អន្តរជាតិ
ប្រធានសភា​ឥណ្ឌូណេស៊ី​ស្ថិតក្រោម​បម្រាម​ធ្វើដំណើរ ព្រោះ​ពាក់ព័ន្ធ​ការ​កិបកេង​លុយ​រដ្ឋ ១៤០​លាន​ដុល្លារ​
11, Apr 2017 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នាក់ងារ​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី​បានសម្រេច​ហាម​ប្រធានសភា ចាក​ចេញពី​ប្រទេស​រយៈពេល ៦​ខែ​ដោយសារ​លោក​មាន​ជាប់​ពាក់ព័ន្ធ​ការ​កិបកេង​លុយ​រដ្ឋ​ជាង ១៧០​លាន​ដុល្លា​ក្នុង​គម្រោង​បង្កើត​អត្តសញ្ញាណប័ណ្ណ​ថ្មី​ដល់​ពលរដ្ឋ​ឥណ្ឌូណេស៊ី​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មន្ត្រី​អង្គភាព​នេះរ​ងករ​វាយប្រហារ​ដោយ​ទឹក​អាស៊ីត​ផងដែរ​ដោយសារ​កាន់​សំណុំរឿង​ពុករលួយ​ដ៏​ធំ​និង​រសើប​នេះ​។​


​ប្រធានរដ្ឋសភា​ឥណ្ឌូណេស៊ី Setya Novanto មិនអាច​ចាកចេញ​ពី​ប្រទេស​បានឡើយ​ក្នុង​រយៈពេល ៦​ខែ ដោយសារ​លោក​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​ពុករលួយ​។ នេះ​ជាការ​បញ្ជាក់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី ដែល​បានដាក់​បម្រាម​ធ្វើដំណើរ​ចំពោះ​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​ខាងលើនេះ​។​

​យោងតាម​សារព័ត៌មាន AFP អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រកឃើញថា សំណុំរឿង​ពុករលួយ​នេះ​ជា​ករណី​ធំ​បំផុត​ដែល​ខ្លួន​ធ្លាប់​ដោះស្រាយ​កន្លងមក​។ វា​មាន​ពាក់ព័ន្ធ​ការកេងប្រវ័ញ្ច​លុយ​រដ្ឋ​ជាង ១៧០​លាន​ដុល្លារ​ក្នុងពេល​ដែលមាន​ការប្រើ​ប្រាស់​ថវិការដ្ឋ​សម្រាប់​ចេញ​អត្តសញ្ញាណប័ណ្ណ​អេឡិចត្រូនិក​ថ្មី​សម្រាប់​ប្រជាជន​ឥណ្ឌូណេស៊ី​។​

​អង្គភាព​នេះ​បាន​បញ្ជាក់ថា ខ្លួន​បាន​ចោទប្រកាន់​ជនសង្ស័យ​ពីរ​នាក់​ពាក់ព័ន្ធ​សំណុំ​រឿងនេះ​ជា​ផ្លូវការ ហើយ​ពួកគេ​បាន​សារភាពថា អ្នកនយោបាយ​យ៉ាងហោចណាស់ ៣៧​រូប​ដែល​បានទទួល​ប្រយោជន៍​ពី​ការ​លួច​លុយ​រដ្ឋ​ដែល​ប្រើប្រាស់​សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​នេះ ក្នុងនោះ​មាន​ប្រធានសភា Novanto ផង​។​

​លោក Novanto ជា​ប្រធាន​នៃ​គណបក្សនយោបាយ Golkar ដែលជា​គណបក្ស​ធំ​បំផុត​លេខ​រៀង​ទី​ពីរ​នៅ​ឥណ្ឌូណេស៊ី​។ លោក​មិនទាន់​រង​ការចោទប្រកាន់​ជា​ផ្លូវការ​ទេ ប៉ុន្តែ​លោក​ធ្លាប់បាន​បដិសេធ​ដែរ​ចំពោះ​ការសង្ស័យថា​លោក​ជាប់​ពាក់ព័ន្ធ​សំណុំរឿង​កេងប្រវ័ញ្ច​លុយ​រដ្ឋ​នោះ​។​

​ដោយឡែក អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី​នេះ បាន​រង​សម្ពាធ​និង​ការគំរាមកំហែង​ផល​ដែរ​នៅពេលដែល​ខ្លួន​កាន់កាប់​សំណុំរឿង​ធំ​ដែលមាន​ពាក់ព័ន្ធ​មន្ត្រី​នយោបាយ​ជាន់ខ្ពស់​បែបនេះ​។​

​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​វាយប្រហារ​លើ​មន្ត្រីជាន់ខ្ពស់​អង្គភាព​ប្រឆាំង​អំ​ពោះ​ពុករលួយ​លោក Novel Baswedan ដោយ​ប្រើប្រាស់​ទឹក​អាស៊ីត​។ លោក​កំពុង​ទទួលបាន​ការព្យាបាល ហើយ​ប៉ួ​លិ​សបាន​បន្ត​ស៊ើបអង្កេត​ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​ថា តើ​ការវាយប្រហារ​នេះ​មកពី​លោក​កាន់​សំណុំរឿង​ពុករលួយ​នេះ​ឬ​អត់ និង​ដើម្បី​វែកមុខ​ជនបង្ក​និង​មេខ្លោង​ផងដែរ​។ យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ​បាន​បដិសេធ​បកស្រាយ​ពាក់ព័ន្ធ​ការវាយប្រហារ​នេះ​៕


Tag:
 ឥណ្ឌូណេស៊ី​
  Setya Novanto
  អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com