អន្តរជាតិ
ពូ​ទីន មិនអាច​ឲ្យ​លោកខាងលិច​ទម្លាក់ អាសាដ ដូច​ជំនាន់ កា​ដា​ហ្វី​?
10, Apr 2017 , 10:39 pm        
រូបភាព
ដោយ: ថ្មីៗ
​អនាគត​របស់​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ស្ថិតនៅក្នុង​ភាពចម្រូងចម្រាស​ជាថ្មីទៀត​បន្ទាប់ពី​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ខេត្ត Idlib​។ អាមេរិក​បញ្ជាក់​ច្បាស់​ថា អាសាដ គ្មាន​អនាគត​ឡើយ​ក្នុងសម័យ​អន្តរកាល​នយោបាយ​នៅពេល​ខាងមុខ ហើយ​អាមេរិក​ក៏​ទាមទារ​ឲ្យ​រុស្ស៊ី​ឈប់​គាំទ្រ​និង​ការពារ​មេដឹកនាំ​ស៊ី​រី​នេះ​ទៀតផង​។ អាមេរិក​បញ្ជាក់ តំបន់​មជ្ឈិមបូព៌ា​គ្មាន​សន្តិភាព​ទេ បើសិនជា​មនុស្ស​ដូច​អាសាដ​បន្តកាន់កាប់​រដ្ឋា​ភិ​បាល​និង​គ្រប់គ្រង​ប្រទេស​នោះ​។​
​ប៉ុន្តែ​វា​ហាក់បីដូចជា​រឿង​ពិបាក​កើតឡើង ដែល​រុស្ស៊ី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រូវ​ដក​ដៃ​ឈប់​គាំទ្រ​របប​ដឹកនាំ​ស៊ី​រី​បច្ចុប្បន្ន​នោះ​។


​ការបណ្តេញ​មេដឹកនាំ បា​សា អាល់​អាសាដ ពី​តំណែង​និង​ប្តូរ​របប​ដឹកនាំ​នៅ​ស៊ី​រី​ក្លាយជា​រឿង​អាទិភាព​របស់​ក្រុង​វ៉ាស៊ីនតោន​ជាថ្មីទៀត​បន្ទាប់​មានការ​ប្រើប្រាស់​ការចោទប្រកាន់​របប​នេះ​ថា​បាន​ប្រើប្រាស់​អាវុធ​គីមី​ប្រឆាំង​ជន​ស៊ីវិល​។ សហរដ្ឋអាមេរិក​ដែល​កន្លងមក​ហាក់​រសាយចិត្ត​ឈប់​ប៉ង​ទម្លាក់ លោក អាសាដ ពី​តំណែង​ហើយ​នោះបាន​ប្រែ​ក្រឡាស់សម្តី​វិញ​ដោយ​បញ្ជាក់ អាសាដ​គ្មាន​ឡើយ​អនាគត​ក្នុង​របប​ដឹកនាំ​ស៊ី​រី​ឡើយ ។

​តំណាង​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​លោកស្រី Nikki Haley ត្រឹម​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​នៅ​ដើមខែ​មេសា​នេះ ប្រជាជន​ស៊ី​រី​មិន​ចង់​ឲ្យ​លោក បា​សា អាល់​អាសាដ បន្ត​ដឹកនាំ​ប្រទេស​ប៉ុណ្ណោះ​ប៉ុន្តែ​លោក​មិនទាន់​ព្រលយ​ពី​បំណង​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​រូបនេះ​ទេ​។​

​លោកស្រី​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​គិតថា ប្រជាជន​ស៊ី​រី​ចង់បាន អាសាដ ជា​មេដឹកនាំ​ទៀតឡើយ​។ យើង​មិន​គិតថា អាសាដ នឹង​ក្លាយជា​មនុស្ស​ដែល​ប្រជាជន​ចង់​បានទេ​។ យើង​គ្មាន​ក្តី​អនុគ្រោះ​ឯណា​ទៀត​សម្រាប់​អាសាដ​ទេ ព្រោះ​យើង​បាន​និយាយ​ច្បាស់​ហើយ​»​។ យើង​គិតថា អាសាដ នេះ​ជា​ឧបសគ្គ​ធំ​សម្រាប់​ការបង្កើត​សន្តិភាព​យូរអង្វែង ហើយ​អាសាដ​ជា​ឧក្រិដ្ឋជន​សង្គ្រាម​។ អ្វីដែល​គេ​បានធ្វើ​លើ​ពលរដ្ឋ​ខ្លួន​នោះ​គឺ​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត​»​។​

​ប៉ុន្តែ​លើក​នេះ បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ បញ្ជា​ឲ្យ​គេ​បាញ់​ផ្លោង​កម្ទេច​មូលដ្ឋាន​ទ័ពអាកាស​នា​ក្រុង Homs នា​សប្តាហ៍​មុន  ក្រុង​វ៉ាស៊ីនតោន​បញ្ជាក់​ឡើងវិញ​ថា បើ​មិន​បណ្តេញ អាសាដ ពី​តំណែង​ទេ គ្មាន​ឡើយ​សន្តិភាព​ពិតប្រាកដ​នៅ​ស៊ី​រី​ឡើយ​។ ប៉ុន្តែ​អ្វីដែល​សំខាន់ អាមេរិក​បច្ចុប្បន្ន​នៅតែ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី បើសិនជា​ខ្លូន​ចង់​ទម្លាក់ អាសាដ ចេញពី​តំណែង​មែន​នោះ​។

១.​អាមេរិក​នឹង​បន្ត​តាម​ទម្លាក់ បា​សា អាល់​អាសាដ ពី​តំណែង​

​ការជម្រះ​មន្ទិលសង្ស័យ​ពាក់ព័ន្ធ​គោលបំណង​ទម្លាក់​មេដឹកនាំ​ស៊ី​រី​នេះ ត្រូវបាន​បង្ហើប​ដោយ​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ផង និង​តំណាង​អាមេរិក​ប្រចាំ​អង្គការ​សហ​ប្រជា​តិ​ផង​នៅ​ចុង​សប្តាហ៍​កន្លងទៅ​។

​លោកស្រី​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ Nikki Haley  បាន​ប្រាប់​សា​ព័ត៌មាន​ថា គ្មាន​វិធី​ណា​ដែល​គេ​អាចបង្កើត​សន្តិភាព​ដោយ​បន្ត​ទុក​ឲ្យ​រុស្សី​ការពារ​អាសាដ​ដូច​បច្ចុប្បន្ន​ទេ ហើយ​អាមេរិក​ក៏​មិនឃើញ​សន្តិភាព​ដែរ​នៅពេលដែល អាសាដ នៅ​ធ្វើជា​ប្រមុខ​រដ្ឋាភិបាល​ស៊ី​រី​នោះ​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Rex Tillerson ឯណោះ​វិញ មិនបាន​និយាយ​ចំៗ​ទេ ប៉ុន្តែ​លោក​បាន​បង្ហើប​ថា ក្រុង​វ៉ាស៊ីនតោន​កំពុង​បន្ត​ជជែក​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​និង​ភាគី​ពាក់ព័ន្ធ​រឿង​តួនាទី​របស់ អាសាដ​។ ជាពិសេស​កំណត់ថា តើ​មេដឹកនាំ​រូបនេះ​ត្រូវ​ចាកចេញ​ដោយ​របៀប​ណា​។ តែ​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​ប្រាប់ថា រាល់​សកម្មភាព​របស់ អាសាដ ធ្វើ​កន្លងមក​ធ្វើ​ឲ្យ បាត់បង់​ភាពស្របច្បាប់​ក្នុងនាម​ជា​មេដឹកនាំ​រួចទៅហើយ​។

​នៅ​សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson នឹងធ្វើ​ដំណើរ​ទៅ​រុស្ស៊ី ដើម្បី​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ ទំនាក់ទំនង​ទ្វេភាគី និង​បញ្ហា​ចម្រូងចម្រាស​ដូចជា​រឿង​ស៊ី​រី​នេះ​នឹង​ស្ថិតក្នុង​របៀប​វាៈ​នៃ​កិច្ចពិភាក្សា​នៅពេល​ខាងមុខ​។ ប្រមុខ​ការទូត​អាមេរិក​នេះ​ក៏​ប្រហែលជា​នឹង​ស្នើ និង​បញ្ចុះបញ្ចូល​សុំ​ឲ្យ​រុស្ស៊ី​ឈប់​បន្ត​គាំទ្រ​លោក បា​សា អាល់​អាសាដ ផង​ក៏​មិនដឹង​។​

២.​អាមេរិក​៖ «​រុស្ស៊ី​ត្រូវ​ឈប់​ការពារ អាសាដ បើ​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​»

​ខណៈដែល រដ្ឋមន្ត្រីការបរទេស​អាមេរិក​នឹងធ្វើ​ដំណើរ​ទៅ​ម៉ូស្គូ​និង​ជួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី មន្ត្រី​ក្រុមប្រឹក្សាសន្តិសុខ​នៃ​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានទាមទារ​ឲ្យ​រុស្ស៊ី​ឈប់​ការពារ​របប​ដឹកនាំ អាសាដ ទាំង​ផ្នែក​យោធា​និង​ការទូត​ទៀត​។ សារ​ខ្លី​របស់​ក្រុង​វ៉ាស៊ីនតោន​គឺ បើ​រុស្ស៊ី​មិន​ចង់​ឲ្យ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​អាមេរិក​ខូចខាត​ធ្ងន់ធ្ងរ​ទេ រុស្ស៊ី​ត្រូវ​លះបង់ អាសាដ​។​

​ក្នុង​បទ​សម្ភាស​មួយ​សារព័ត៌មាន ABC ចុង​សប្តាហ៍​នេះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា រុស្ស៊ី​កំពុង​គិត​ប្រុងប្រយ័ត្ន​ថា​គួរ​បន្ត​សម្ព័ន្ធភាព​ជាមួយ​បា​សា អាល់​អាសាដ ព្រោះ​គ្រប់ពេល​ដែលមាន​ការប្រើ​ប្រាស​អាវុធ​គីមី វា​តែងតែមាន​ការទទួលខុសត្រូវ​មួយ​សម្រាប់​រុស្ស៊ី​ផ្ទាល់​»​។​

​លោក Tillerson មានជំនឿថា រុស្ស៊ី​មិន​ប្តូរផ្តាច់​ការពារ​របប​ដឹកនាំ​ស៊ី​រី​ជាពិសេស បា​សា អាល់​អាសាដ រហូត​មិន​ខ្វល់​ពី​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​អាមេរិក​ឡើយ​។ លោក បន្ថែមថា វា​ប្រហែលជា​ត្រូវការ​ពេលវេលា​ដើម្បី​សន្ទនា និង​ពិភាក្សាគ្នា​ឲ្យ​បាន​ស៊ីជម្រៅ ដើម្បី​ស្វែងយល់​ពី​ជំហរ​គ្នា​ទៅវិញទៅមក និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទាំង​ប្រទេស​បច្ចុប្បន្ននេះ​ផង​។​

​មកដល់​បច្ចុប្បន្ន​គ្មាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា រុស្ស៊ី​មាន​ជាប់​ពាក់ព័ន្ធ​ដោយផ្ទាល់​លើ​សំណុំរឿង​ប្រើប្រាស់​អាវុធ​គីមី​នៅ​ខេត្ត Idlib​។ ប៉ុន្តែ​អាមេរិក​ជឿជាក់ រុស្ស៊ី​មាន​ទំនួល​ខុសត្រូវ​មួយ​ដែរ​ក្នុង​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​នេះ ព្រោះ​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត​មាន​ទ័ព​ឈរជើង​នៅ​ទីនោះ​ស្រាប់ រុស្ស៊ី​គួរតែ​ដឹងថា​មាន​អ្វី​ឡើង​ពិតប្រាកដ​។​

​ចំណែក​ទីប្រឹក្សា​សន្តិសុខ​របស់លោក ដូ​ណា​ល់ ត្រាំ លោក H.R. McMaster បាន​ថ្លែង​ក្នុង​បទសម្ភាសន៍​ជា​មួ​យារ​ព័ត៌មាន Fox News ថា លោក​ចង់​ឲ្យ​អាមេរិក​ដាក់​សម្ពាធ​លើ​រុស្ស៊ី និង​ឆ្លេចសួរ​រុស្ស៊ី​ឲ្យ​ច្បាស់​រឿង​ដែល​កងទ័ព​ជើង​អាកាស​ស៊ី​រី​វាយប្រហារ​លើ​ជន​ស៊ីវិល​និង​សម្លាប់​រង្គាល​ជនស្លូតត្រង់​នោះ​។​

​កន្លងមក​ក្រេ​ម​ឡាំ​ធ្លាប់​សង្ឃឹម​ខ្ពស់​ថា ក្រោយ​ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត ទំនាក់ទំនង​ទ្វេភាគី​ដែល​ល្អក់កករ​ដែល​បន្សល់ទុក​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អាច​នឹង​ប្រសើរឡើង​។ ប៉ុន្តែ​ក្តីសង្ឃឹម​ហាក់​រសាយ​បាត់​បន្តិច​ម្តងៗ ដោយសារ​គោលជំហរ​រ​ប​ស់លោក ត្រាំ ខុសពី​អ្វីដែល​លោក​ធ្លាប់​សន្យា​ក្នុងពេល​ឃោសនា​។​

​គេ​ដឹង​ច្បាស់​ថា វា​មិនមែនជា​រឿង​ចៃដន្យ​ទេ​។  ការព្យាយាម​ដាក់​សម្ពាធ​និង​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​ពេលនេះ ក៏​ដោយសារតែ​រដ្ឋបាល​ដូ​ណា​ល់ ត្រាំ រង​សម្ពាធ​ខ្លាំង​ពី​អ្នកនយោបាយ​និង​សាធារណជន​អាមេរិក​។ ការ​ចោទថា រុស្ស៊ី​នៅ​ពីក្រោយ​ការជាប់ឆ្នោត​របស់លោក ត្រាំ ជា​មូល​ហេតុដែល​ជំរុញ​ឲ្យ ដូ​ណា​ល់ ត្រាំ ប្រឹងប្រែង​បញ្ជាក់ប្រាប់​គេឯង​ថា លោក គ្មាន​ពាក់ព័ន្ធ​អ្វី​ជាម​យ​រុស្ស៊ី​ទេ ហើយ​លោក​ក៏​មិន​ខ្លាចរអែង​រុស្ស៊ី​ដែរ​។​

 
៣.​រុស្ស៊ី​នឹងមិន​ឲ្យ​លោកខាងលិច​កម្ចាត់ អាសាដ ម្នាក់ទៀត​ដូច​លោក ហ្កា​ដា​ហ្វី​ទេ​

​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ រដ្ឋបាល អាមេរិក ត្រូវ​ប្រឈមមុខ​ជាមួយ​រុស្ស៊ី​ដើម្បី​ឈានទៅ​បណ្តេញ អាសាដ ចេញពី​តំណែង​បាន​ជោគជ័យ​នោះ​។ បើ​រុស្ស៊ី​មិន​ព្រម​ទេ រឿងនេះ​មិន​ទំនង​អាច​កើតឡើង​ទេ​។ ទោះជា​ក្នុង​កាលៈទេសៈ​ណាក៏ដោយ វា​មាន​ហេតុផល​ច្រើនណាស់​ដែល​អាច​បញ្ជាក់ថា ក្រេ​ម​ឡាំង​មិន​ចង់​ឲ្យ អាសាដ របូត​តំណែង​និង​លែងមាន​តួនាទី​ក្នុង​របប​ដឹកនាំ​ស៊ី​រី​នាពេល​អនាគត​ទេ​។​

​វា​ជា​ជ័យជម្នះ​របស់លោក​ខាងលិច ព្រោះ​សង្គ្រាម​នេះ​ជា​សង្គ្រាម​ដែល​លូកលាន់​ដោយ​មហាអំណាច​តំបន់​មាន​អ៊ីរ៉ង់ និង​រដ្ឋ​ឈូង​សមុទ្រ​ឯង​ទៀត និង​មហាអំណាច​ដូចជា​អាមេរិក​និង​រុស្ស៊ី​ជាដើម​ផង​។ បើ អាសាដ ទៅ​បាត់ វា​ជា​ជ័យជម្នះ​របស់​ពិតប្រាកដ​របស់លោក​ខាងលិច​, រដ្ឋ​ឈូង​សមុទ្រ និង​ក្រុម​ឧទ្ទាម ហើយ​រុស្ស៊ី​ប្រឹង​ចំណាយ​ទ័ព​, លុយ និង​សព្វាវុធ​ក្នុង​សង្គ្រាម​នេះ​គ្មាន​ន័យ​អ្វី​នោះ​។

​មួយទៀត​ទាក់ទង​បញ្ហា ភូមិសាស្ត្រ​នយោបាយ​វិញ​នោះ របប​ដឹកនាំ​អាសា​ដដែល​គ្រប់គ្រង​ស៊ី​រី​ទំនងជា​សម្ព័ន្ធមិត្ត​សំខាន់​ចុងក្រោយ​បន្ទាប់ពី​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា​។ បើ​រុស្ស៊ី​បណ្តែតបណ្តោយ​ឲ្យ​របូត​បាត់ អាសាដ ពី​ក្បាលម៉ាស៊ីន​ដឹកនាំ​ទៀត រុស្ស៊ី​ក្តី ឬ​អ៊ីរ៉ង់​ក្តី​ក៏​ពិបាក​ពង្រឹង​ឥទ្ធិពល​និង​ឈរជើង​នៅ​មជ្ឈិមបូព៌ា​ទៀត​ដែរ​។ នេះ​ក៏ដោយ​សារ រដ្ឋាភិបាល​ដែលជា​អ្នក​ស្និទ្ធ​និង​មាន​ទំនោរ​ទៅរក​លោកខាងលិច​នោះ​នឹង​ឡើងកាន់តំណែង​ម្តង​។ ក្នុងនាម​ជា​មេដឹកនាំ​កំពូល​របស់​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មាន​ជំហរ​រឹងត្អឹង​ចំពោះ​លោកខាងលិច ហើយ​លោក​នៅតែមាន​មហិច្ឆតា​ពង្រឹង​ឥទ្ធិពល​រុស្ស៊ី​ឡើងវិញ​ដូច​សម័យ​សហភាពសូវៀត​ដែរ​។ ដូច្នេះហើយ ការបើកផ្លូវ​ឲ្យ​លោកខាងលិច​ទម្លាក់ អាសាដ មិនមែន​អ្វីដែល​លោក ពូ​ទីន ចង់ឃើញ​ឡើយ​។​

​មួយទៀត លោក វ្ល៉ា​ឌី​មៀ ពូ​ទីន យល់ច្បាស់​ពី​កំហុសឆ្គង​មួយ​របស់​រុស្ស៊ី​នៅ​ឆ្នាំ ២០១១​លោក ឌី​មី​ទ្រី​ម៉េ​ដ​វេ​ដេ​វ ធ្វើជា​ប្រធានាធិបតី ដែល​លោក​មិន​ព្រម​ការពារ​លោក ម៉ូអាម៉ា ហ្កាដាហ្វី (Muammar Gaddafi) បណ្តោយ​ឲ្យ​លោកខាងលិច​ទម្លាក់​ពី​តំណែង​។  កន្លងមក​លោក ពូ​ទីន ក៏​សោកស្តាយ​ផងដែរ​ចំពោះ​បញ្ហា​ដែល​កើតឡើង​នៅ​លី​ប៊ី ជាពិសេស រឿង​ដែល​បក្សសម្ព័ន្ធ​យោធា​ណា​តូ សម្លាប់​លោក ហ្កាដាហ្វី នោះ​៕


Tag:
 ស៊ី​រី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  បា​សា អាល់ អាសាដ​
 ​ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com