កីឡាអន្តរជាតិ
អន្តរជាតិ
Pacquiao នឹង​ប៉ះ​ជាមួយ Jeff Horn មុន​ជួប Amir Khan
09, Apr 2017 , 7:39 pm        
រូបភាព
 
​កំពូល​អ្នក​ប្រដាល់​ពិភពលោក Manny Pacquiao ដែលមាន​រហស្សនាម​ថា “Pacman” នឹង​ឡើង​ការពារ​ខ្សែក្រវាត់ WBO របស់ខ្លួន​ជាមួយ​អ្នក​ប្រដាល់​មិន​ធ្លាប់​ស្គាល់​ពាក្យ​ថា​ចាញ់ Jeff Horn នៅ​ខែកក្កដា​ខាងមុខនេះ បន្ទាប់ពី​រំសាយ​ការប្រកួត​ជាមួយ Amir Khan​។​

​បើតាម​សារព័ត៌មាន​ABS-CBN News ស្តេច​ប្រដាល់​របស់​ហ្វីលីពីន Pacquiao និង​ឡើង​តទល់​ជាមួយ​អ្នក​ប្រដាល់​មិនដែល​ចាញ់​សញ្ជាតិ​អូស្ត្រាលី Jeff Horn ដើម្បី​ការពារ​ខ្សែក្រវាត់ WBO របស់ខ្លួន​។ តាមពិតទៅ​ដៃគូ​ប្រកួត​របស់​អ្នក​ប្រដាល់​ហ្វីលីពីន វ័យ​៣៨​ឆ្នាំនេះ​ជា​អ្នក​ប្រដាល់​របស់​ចក្រភព​អង់គ្លេស Amir Khan ឯណោះ​ទេ ប៉ុន្តែ​ត្រូវបាន​ផ្អាក​វិញ ដោយសារ​ហេតុផល​ជាប់​កាតព្វកិច្ច​បុណ្យ​សាសនា​អ៊ីស្លាម​រ៉ា​ម៉ា​ដាន់​របស់ Khan​។​
  
 
«​យើង​មិនអាច​ប្រកួត​ទល់នឹង Amir Khan​បានទេ ដោយសារតែ​ជា​ពេល​បុណ្យ​រ៉ា​ម៉ា​ដាន់ ដូច្នេះ​យើង​បាន​ច​ម្រេច​ចិត្ត​ទុក​ការប្រកួត​នេះ​ជា​បណ្តោះអាសន្ន​សិន​»​។ នេះ​ជាការ​លើកឡើង​របស់​ទីប្រឹក្សា​របស់ Pacman លោក Michael Koncz ហើយ​លោក​បាន​បន្ថែមទៀតថា​៖«​យើង​បាន​ចុះហត្ថលេខា​លើ​ការប្រកួត​នេះហើយ (Pacquiao- Horn)  ដូច្នេះ​យើង​ក៏​រំភើប​នឹង​ការប្រកួត​នេះដែ​។ ប៉ុន្តែ​ការប្រកួត​លើក​ក្រោយ ខ្ញុំ​នៅតែ​ចង់​ជួប Amir Khan»​។​
 
​សម្រាប់​ដៃគូ​ថ្មី​របស់​ម្ចាស់​ជើងឯក​ខ្សែក្រវាត់​៨​ស្ថាប​ណ្ឌ​ក៏​មិន​អន់​ដែរ អ្នក​ប្រដាល់​ដែល​មិន​ធ្លាប់​ស្គាល់​ពាក្យ​ចាញ់ Jeff Horn ធ្លាប់​ឡើ​វាយ​១៦​ដង ឈ្នះ​១៥ និង​ស្មើរ​ម្តង​។ អ្នក​ប្រដាល់​សញ្ជាតិ​អូស្ត្រាលី វ័យ​២៩​ឆ្នាំនេះ ចាប់ផ្តើម​ក្លាយជា​អ្នក​ប្រដាល់​អាជីព​នៅ​ឆ្នាំ​២០០៦ និង​ធ្លាប់ជា​អត្ត​ព​លិ​កនា​ការប្រកួត​អូឡាំពិក​ឆ្នាំ​២០១២ នៅ​ក្រុង​ឡុង​ដ៍​ផងដែរ​។​
  
 
Pacquiao និង Horn នឹងត្រូវ​ជួបគ្នា​នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៧​ខាង​មុននេះ ដែល​ធ្វើឡើង​ក្នុង​កីឡដ្ឋាន Suncorp Arena ប្រទេស​អូស្ត្រាលី ដែល​អាច​ផ្ទុក​ទស្សនិកជន​បាន​ដល់​ទៅ​ជាង​៥​ម៉ឺន​នាក់​៕
 
 
 





Tag:
 កីឡាប្រដាល់​
  Manny Pacquiao
  WBO
  Amir Khan
  Jeff Horn
© រក្សាសិទ្ធិដោយ thmeythmey.com