កីឡាអន្តរជាតិ
អន្តរជាតិ
Formula 1៖ Hamilton ប្រជែង​ឈ្នះ Vettel នៅ​ទីលាន Chinese Grand Prix
10, Apr 2017 , 11:37 am        
រូបភាព
 
Lewis Hamilton ឈ្នះ​ការប្រណាំង​រថយន្ត Formula One (F1) នៅ​ទីលាន​ប្រទេស​ចិន Chinese Grand Prix ដោយ​ប្រើ​ថេរវេលា​តិចជាងគេ​។ នេះ​ជា​ជ័យជម្នះ​ទីមួយ​របស់ Hamilton ក្នុងការ​ប្រកួត Formula 1 នា​រដូវ​កាល​នេះ​។


​អ្នក​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក F1 របស់​ចក្រភព​អង់គ្លេស​ដែល​បើកបរ​ឲ្យ​ក្រុម Mercedes កីឡាករ Lewis Hamilton បាន​យកឈ្នះ​អ្នក​ប្រណាំង​សញ្ជាតិ​អាល្លឺម៉ង់ Sebastian Vettel នៃ​ការប្រណាំង​នៅ​ទីលាន Chinese Grand Prix ប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។ Hamilton ធ្វើបាន​ក្នុង​ថេរវេលា ១​ម៉ោង ៣៧​នាទី និង​៣៦,១៥៨​វិនាទី​។ Vettel ដែល​បើកបរ​ឲ្យ​ក្រុម Ferrari ស្ថិតនៅ​ចំណាត់​ទី​២ ហើយ​ចំណាត់ថ្នាក់​ទី​៣​បាន​ទៅ​កីឡាករ Max Verstappen របស់​ក្រុម Red Bull​។​
  
 
​នេះ​ជា​ជ័យជម្នះ​លើកដំបូង​សម្រាប់ Hamilton ក្នុង​រដូវ​កាល​ថ្មី​នេះ និង​ជា​លើក​ទី​៥​ក្នុង​អាជីព​ផងដែរ​របស់​កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​នៅ​ការប្រកួត Chinese Grand Prix​។ ការប្រណាំង​លើកទីមួយ​នៅ​ទីលាន Australian Grand Prix កីឡាករ​អង់គ្លេស​រូបនេះ បាន​ត្រឹម​លេខ​២ ខណៈ Vettel បាន​លេខ​១​។ 
  
 
​សម្រាប់​តារាង​ពិន្ទុ​វិញ ក្រោយ​ការប្រណាំង​ទាំងពីរ​ជើង Hamilton និង Vettel មាន​៤៣​ពិន្ទុ​ដូចគ្នា​ក្នុង​តារាង F1 World Champion ។ ចំណែក​ការប្រណាំង​បន្ទាប់ នឹងធ្វើ​ឡើង​នៅ​ទីលាន BAHRAIN INTERNATIONAL CIRCUIT ក្នុងប្រទេស​បា​រ៉ែ​ន​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ខែមេសា​៕







Tag:
 ប្រណាំង​រថយន្ត​F1
  Hamilton
  Vettel
© រក្សាសិទ្ធិដោយ thmeythmey.com