អន្តរជាតិ
ក្រុម​ប្រទេស G7 ទាមទារ​ឲ្យ​រុស្ស៊ី​ឈប់​គាំទ្រ​របប​ដឹកនាំ​អាសាដ
11, Apr 2017 , 5:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​ក្រុម​ប្រទេស ៧ ជួបប្រជុំគ្នា​នៅ​ប្រទេស​អ៊ីតាលី​។ ប្រធានបទ​ក្តៅ​ដែល​គ្រប       ដណ្តប់​កិច្ចពិភាក្សា​គឺ​បញ្ហា​ស៊ី​រី​ក្រោយ​អាមេរិក​បាញ់​ផ្លោង​មី​ស៊ី​ល ៥៩​គ្រាប់​កម្ទេច​មូលដ្ឋានទ័ព​អាកាស​ស៊ី​រី​នា​ក្រុង Homs​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស​និង​បារាំង បានទាមទារ​ឲ្យ​រុស្ស៊ី​បញ្ចប់​ការគាំទ្រ​របប​ដឹកនាំ​ស៊ី​រី និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​ដើម្បី​បញ្ចប់​បញ្ហា​ស៊ី​រី​ដែរ​។


​នៅ​ថ្ងៃ​ចន្ទ ទី ១០ មេសា បណ្តា​រដ្ឋមន្ត្រីការបរទេស​ប្រទេស ៧ ជួបប្រជុំគ្នា​នៅ​ទីក្រុង Lucca អ៊ីតាលី ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទំនង​និង​បញ្ហា​សន្តិសុខ​ពិភពលោក​ជាដើម​។ ដើមឡើយ​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​រយៈពេល​ពីរ​ថ្ងៃនេះ គេ​ត្រៀម​ជជែក​គ្នា​ពី​បញ្ហា​សន្តិសុខ​នៅ​លី​ប៊ី បញ្ហា​អ៊ុយ​ក្រែ​ន​និង​បញ្ហា​អ៊ីរ៉ង់​ដែរ​។ ប៉ុន្តែ​ដោយសារ​បញ្ហា​សង្គ្រាម​ស៊ី​រី​ក្តៅ​ខ្លាំង រដ្ឋមន្ត្រីការបរទេស​ក្រុម​ប្រទេស​៧ នេះ​នាំគ្នា​ផ្តោត​សំខាន់​លើ​តែ​បញ្ហា​ស៊ី​រី​ប៉ុណ្ណោះ​។​

​យោងតាម​ទីភ្នាក់ងារ AFP ក្នុងពេល​ជួបជុំគ្នា​នេះ បណ្តា​រដ្ឋមន្ត្រី​ប្រទេស ៧ បាន​នាំ​ទិតៀន​រុស្ស៊ី​និង​របប​ដឹកនាំ​ស៊ី​រី ពាក់ព័ន្ធ​បញ្ហា​ដែល​កើតឡើង​នៅក្នុង​ទឹកដី​ស៊ី​រី ជាពិសេស​ការប្រើប្រាស់​អា​វុ​ធ​គីមី​នៅ​ខេត្ត Idlib​។

 រដ្ឋមន្ត្រីការបរទេស​អង់​គេ្ល​សលោក Boris Johnson បាន​ព្រលះ​រុស្ស៊ី​ចាស់ដៃ ហើយ​លោក​បាន​លើកឡើងថា វា​ជា​ពេលដែល​មេដឹកនាំ​រុស្ស៊ី​ត្រូវ​ប្រឈមមុខ​ជាមួយ​ការពិត​ដោយសារ​លោក​បន្ត​គាំទ្រ​របប​ផ្តាច់ការ​។ លោក​ក៏​ទាមទារ​ឲ្យ​រុស្ស៊ី​បញ្ឈប់​រាល់​ការគាំទ្រ​របប​ដឹកនាំ​ស៊ី​រី​បច្ចុប្បន្ន និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​ដំណោះស្រាយ​នយោបាយ​ចេញ​ជា​ផ្លូវការ​ដែរ​។​

​ចំណែក​រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Marc Ayrault បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ផងដែរ​ថា ក្រុម​ប្រទេស ៧​មាន​កាតព្វកិច្ច​ចម្បង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​និង​បង្កើត​សម័យ​អន្តរកាល​នយោបាយ​នៅ​ស៊ី​រី​។ ដោះស្រាយ​បញ្ហា​ស៊ី​រី​ជា​ជំហាន​មួយ​ឆ្ពោះទៅ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​។

​ជម្លោះ​ស៊ី​រី​កាន់តែ​ក្តៅ ដោយសារ​កាលពី​សប្តាហ៍​មុន អាមេរិក​បាន​បាញ់​ផ្លោង​មី​ស៊ី​ល Tomahawk ៥៩​គ្រាប់​ចូល​ទឹកដី​ស៊ី​រី​ដោយ​បំផ្លាញ​មូលដ្ឋាន​ទ័ពអាកាស Shayrat នៅក្បែរ​ក្រុង Homs​។ ក្រោយ​ការវាយប្រហារ​នេះ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​លោក James Mattis បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដើម្បី​បង្អួត​ពី​ជោគជ័យ​របស់ខ្លួន​ក្នុងការ​កំញើញ​របប​ដឹកនាំ​លោក បា​សា អាល់​អាសាដ​។ 
 
​ប្រមុខ​ការពារជាតិ​អាមេរិក បានលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា មី​ស៊ី​ល​អាមេរិក​បាន​កម្ទេច​យន្តហោះ​អស់​មួយ​ភាគ​ប្រាំ​ឬ​ស្មើ ២០​ភាគរយ​នៃ​យន្តហោះ​ដែល​របប​ដឹកនាំ​បា​សា អាល់​អាសាដ មាន​ទាំងអស់​។​ការវាយប្រហារ​នេះ​ជាការ​ឆ្លើយតប​ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ខេត្ត Idlib ដែល​បានសម្លាប់​ជន​ស៊ីវិល​អស់យ៉ាង​ហោចណាស់ ៧០​នាក់​នោះ​។​

«​អាមេរិក​នឹងមិន​បន្ត​នៅ​ស្ងៀម​ចាំមើល របប​ដឹកនាំ​អាសាដ សម្លាប់​ជន​ស៊ីវិល​ដោយ​ប្រើ​អាវុធ​គីមី​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​ច្បាប់​អន្តរជាតិ និង​ជា​អ្វីដែល​ស៊ី​រី​ខ្លួនឯងបាន​សន្យា​កម្ទេចចោល​អស់​ឡើយ​»៕


Tag:
 James Mattis
  ស៊ី​រី​
  G7
  Boris Johnson
  Jean-Marc Ayrault
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com