អន្តរជាតិ
អាមេរិក បើកភ្លើង​ខៀវ​ចរចា បើ​កូរ៉េខាងជើង​ឈប់​សាកល្បង​នុយក្លេអ៊ែរ​
10, Apr 2017 , 10:54 am        
រូបភាព
ប្រមុខការទូតអាមេរិក Rex Tillerson (រូបភាព Xinhua)
ប្រមុខការទូតអាមេរិក Rex Tillerson (រូបភាព Xinhua)
​ការចរចា​លែងមាន​ប្រយោជន៍​ទៀតហើយ ព្រោះ​ចរចា​២០​ឆ្នាំ​ហើយ​កូរ៉េខាងជើង​មិនបាន​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ឡើយ​។ នេះ​ជា​សម្ដី​របស់​ប្រមុខ​ការទូត​អាមេរិក Rex Tillerson ដែល​លែង​ចង់​និយាយ​អ្វី​ច្រើន​ទៀត​លើ​បញ្ហា​កូរ៉េខាងជើង​នេះ ហើយ​ថែមទាំង​លើកឡើង​ពី​ជម្រើស​ប្រើប្រាស់​យោធា​បង្ខំ​កូរ៉េខាងជើង​ឲ្យ​ឈប់​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទៅទៀត​។ ប៉ុន្តែ​ពេលនេះ ប្រមុខ​ការទូត​អាមេរិក បែរជា​ចង់​លេបសម្ដី និង​ពិចារណា​រឿង​ចរចា​ឡើងវិញ បើ​កូរ៉េខាងជើង​ឈប់​បញ្ចេញ​ទង្វើ​ព្រហើន​ទៀត​។​


​ការ​គំរាម​របស់​អាមេរិក​លើ​កូរ៉េខាងជើង ប្រៀបដូចជា​ការចាក​ទឹក​លើ​ក្បាល​ទា​ដូច្នេះ​ដែរ ព្រោះ​កូរ៉េខាងជើង​មិនបាន​យក​ត្រចៀក​ស្ដាប់​ឡើយ ហើយ​ម្ដង​ជា​ពីរដង មានតែ​បាញ់​មី​ស៊ី​ល ឬ​សាកល្បង​នុយក្លេអ៊ែរ​ផ្គើន​ទៀតផង​។ ទំនង​អស់​ចិត្តនឹង​ការប្រើប្រាស់​ធម៌​ត្រជាក់ អាមេរិក​ក៏​គំរាម​ប្រើ​ធម៌​ក្ដៅ​ដាក់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ព្រោះ​ការចរចា និង​ទណ្ឌកម្ម​រាប់សិប​ឆ្នាំ​មកនេះ មិនបាន​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ផ្លាស់ប្ដូរ​ជំហរ​ឡើយ​។

​បើទោះជា​ជម្រើស​យោធា​ត្រូវ​បានលើកឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​ក្ដី ការចរចា​ផ្លូវការ​ការទូត​ដែល​មិនសូវ​បាន​ផល ក៏​មិន​ត្រូវបាន​បោះបង់​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson និយាយថា អាមេរិក​អាច​ពិចារណា​រឿង​ចរចា​ម្ដងទៀត បើ​កូរ៉េខាងជើង​បង្ហាញ​ជំហរ​ឈប់​ធ្វើតេស្ត​នុយក្លេអ៊ែរ ឬ​បាញ់​មី​ស៊ី​ល​។ ក្នុងករណី​កូរ៉េខាងជើង​បន្ទន់​ជំហរ​របស់ខ្លួន អាមេរិក ក៏​អាច​បង្ហាញ​អាកប្បកិរិយា​ទន់ភ្លន់​ដាក់​វិញ​ដែរ​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ ABC ចេញផ្សាយ​នៅ​ថ្ងៃទី​៩ ខែមេសា ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏​ប្រាប់​កូរ៉េខាងជើង​ដែរ​ថា គោលដៅ​របស់​អាមេរិក​មិនមែន​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ប្រទេស​នេះ​ទេ តែ​ដើម្បី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ប៉ុណ្ណោះ​។ ការវិវត្ត​ទៅមុខ​នៃ​សមត្ថភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ក្លាយជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​អាមេរិក​ឈឺក្បាល​ខ្លាំង និង​ត្រូវ​វិធីសាស្ត្រ​ទប់ទល់​ឲ្យ​ទាន់ពេលវេលា​ផងដែរ​។​

​ទន្ទឹមនឹង​បំណង​ចង់​ចរចា លោក Tillerson ក៏​និយាយ​ចំៗ​ថា ការវាយប្រហារ​មី​ស៊ី​ល Tomahawk លើ​គោលដៅ​នៅ​ស៊ី​រី គឺជា​ការព្រមាន​ប្រទេស​ទាំងឡាយ រួមទាំង​កូរ៉េខាងជើង​ផង​។ មានន័យថា បើ​កូរ៉េខាងជើង​នៅតែ​ធ្វើ​ខុសច្បាប់​អន្តរជាតិ និង​ក្លាយជា​ការគំរាមកំហែង​ដល់​គេឯង មី​ស៊ី​ល​ស្រដៀង​គ្នា​នឹង​ធ្លាក់​លើទឹក​ដី​កូរ៉េខាងជើង​ដូចគ្នា​។ នេះ​ក៏​ព្រោះ​អាមេរិក​ធ្លាប់​លើកឡើង​ហើយ​ថា ជម្រើស​ចុងក្រោយ គឺ​មានតែ​យោធា​ប៉ុណ្ណោះ​។​

​មិនមែន​ថា​តែ​មាត់​ឡើយ អាមេរិក​ក៏បាន​បញ្ជូន​នាវា​មួយ​កង​ទៅកាន់​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច ដែល​នៅក្បែរ​ឧបទ្វីប​កូរ៉េ​តែម្ដង​។ នាវា​មួយក្រុម​នេះ ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson និង​អមដោយ​នាវាចម្បាំង​ជាច្រើន​គ្រឿង​ទៀត​។ នាវា​មួយ​កង​នេះ គឺជា​កម្លាំង​បន្ថែម​របស់​អាមេរិក ដែលមាន​កងទ័ព​ជាច្រើន​ម៉ឺន​នាក់ និង​សព្វាវុធ​ធុន​ធ្ងន់​នៅ​ទីនោះ​ច្រើន​ក្រាស់ក្រែល​ស្រាប់​ហើយ​នោះ​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com