សិល្បះ
អន្តរជាតិ
បក្សប្រឆាំង​អ៊ីស្រាអែល​ពន្យា​ថ្ងៃ​បោះឆ្នោត​រើស​មេបក្ស ព្រោះ​ជាន់​ថ្ងៃ​ប្រគំ​តន្ត្រី​របស់ Britney Spears
11, Apr 2017 , 7:39 pm        
រូបភាព
ដោយ: ធីតា
​គណបក្ស​ការងារ​ដែលជា​បក្សប្រឆាំង​ចម្បង​នៅក្នុង​ប្រទេស​អ៊ីស្រាអែល បានសម្រេច​ចិត្ត​លើក​ពេល​បោះឆ្នោត​ជម្រើស​ប្រធាន​ថ្មី​របស់ខ្លួន​នា​អំឡុង​ខែកក្កដា ដើម្បី​ចៀសវាង​កុំ​ឲ្យ​ជាន់គ្នា​ចំ​ថ្ងៃ​ដែល​តារាចម្រៀង​អាមេរិក Britney Spears ត្រូវ​សម្តែង​នៅ​ទីក្រុង Tel-Aviv​។


​លោក Amir Petetz អតីត​ប្រធាន​គណបក្ស​ការងារ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ការពា​ជាតិ​អ៊ីស្រាអែល បាន​ថ្លែងប្រាប់​វិទ្យុ​កងទ័ព​ថា ការធ្វើ​សមាជ​បក្ស ចំ​ថ្ងៃ​ប្រគំ​តន្ត្រី​របស់ Britney Spears នឹងមាន​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​ការកកស្ទះ​ចរាចរណ៍​។​

​សម្រាប់​គណបក្ស​ការងារ បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​សន្តិសុខ សុវត្ថិភាព​។ មន្ត្រីជាន់ខ្ពស់​បក្ស​ម្នាក់ បាន​និយាយប្រាប់​សារព័ត៌មាន Haaretz ថា ប្រហែល​មិនមាន​កងកម្លាំង​សន្តិសុខ​គ្រប់គ្រាន់​ដែល​ត្រូវធ្វើ​កិច្ចការ​សម្រាប់​គណបក្ស​ការងារ​នោះឡើយ ពីព្រោះ​ពួកគេ​ត្រូវ​នាំគ្នា​ទៅ​មើល​តន្ត្រី​របស់ Britney Spears​។​

​ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង Britney Spears គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៣ ខែកក្កដា នៅ Hayarkon Park ខណៈ​គណបក្ស​ការងារ​ដែល​គ្រោង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​មជ្ឈមណ្ឌល Convention Center for Labor នៅ​ថ្ងៃ​ដដែល​នោះ ត្រូវ​លើក​ទៅ​ថ្ងៃទី​៤ ខែកក្កដា វិញ​។

​លោក Amir Petetz បានបញ្ជាក់​ប្រាប់ AFP ថា​៖ «​យើង​បានកំណត់​ថ្ងៃទី​៤ ខែកក្កដា វិញ ដែល​ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​របស់​សហរដ្ឋ​អាមេរិក​។ មាន​សារ​ជូនពរ​ជាច្រើន​សម្រាប់​បុណ្យ​ឯករាជ្យ​អាមេរិក ហើយ​យើង​ក៏ត្រូវ​រៀបចំ​ផងដែរ​។ ថ្ងៃទី​៤ ខែកក្កដា ពិតជា​សមរម្យ​ណាស់​»៕


Tag:
 អ៊ីស្រាអែល​
  Britney Spears
© រក្សាសិទ្ធិដោយ thmeythmey.com