ព​អាមេរិក បានចេញ​បញ្ជា​ឲ្យ​កងទ័ព​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល​លើ​ព្រលានយន្តហោះ​នៅ​ក្រុង Homs ប្រទេស​ស៊ី​រី ដើម្បី​កំញើញ​របប​ដឹកនាំ​លោក​ប្រធានាធិបតី Assad ។ មី​ស៊ី​ល​ទំនើប​ចំនួន ៥៩ គ្រាប់​ត្រូវបាន​គេ​ប្រើប្រាស់​ក្នុងការ​វាយប្រហារ​នេះ ហើយ​អាមេរិក​បញ្ជាក់ថា ខ្លួន​បាន​ប្រាប់​រុស្ស៊ី​មុនពេល​វាយប្រហារ​ដែរ​។​

​ការបាញ់​ផ្លោង​មី​ស៊ី​ល​នេះ ជាការ​ឆ្លើយតប​ការចោទប្រកាន់​រដ្ឋាភិបាល​ស៊ី​រី​រឿង​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​នៅ​ខេត្ត Idlib​នោះ​។ ប៉ុន្តែ​រដ្ឋាភិបាល​ស៊ី​រី​បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នេះ ហើយ​រុស្ស៊ី​បាន​អះអាង​រដ្ឋាភិបាល​ស៊ី​រី​មិន​ដែលមាន​អាវុធ​គីមី​នៅ​សេសសល់​ដើម្បី​ប្រើប្រាស់​ទៀតឡើយ​៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com