អន្តរជាតិ
ម៉ាឡេស៊ី ចាប់បាន​កុយរមាស​តម្លៃ​ជាង​៣​លាន​ដុល្លារ​នាំ​មកពី​អាហ្វ្រិក​
10, Apr 2017 , 8:39 pm        
រូបភាព
​កុយរមាស​តម្លៃ​៣.១​លាន​ដុល្លារ ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី​ចាប់បាន​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​កូ​ឡា​ឡាំ​ពួរ​។ អាជ្ញាធរ​ម៉ាឡេស៊ី​និយាយថា កុយរមាស​កម្រ​ទាំងនេះ ត្រូវបាន​នាំចូល​ពី​ម៉ូ​សំ​ប៊ិក ដោយ​ឆ្លងកាត់​ប្រទេស​កាតា​នៅ​មជ្ឈិមបូព៌ា​។ ម៉ាឡេស៊ី គឺជា​គោលដៅ​ឆ្លងកាត់​ដ៏​ញឹកញាប់​បំផុត​នៃ​ការរត់ពន្ធ​កុយរមាស​ពី​តំបន់​អាហ្វ្រិក មុននឹង​បន្តទៅ​កាន់​ទីផ្សារ​ចិន ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​កុយរមាស​សម្រាប់ធ្វើ​ឱសថ​។​


​មន្ត្រី​គយ​ម៉ាឡេស៊ី បាន​និយាយ​នៅ​ថ្ងៃទី​១០ ខែមេសា ថា កុយរមាស​ទម្ងន់​ច្រើនជាង​៥១​គីឡូក្រាម ត្រូវបាន​ចាប់​ទុក​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​កូ​ឡា​ឡាំ​ពួរ​។ កុយរមាស​ចំនួន​១៨ ត្រូវបាន​ឃាត់ទុក​នៅ​ថ្ងៃទី​៧ ខែមេសា ដោយ​ដាក់​បង្កប់​ក្នុង​ឡាំង​ឈើ​ក្នុង​ឃ្លាំង​ដាក់​អីវ៉ាន់​។ កុយរមាស​តម្លៃ​ជាង​៣​លាន​ដុល្លារ​នេះ ត្រូវបាន​បញ្ជូន​ពី​ម៉ូ​សំ​ប៊ិក ឆ្លងកាត់​កាតា តាម​ជើងហោះហើរ Qatar Airway ។ កុយរមាស​ទាំងនេះ ត្រូវបាន​ក្លែង​ជា​វត្ថុ​សិ​ល្បះ​ដើម្បី​រួច​ផុតពី​ភ្នែក​គយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ប្រធាន​ផ្នែក​គយ​ព្រលានយន្តហោះ លោក Hamzah Sundang និយាយថា អ្នកទទួល​បញ្ញើ​កុយរមាស និង​ទីភ្នាក់ងារ​ទទួល សុទ្ធតែ​ក្លែងបន្លំ ហើយ​ឯកសារ​ទាំងអស់​សម្រាប់​ការដឹកជញ្ជូន​កុយរមាស​ក៏​ក្លែងក្លាយ​ដែរ​។ មកទល់ពេលនេះ អាជ្ញាធរ​ម៉ាឡេស៊ី មិនទាន់​ចាប់ខ្លួន​ជនសង្ស័យ​ណា​ម្នាក់​ឡើយ ហើយ​ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ដោយ​ប៉ូលិស​ដើម្បី​ស្វែងរក​ការពិត​បន្ថែមទៀត​។​

​ម៉ាឡេស៊ី បាន​ក្លាយជា​គោលដៅ​ក្នុងការ​ដឹកជញ្ជូន​កុយរមាស​ពី​តំបន់​អាហ្វ្រិក​។ ប៉ុន្តែ​អាជ្ញាធរ​ម៉ាឡេស៊ី ក៏​លើកឡើង​ដែរ​ថា ពេលខ្លះ ម៉ាឡេស៊ី ក៏​ជា​គោលដៅ​ចុងក្រោយ​នៃ​ការដឹកជញ្ជូន​កុយរមាស​ដ៏​មានតម្លៃ​នេះដែរ​។ កុយរមាស កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅ​តំបន់​អាស៊ី ជាពិសេស​ចិន ដែល​កំពុងមាន​តម្រូវការ​កុយរមាស និង​ភ្លុក​ដំរី​ច្រើន ក្នុងការ​ធ្វើជា​ឱសថ​។ នេះ​ក៏​ព្រោះតែ ជា​ញឹកញាប់ កុយរមាស​ភាគច្រើន​ដែល​ត្រូវ​ចាប់បាន​មាន​គោលដៅ​ទៅ​ចិន​តែម្ដង​។​

​ជំនួញ​កុយរមាស ត្រូវបាន​ហាមឃាត់​ដោយ​អនុសញ្ញា​អង្គការសហប្រជាជាតិ ដើម្បី​ការ​សត្វ​ដ៏​កម្រ​មួយ​នេះ​។ ចំនួន​រមាស​នៅ​ជុំវិញ​ពិភពលោក បាន​ធ្លាក់ចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារ​ការ​ប្រមាញ់​ខុសច្បាប់ ជាពិសេស​រមាស​តំបន់​អាហ្វ្រិក​តែម្ដង​។ បើទោះជា​មានការ​ការពា​រ​ក្ដី រមាស​ជាច្រើន​រយ​ក្បាល ត្រូវបាន​សម្លាប់​យក​កុយ ដើម្បី​ធ្វើជា​ឱសថ​ច្រើន​ព្យាបាល​ជំងឺ​រាប់មុខ​ពី​ជំងឺ​ធម្មតា ដល់​ជំងឺមហារីក​។​

​ចិន ដែលជា​ទីផ្សារ​កុយរមាស​ដ៏​ធំ បានប្រកាស​បិទ​ការ​នាំចូល​កុយរមាស ដើម្បី​ជា​ផ្នែក​នៃ​យុទ្ធនាការ​សង្គ្រោះ​សត្វព្រៃ​មួយ​នេះ​។ ប៉ុន្តែ​គេ​នៅតែ​សង្កេតឃើញ​មានការ​រត់ពន្ធ​កុយរមាស​ដដែល ហើយ​ភាគច្រើន​នៅតែ​ដឹកជញ្ជូន​ទៅ​ចិន​ដដែល ជាពិសេស​ផ្លូវអាកាស​តែម្ដង​។ ប្រទេស​ផ្សេងទៀត​នៅ​អាស៊ាន​ដូចជា​ថៃ កម្ពុជា និង​វៀតណាម ក៏​ជា​គោលដៅ​ឆ្លងកាត់​នៃ​ពាណិជ្ជកម្ម​កុយរមាស​ដែរ​៕    


Tag:
 ម៉ាឡេស៊ី​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com