អន្តរជាតិ
សេ​អ៊ូ​ល​៖ អាមេរិក​មិន​វាយ​កូរ៉េខាងជើង​តែឯង ដោយ​គ្មាន​វត្តមាន​​កូរ៉េខាងត្បូង​ឡើយ​
11, Apr 2017 , 4:13 pm        
រូបភាព
កងទ័ពអាមេរិក និងកូរ៉េខាងត្បូង ក្នុងសមយុទ្ធរួមគ្នា (រូបភាព Xinhua)
កងទ័ពអាមេរិក និងកូរ៉េខាងត្បូង ក្នុងសមយុទ្ធរួមគ្នា (រូបភាព Xinhua)
​អាមេរិក និង​កូរ៉េខាងត្បូង បានបង្ហាញ​ជំហរ​ផ្ទុយគ្នា​លើ​ការប្រើប្រាស់​កម្លាំង​ទ័ព​ដើម្បី​វាយប្រហារ​លើ​កូរ៉េខាងជើង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ធ្លាប់​និយាយថា អាមេរិក​អាច​វាយ​កូរ៉េខាងជើង​តែម្នាក់ឯង បើ​នៅតែ​មិនអាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​ទេនោះ​។ ប៉ុន្តែ​កូរ៉េខាងត្បូង បែរជា​ចេញមក​ប្រកាស​ដែរ​ថា បើ​អាមេរិក​ពិតជា​ចង់​ប្រើ​កម្លាំង​ទ័ព​វាយ​កូរ៉េខាងជើង​មែន អាមេរិក​ក៏ត្រូវ​សួរ​យោបល់ ឬក៏​ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ពី​កូរ៉េខាងត្បូង​ដែរ ព្រោះ​ប្រទេស​ទាំងពីរ​ជា​សម្ព័ន្ធមិត្ត​។​


​កូរ៉េខាងត្បូង បានបង្ហាញ​ជំហរ​មិន​ស្របគ្នា​នឹង​អាមេរិក ជា​សម្ព័ន្ធមិត្ត​ដែល​ចង់​ប្រើ​ទ័ព​វាយប្រហារ​កូរ៉េខាងជើង​ជា​ឯកតោភាគី ដោយ​គ្មាន​វត្តមាន​របស់ខ្លួន​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១១ ខែមេសា បាន​និយាយថា រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមិន​បើក​ប្រតិបត្តិការ​យោធា​ប្រឆាំង​កូរ៉េខាងជើង ដោយ​មិនមាន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កូរ៉េខាងត្បូង​ឡើយ​។ នេះ​ក៏​ព្រោះតែ​កូរ៉េខាងត្បូង និង​អាមេរិក ជា​សម្ព័ន្ធមិត្ត​តាំងពី​ឆ្នាំ​១៩៥៣​មក​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង Moon Sang-gyun បាន​និយាយថា បើ​ពិតជា​ការវាយប្រហារ​ណា​មួយ​លើ​កូរ៉េខាងជើង​មែន ប្រតិបត្តិការ​យោធា​នោះ ត្រូវធ្វើឡើង​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​ការពា​រ​រួមគ្នា​រវាង​កូរ៉េខាងត្បូង និង​អាមេរិក​។ ការលើកឡើង​ដូចនេះ ធ្វើ​ឲ្យ​ស្រប​ពេលដែល​លទ្ធភាព​អាមេរិក​ប្រើ​ទ័ព​ធ្វើសង្គ្រាម​ប្រឆាំង​កូរ៉េខាងជើង​កើនឡើង​ខ្លាំង ក្រោយពេល​អាមេរិក​បាញ់​មី​ស៊ី​ល​ជិត​៦០​គ្រាប់​ដាក់​ស៊ី​រី​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លើកឡើង​ហើយ​ថា ការបាញ់​មី​ស៊ី​ល​ដាក់​ស៊ី​រី ជាការ​ព្រមាន​សម្រាប់​កូរ៉េខាងជើង​។ ប៉ុន្តែ​អាមេរិក ក៏​អាច​ប្រើ​ជម្រើស​ផ្សេងទៀត​ក្នុង​ទ​ប​ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង ដូចជា​ការប្រើ​កម្លាំង​ពិសេស​កម្ទេច​ក្បាលម៉ាស៊ីន​ដឹកនាំ​របប​ក្រុង​ព្យុងយ៉ាង​ជាដើម​។ យ៉ាងណាក្ដី កូរ៉េខាងត្បូង ហាក់​នៅ​រារែក​នឹង​ការធ្វើ​សង្គ្រាម​ជាមួយ​បងប្អូន​ឯង ព្រោះ​បើ​កូរ៉េខាងត្បូង​ចូល​ដៃ​ជាមួយ​អាមេរិក​ក្នុង​កម្ទេច​ប្រព័ន្ធ​ដឹកនាំ​ក្រុង​ព្យុងយ៉ាង វា​នឹង​នាំ​ឲ្យ​មាន​សង្គ្រាម​ពេញទី​ជាមិនខាន​។​

​សូមបញ្ជាក់ថា កូរ៉េខាងត្បូង និង​អាមេរិក ចុះសន្ធិសញ្ញា​ការពារជាតិ​រួមគ្នា​ក្នុង​ឆ្នាំ​១៩៥៣ ដែល​បង្កើតឡើង​ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ក្នុង​គ្រា​ប្រទេស​មួយទៀត​រង​ការវាយប្រហារ​ណាមួយ​។ សម្ព័ន្ធមិត្ត​ទាំងពីរ ក៏​បង្កើត​ទីបញ្ជាការ​កងទ័ព​រួមមួយ ដើម្បី​ដឹកនាំ​យុទ្ធសាស្ត្រ​ការពារ​គ្នា​ទៅវិញទៅមក​។ អាមេរិក បាន​ជួយ​កូរ៉េខាងត្បូង ក្នុង​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥០ ដល់​ឆ្នាំ​១៩៥៣ ទល់នឹង​កូរ៉េខាងជើង​។ បើទោះជា​សង្គ្រាម​ចប់​ក៏ដោយ តាម​បច្ចេកទេស កូរ៉េ​ទាំងពីរ នៅតែ​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម​នៅឡើយ​។​

​កូរ៉េខាងត្បូង ទំនងជា​មិន​ចង់​ធ្វើសង្គ្រាម​ជាមួយ​បងប្អូន​ឯង​ឡើយ តែ​ចង់​ប្រើប្រាស់​វិធីសាស្ត្រ​ទន់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ យ៉ាងណាមិញ អាមេរិក ដែលជា​ខ្នងបង្អែក​រឹងមាំ​របស់​កូរ៉េខាងត្បូង អស់​ការអត់ធ្មត់​ទៀតហើយ និង​ថែមទាំង​ព្រលយ​ពាក្យ​ប្រើប្រាស់​កម្លាំង​វាយ​កូរ៉េខាងជើង​តែម្ដង​។ បន្ថែម​ពីលើ​ទ័ព​ច្រើន​ម៉ឺន​នាក់​នៅ​កូរ៉េខាងត្បូង អាមេរិក​បាន​បញ្ជូន​ស​ព្វា​វុ​ធ​របស់ខ្លួន​ច្រើន​ទៅ​ឧបទ្វីប​កូរ៉េ ហើយ​ចុងក្រោយ​បាន​បញ្ជូន​នាវា​មួយក្រុម មាន​ទាំង​នាវា​ដឹក​យន្តហោះ​ទៅ​ក្បែរ​តំបន់​នោះ​ទៀត​៕


Tag:
 អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com