អន្តរជាតិ
អេ​ហ្ស៊ី​ប​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រឆាំង​ភេរវកម្ម ក្រោយ​ការវាយប្រហារ​ភេរវកម្ម​សម្លាប់​យ៉ាងហោច​៤០​នាក់​
10, Apr 2017 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​អេ​ហ្ស៊ី​ប Abdel Fattah Sisi បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន និង​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រឆាំង​ភេរវជន ក្រោយ​មានការ​វាយប្រហារ​ភេរវកម្ម​នា​ចុង​សប្តាហ៍​កន្លងទៅនេះ​។ លោក​ក៏បាន​ព្រមាន​បណ្តា​រដ្ឋ​ទាំងអស់​ដែល​គាំទ្រ​ភេរវជន និង​ទាមទារ​ឲ្យ​រដ្ឋ​នោះ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ពួកគេ​ដែរ​។​


​ចលនា​វាយប្រហារ​ភេរវកម្ម​អុកឡុក​ប្រទេស​អេ​ហ្ស៊ី​ប​ជាថ្មី​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ ដោយ​បង្ក​ឲ្យ​មនុស្ស​យ៉ាងហោចណាស់ ៤០ នាក់​ស្លាប់បាត់​បង់ជីវិត​ផង​។ រដ្ឋាភិបាល​អេ​ហ្ស៊ី​ប​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Abdel Fattah Sisi បានសម្រេច​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រយៈពេល ៣​ខែ​ផងដែរ​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី Sputnik ប្រធានាធិបតី​អេ​ហ្ស៊ី​ប Abdel Fattah Sisi បាន​ព្រមាន​បណ្តា​រដ្ឋ​ទាំងអស់​ដែល​គាំទ្រ​ចលនា​ភេរវកម្ម​ផងដែរ ដោយ​រដ្ឋ​ទាំងនោះ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់គេ​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា​៖«​រដ្ឋ​ដែល​កំពុង​គាំទ្រ​ចលនា​ភេរវកម្ម​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់គេ​»​។ 

​ក្នុងនាម​ជា​មេបញ្ជាការ​កំពូល​កងទ័ព​អេ​ហ្ស៊ី​ប លោក Sisi បាន​បញ្ជាក់ថា បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រឆាំង​ភេរវជន​ផងដែរ​ដើម្បី​ទប់ស្កាត់​និង​កម្ចាត់​ភេរវជន​។ មេដឹកនាំ​រូបនេះ​បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​បច្ចុប្បន្នកំពុង​ពង្រឹង​សន្តិសុខ​និង​តាម​វែកមុខ​ក្រុម​ឧក្រិដ្ឋជន​ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ ហើយ​លោក​ជឿជាក់ថា​ប្រជាជន​អេ​ហ្ស៊ី​ប​អាច​យកឈ្នះ​ក្រុម​ភេរវជន​បាន​។​

​ក្រៅពី​ប្រធានាធិបតី​រូបនេះ​បាន​អំពាវនាវ​ឲ្យ​សារព័ត៌មាន​ផ្សព្វផ្សាយ​ពី​ស្ថាន​ភាពអាសន្ន​និង​បញ្ហា​ដែល​កើតឡើង​នៅ​អេ​ហ្ស៊ី​ប​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន​ឡើយ​។​

​សូមបញ្ជាក់ថា ករណី​ផ្ទុះ​គ្រាប់បែក​នេះ​កើតឡើង​ពីរ​កន្លែង​ផ្សេងគ្នា​នៅ​វិហារ​សាសនា​គ្រឹ​ស្ត​។​ការ​បំផ្ទុះ​ទីមួយ​កើតឡើង​នៅ​ទីក្រុង Gharbia បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣០ នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​ចន្លោះ​ពី ៥០​ទៅ ៧០​នាក់​របួស​ផងដែរ​។ ទី​ពីរ​កើតឡើង​នៅ​វិហារ​មួយ​ស្ថិតនៅ​ក្រុង Alexandria ដែល​ការវាយប្រហារ​នេះ​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១៨ នាក់​ក្នុងនោះ​មាន​មន្ត្រីប៉ូលិស​បួន​នាក់​ផង​។  ក្រោយ​ការវាយប្រហារ​នេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក António Guterres  និង​ក្រុមប្រឹក្សាសន្តិសុខ អង្គការសហ ប្រជាជាតិ​បាន​ថ្កោលទោស​ខ្លាំងៗ និង​ទាមទារ​ឲ្យ​មានការ​កាត់ទោស​ជនបង្ក​គ្រោះមហន្តរាយ​នេះ​ផងដែរ​៕


Tag:
 Abdel Fattah Sisi
  ឧ​ត្ត​ម​ក្រុមប្រឹក្សា​ប្រឆាំង​ភេរវកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com