អន្តរជាតិ
ក្រោយ​អាមេរិក​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់ មេទ័ព​រុស្ស៊ី​និង​អ៊ីរ៉ង់ ប្រកាស​បន្ត​គាំទ្រ​លោក អាសាដ​
09, Apr 2017 , 10:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្លាមៗ​ក្រោយ​អាមេរិក​បាញ់​មី​ស៊ី​ល​ជិត​៦០​គ្រាប់​ចូល​ទឹកដី​ស៊ី​រី សម្ព័ន្ធមិត្ត​របប​លោក Bashar al-Assad គឺ​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏​ចេញមុខ​រិះគន់​អាមេរិក ដែល​បំពាន​អធិបតេយ្យ​ស៊ី​រី​។ ចំ​ណែ​ខាង​យោធា​វិញ ប្រមុខ​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏​សន្យា​រួមគ្នា​ក្នុង​ជួយ​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​លើ​ផ្នែក​យោធា ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​ឲ្យ​ទាល់តែ​អស់ពី​ទឹកដី​ស៊ី​រី​។
 
​មេបញ្ជាការ​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់ ប្រកាស​បន្ត​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ភេរវកម្ម និង​អ្នក​នៅ​ពីក្រោយ​ក្រុម​នេះ​នៅ​ស៊ី​រី​រហូត​តែ​ទទួលបាន​ជោគជ័យ និង​គាំទ្រ​រដ្ឋាភិបាល​ប្រធានាធិបតី Bashar al-Assad តទៅទៀត​។ ប្រមុខ​កងទ័ព​រុស្ស៊ី និង​អ៊ីរ៉ង់ សន្យា​ដូចនេះ ក្រោយ​កងទ័ព​អាមេរិក​បាញ់​មី​ស៊ី​ល Tomahawk ចំនួន​៥៩​គ្រាប់​លើ​ដាក់​មូលដ្ឋាន​អាកាស Shayrat ដើម្បី​ឆ្លើយតប​នឹង​ង​ការវាយប្រហារ​អាវុធ​គីមី ទោះជា​ស៊ី​រី​បដិសេធ​រួច​ក្ដី​។​
 
​ក្នុង​កិច្ច​ស​ន្ទា​នា​តាម​ទូរ​សព្ទ​នៅ​ថ្ងៃទី​៨ ខែមេសា ប្រមុខ​កងទ័ព​រុស្ស៊ី Valery Gerasimov និង​មេបញ្ជាការ​ទ័ព​អ៊ីរ៉ង់ Mohammad Bagheri  ក៏បាន​ថ្កោលទោស​ប្រតិបត្តិការ​ផ្លូវអាកាស​របស់​អាមេរិក​លើ​មូលដ្ឋានទ័ព​ស៊ី​រី ដែលជា​ទង្វើ​គឃ្លើន​ប្រឆាំង​រដ្ឋ​អធិបតេយ្យ​មួយ​។ បើតាម​សារព័ត៌មាន Al Jazeera ដែល​ស្រង់​ប្រភពពី​សារព័ត៌មាន​អ៊ីរ៉ង់ មេទ័ព​ទាំង​២​ប្រទេស ថែមទាំង​ចោទ​ការបាញ់​មី​ស៊ី​ល​របស់​អាមេរិក ជាការ​ប​ន្ទុ​ច​បង្អាក់ដំណើរ​ឈានទៅរក​ជោគជ័យ​របស់​កងទ័ព​ស៊ី​រី និង​សម្ព័ន្ធមិត្ត ហើយ​បែរជា​ជួយ​ពង្រឹងកម្លាំង​ក្រុម​ភេរវកម្ម​ទៅវិញ​។ 
 
​ប្រមុខ​កងទ័ព​ទាំង​២ ក៏​ប្រកាស​បន្ត​កិច្ចសហប្រតិបត្តិការ​យោធា ដើម្បី​ជួយ​គាំទ្រ​ប្រធានាធិបតី Assad រហូត​ដល់ពេល​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម និង​ពួក​ដែល​នៅ​គាំទ្រ​ក្រុម​នេះ​បរាជ័យ​ទាំងស្រុង​។ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ និង​តេ​ហេ​រ៉ង់ បាន​ចោទថា​ក្រុម​ឧទ្ទាម​ប្រឆាំង​របប​បលោក Assad ជា​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ទាំងអស់ ហើយ​បាន​វាយប្រហារ​លើ​ក្រុម​ឧទ្ទាម​ទាំងនោះ ដល់​កម្រិត​ដែល​មិនអាច​តដៃ​ជាមួយ​ទាហាន​រដ្ឋាភិបាល​ស៊ី​រី​បាន​។​
 
​ងាក​មក​ប្រតិបត្តិការ​ដែនអាកាសរ​បស់​អាមេរិក រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ចោទ​របប​លោក Assad ថា​បាន​នៅ​ពីក្រោយ​ការវាយប្រហារ​អាវុធ​គីមី​លើ​ប្រជាជន​ខ្លួនឯង​។ ប៉ុន្តែ ទាំង​រុស្ស៊ី ទាំង​អ៊ីរ៉ង់ សុទ្ធតែ​ចេញមក​ជួយ​ការពារ​លោក Assad ហើយ​ថែមទាំង​អះអាងថា រដ្ឋាភិបាល​ស៊ី​រី​មិនបាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​នេះឡើយ​។ ការវាយប្រហារ​រ​ដោយ​អាវុធ​គីមី​កាលពី​ថ្ងៃទី​៤ ខែមេសា បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​៨០​នាក់​បាត់​បង់ជីវិត ក្នុងនោះ​ក៏មាន​កុមារ​ផងដែរ​។​
 
​លើសពីនោះ ទាំង​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏​ស្នើ​ឲ្យ​មាន​ការបើក​ស៊ើបអង្កេត​លើ​ករណី​វាយប្រហារ​អាវុធ​គីមី​នេះដែរ​។ ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ដែល​បាន​រិះគន់​លោក ត្រាំ លើ​ការបាញ់​មី​ស៊ី​ល ក៏​ស្នើ​ឲ្យ​រក​ការពិត​លើ​ករណី​វាយប្រហារ​អាវុធ​គីមី ដើម្បី​រក​អ្នកទទួលខុសត្រូវ ខណៈ​ភាគី​នានា​បន្ត​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​។ អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ចោទ​លោក Assad ថា​នៅ​ពីក្រោយ​ទង្វើ​អមនុស្សធម៌​នេះ តែ​ស៊ី​រី នៅ​ឆ្លើយ​មិនដឹង​ដដែល​៕ 
 
   
 
 

© រក្សាសិទ្ធិដោយ thmeythmey.com