អន្តរជាតិ
ចិន បញ្ជូន​ប្រេសិត​ចរចា​នុយក្លេអ៊ែរ​ទៅកាន់​កូរ៉េខាងត្បូង​
10, Apr 2017 , 7:39 pm        
រូបភាព
ប្រេសិតចរចានុយក្លេអ៊ែររបស់ចិន Wu Dawei (រូបភាព CRI.cn)
ប្រេសិតចរចានុយក្លេអ៊ែររបស់ចិន Wu Dawei (រូបភាព CRI.cn)
​ប្រេសិត​ចរចា​នុយក្លេអ៊ែរ​របស់​ចិន បាន​ទៅដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​១០ ខែមេសា ដើម្បី​ពិភាក្សា​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ លោក Wu Dawei នឹង​ជួប​ជាមួយ​សម​ភាគី​កូរ៉េខាងត្បូង និង​បេក្ខជន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ផងដែរ​។ ក្រៅពី​ស្ទាបស្ទង់​ជំហរ​កូរ៉េខាងត្បូង​លើ​បញ្ហា​នុយក្លេអ៊ែរ​នេះ ប្រេសិត​របស់​ចិន ក៏​ទំនងជា​លើកឡើង​ពី​ការជំទាស់​ដាច់អហង្ការ​របស់​ចិន​លើ​ការពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស (THAAD) នៅ​កូរ៉េខាងត្បូង​ទៀតផង​។​


​ចិន បាន​បញ្ជូន​ប្រេសិត​ចរចា​នុយក្លេអ៊ែរ​របស់ខ្លួន​ទៅកាន់​កូរ៉េខាងត្បូង ដើម្បី​ជជែក​រឿង​នុយក្លេអ៊ែរ និង​សាកសួរ​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​លើ​បញ្ហា​នេះ ខណៈ​អាមេរិក​គំរាម​វាយ​កូរ៉េខាងជើង​ដោយ​មិន​ប្រកាស​មុន​។ ចិន មិនសូវ​ស្រួល​ចិត្ត​ឡើយ ពេល​អាមេរិក​គំរាម​ប្រើ​យោធា ទើប​បញ្ជូន​មន្ត្រី​ទៅ​ស្ទាប​ស្ទង់ចិត្ត​កូរ៉េខាងត្បូង​សិន ដ្បិត​អាមេរិក​ក៏បាន​ដាក់​សម្ពាធ​កាន់​ខ្លាំង​លើ​ចិន​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​នេះ​។ ប៉េកាំង ចង់ដឹងថា​សេ​អ៊ូ​លអាច​ចូល​ដៃ​ជាមួយ​វ៉ាស៊ីនតោន​ដើម្បី​វាយ​ព្យុងយ៉ាង​ឬ​អត់​។​

​យ៉ាងណាក្ដី នៅ​ថ្ងៃទី​១០ ខែមេសា អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​និយាយថា កូរ៉េខាងត្បូង មិន​ចូលរួម​ជាមួយ​អាមេរិក​ដើម្បី​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​ទេ​។ កូរ៉េខាងត្បូង នឹង​បន្ត​ប្រើប្រាស់​ផ្លូវ​ត្រជាក់ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ដោយ​សន្តិវិធី ហើយ​អាមេរិក​ក៏​ទំនង​គាំទ្រ​ជំហរ​នេះដែរ​។ ម្យ៉ាងទៀត កូរ៉េខាងត្បូង អាច​បន្ត​ប្រើ​យន្តការ​ដាក់ទណ្ឌកម្ម​លើ​បង​ប្អូនឯង​ជាជាង​ប្រយុទ្ធ​គ្នា ដោយ​សម្អាង​ហេតុផល​រក្សា​សន្តិភាព​ក្នុង​តំបន់

​និយាយ​ឲ្យ​ខ្លី កូរ៉េខាងត្បូង ឬ​អាច​រាប់ទាំង​ជប៉ុន មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​កូរ៉េខាងជើង​ទេ ព្រោះ​បើ​ផ្ទុះ​សង្គ្រាម កូរ៉េខាងត្បូង និង​ជប៉ុន​ដែល​នៅ​មិន​ឆ្ងាយ​ពី​កូរ៉េខាងជើង ច្បាស់​ជា​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​មី​ស៊ី​ល​មិន​ខាន​។ បើ​កូរ៉េខាងត្បូង​ពិតជា​មាន​ជំហរ​បែបនេះ​មែន ចិន​ប្រាកដជា​ធូរចិត្ត​មិន​ខាន ព្រោះ​អាមេរិក​មិនអាច​វាយ​កូរ៉េខាងជើង​ដោយ​គ្មាន​ជំនួយ​ពី​កូរ៉េខាងត្បូង និង​ជប៉ុន​ទេ​។ នេះ​ក៏​មានន័យថា​ចលាចល​ក្បែរ​របង​ផ្ទះ​របស់​ចិន​ដែរ​។​

​ងាក​មក​ទស្សនកិច្ចរ​ប​ស់លោក Wu Dawei វិញ ក្រៅពី​និយាយ​រឿង​នុយក្លេអ៊ែរ​នោះ លោក​ក៏​ជួប​បេក្ខជន​ប្រធានាធិបតី​កូរ៉េខាងត្បូង​ដែរ​។ គេ​មិនទាន់​ដឹង​ច្បាស់​ពី​គោលបំណង​នៃ​ជំនួប​នេះ​ទេ តែ​ទំនងជា​គ្មានអ្វី​ក្រៅពី​ការចង់​ដឹង​ជំហរ​របស់​បេក្ខជន​ទាំងនោះ​លើ​ទំនាក់ទំនង​ចិន និង​កូរ៉េខាងត្បូង មុន​ការបោះឆ្នោត​ប្រធានាធិបតី​មកដល់​។ លោក Moon Jae-in ជា​បេក្ខជន​មាន​ភាគរយ​ខ្ពស់​ក្នុងការ​ដណ្ដើម​កៅអី​ប្រធានាធិបតី មិន​យល់ស្រប​ការពង្រាយ​ខែល​ការពារ THAAD របស់​អាមេរិក​ឡើយ​។  

​ទស្សនកិច្ច​របស់លោក Wu ជា​តំណាង​ពិសេស​ទទួលបន្ទុក​កិច្ចការ​ឧបទ្វីប​កូរ៉េ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​ប្រធានាធិបតី ស៊ី ជីន​ភីង ជួប​លោក ដូ​ណា​ល់ ត្រាំ ដែល​កូរ៉េខាងជើង​ក៏​ជា​ប្រធានបទ​ក្ដៅ​ដែរ​។ ខណៈ​កំពុង​ជួប​សម​ភាគី​ចិន លោក ត្រាំ បែរជា​បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​ដាក់​ស៊ី​រី​ទៅវិញ​។ នេះ​ជា​សញ្ញា​បង្ហាញថា អាមេរិក​ត្រៀម​ចាត់វិធានការ​តែឯង បើ​ចិន​មិន​ជួយ​ទេនោះ​។ ដោយ​រង​សម្ពាធ​ខ្លាំង​ពី​អាមេរិក ព្រម​គ្នា​នឹង​ចរិត​មិន​ទៀត​របស់លោក ត្រាំ ចិន​ក៏ត្រូវ​ធ្វើ​សកម្មភាព​ខ្លះ​ដើម្បី​កុំ​ឲ្យ​កូរ៉េខាងជើង​អុង​អាត់​ខ្លាំងពេក​៕


Tag:
 ចិន​
  ឧបទ្វីប​កូរ៉េ​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com