អន្តរជាតិ
អាស៊ីអាគ្នេយ៍​កាន់តែ​រងគ្រោះថ្នាក់​ដោយសា​រ​ការវាយប្រហារ​ភេរវកម្ម​ម្នាក់ៗ​ឯង
12, Apr 2017 , 9:39 am        
រូបភាព
រូបភាព៖ Asia Times
រូបភាព៖ Asia Times
ដោយ: ថ្មីៗ
​អ្នកជំនាញ​សន្តិសុខ​បាន​ព្រមាន​ថា គ្រោះថ្នាក់​ដែល​កើតឡើង​ព្រោះ​ចលនា​ភេរវកម្ម​កើនឡើង​ខ្លាំង​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នាពេល​បច្ចុប្បន្ន​ដោយសារ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) បន្ត​ជំរុញ​ឲ្យ​បរិវា​ខ្លួន​ចាប់​ផ្តើមធ្វើ​សកម្មភាព​ក្នុង​តំបន់​ផ្ទាល់​។ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​ចាប់ផ្តើម​ងាក​មក​តំបន់​អាស៊ីអាគ្នេយ៍​ដោយសារតែ​ក្រុម​នេះ​បាត់បង់​ឥទ្ធិពល​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​រួចទៅហើយ​។​អ្វីដែល​គួរ​ឲ្យ​បារម្ភ ការវាយប្រហារ​ភាគច្រើន​អាច​នឹង​បង្កឡើង​ដោយ​មនុស្ស​ម្នាក់ៗ ដែលជា​រឿង​ពិបាក​ទប់ស្កាត់​បំផុត​។​


​ការរង​គ្រោះ​ដោយសារ​ចលនា​ភេរវកម្ម​មិនមែនជា​រឿង​ថ្មី​ទេ​សម្រាប់​ប្រទេស​អាស៊ាន​ដូចជា​ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី  និង​ហ្វីលីពីន​នោះ​។ ប៉ុន្តែ អ្នកជំនាញ​សន្តិសុខ​និង​ភេរវកម្ម​បាន​ព្រមាន​ថា មកដល់​ពេលបច្ចុប្បន្ន​នេះ​ហានិភ័យ​ដែល​បង្កដោយ​ក្រុម​ភេរវជន​កើនឡើង​កាន់តែច្រើន​ថែមទៀត​។​

១. ភេរវជន​រដ្ឋ​ឥស្លាម បន្ត​ជំរុញ​ឲ្យ​បរិវា​ខ្លួន​ធ្វើ​សកម្មភាព​ក្នុងស្រុក​ដោយ​មិនចាំបាច់​ទៅ​ស៊ី​រី​ទេ​

​យោងតាម​សារព័ត៌មាន Channel News Asia អ្នកជំនាញ​បាន​ព្រមាន​ថា មូលហេតុ​ចម្បង​ដែល​បណ្តាល​ឲ្យ​មាន​បញ្ហា​បែបនេះ​ដោយសារតែ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​បន្ត​បាត់បង់​ទឹកដី​ដែល​ខ្លួន​កាន់កាប់​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់ ហើយ​បរិវារ​បស់​ក្រុម​នេះ​ដែល​បាន​ចេញទៅ​ច្បាំង​នៅ​មជ្ឈិមបូព៌ា​ត្រូវ​ត្រឡប់មក​ប្រទេស​កំណើត​របស់ខ្លួន​វិញ​។​

​ចំណែក​ហេតុផល​មួយវិញទៀត ក្រុម​ជ្រុលនិយម​ដែល​ស្ថិតនៅ​តំបន់​អាស៊ីអាគ្នេយ៍​ស្រាប់​នោះ​ពិបាកធ្វើ​ដំណើរ​ទៅ​ចួ​ល​រួម​ធ្វើសង្គ្រាម​ជី​ហាត​នៅ​មជ្ឈិមបូព៌ា ហើយ​ពួកគេ​ត្រូវ​បង្ខំចិត្ត​ធ្វើ​សកម្មភាព​នៅក្នុង​តំបន់​ជំនួស​វិញ​។​

«​វា​ជា​រឿង​លំបាក​ណាស់​បច្ចុប្បន្ន​សម្រាប់​បរិវា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​ស៊ី​រី​។ យើង​មើលឃើញថា ការធ្វើសកម្មភាព​ភេរវកម្ម​ម្នាក់ៗ​ឯង​កើនឡើង​កាន់តែច្រើន ស្រប​ពេលដែល​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​បន្ត​អំពាវនាវ​ឲ្យ​បរិវា​ពួកគេ​ចាប់ផ្តើម​វាយប្រហារ​នៅ​ប្រទេស​របស់​ពួកគេ​ផ្ទាល់ បើសិនជា​គេ​មិនអាច​ឆ្លង​មក​ស៊ី​រី​បាន​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Ayob Khan Mydin Pitchay ប្រធាន​អង្គការ​ភាព​ប្រឆាំង​ភេរវកម្ម​ម៉ាឡេស៊ី​។​

​ប្រធាន​អង្គភាព​ខាងលើ បានបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ប្រជាជន​ម៉ាឡេស៊ី ៥៧​នាក់​កំពុង​ស្ថិតនៅ​ស៊ី​រី ក្នុងនោះ​មាន ១៧​នាក់​ជា​ក្មេងៗ​។ ហើយ​ចាប់ពី ២០១៣ មកដល់​បច្ចុប្បន្ន ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​ជនសង្ស័យ​ដែលជា​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ចំនួន ២៤៩ នាក់ ក្នុងនោះ​មាន ១៥​នាក់​ជា​ទាហាន និង​បួន​នាក់​ទៀត​ជា​ប៉ូលិស​។ ១៣២​នាក់​ប៉ុណ្ណោះ​ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​នៅ​តុលាការ​។​

២.​ការវាយប្រហារ​ភេរវកម្ម​ម្នាក់ឯង​ជា​រឿង​ពិបាក​ទប់ស្កាត់​

​តាមពិតទៅ ការវាយប្រហារ​ភេរវកម្ម​ដែល​រៀបចំឡើង​ដោយ​មនុស្ស​ម្នាក់ៗ​កើតឡើង​ច្រើន​នៅ​តំបន់​អឺរ៉ុប អាមេរិក និង​នៅ​អាស៊ី​ជាដើម​។ ដូច​ឃើញស្រាប់​ប៉ុន្មាន​សប្តាហ៍​មុន ការវាយប្រហារ​នៅ​ក្រុង​ឡុង​ដ៍​អង់គ្លេស​បានសម្លាប់​មនុ​ស្ស បួន​នាក់ ហើយ​បន្ទាប់មក នៅ​សប្តាហ៍​មុន មនុស្ស​បួន​នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​ក្នុងករណី​បើកឡាន​កិន​មនុស្ស​នៅ​ទីប្រជុំជន​នៅ​ទីក្រុង​ស្តុក​ខុម​នៃ​ប្រទេស​ដា​ណឺ​ម៉ាក​។ មួយទៀត ការវាយប្រហារ​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ស្ថានីយ៍​រថភ្លើង​នៅ​ក្រុង St Petersburg របស់​រុស្ស៊ី ដោយ​សម្លាប់​មនុស្ស​ជាង ១០​នាក់​ផង​។​

​ក្រៅពី​អឺរ៉ុប នៅ​ខែកក្កដា​ឆ្នាំមុន វា​មានការ​វាយប្រហារ​នៅ​ក្រុង Solo កោះ​ជ្វា​កណ្តាល ហើយ​ដល់​ខែសីហា គេ​ឃើញ​មានការ​វាយប្រហារ​កើតឡើង​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ផងដែរ​។ ដល់​ខែតុលា​ឆ្នាំមុន ក្មេងប្រុស​វ័យ ២១​ឆ្នាំ​ម្នា​ក់បាន​វាយប្រហារ​លើ​មន្ត្រីប៉ូលិស​ពីរ​នាក់​នៅ Tangerang ប្រទេស​ឥណ្ឌូណេស៊ី​ដោយ​ប្រើប្រាស់​កាំបិត​និង​គ្រាប់បែក​ឆ្នៃ​។ ភាគច្រើន ក្រុម​ភេរវជន​ធ្វើ​សកម្មភាព​ម្នាក់ៗ​ឯង​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ម្នាក់ឯ​ង​នេះ អ្នកជំនាញ​ប្រឆាំង​ភេរវកម្ម Kumar Ramakrishna  ដែលជា​សាស្ត្រាចារ្យ​នៃ​សាលា S Rajaratnam សិង្ហ​បុរី បាន​លើកឡើងថា ការកំណត់​គោលដៅ​និង​ទប់ស្កាត់​ជន​ដែល​ចង់​ធ្វើ​សកម្មភាព​ភេរវកម្ម​ម្នាក់ៗ​ឯង​នេះ​ជា​រឿង​លំបាក​បំផុត​សម្រាប់​អាជ្ញាធរ​និង​មន្ត្រី​សន្តិសុខ​។​

«​ការវាយប្រហារ​ម្នាក់ឯង​បែបនេះ​ជា​រឿង​ពិបាក​ទប់ស្កាត់​សម្រាប់​មន្ត្រី​អនុវត្ត​ច្បាប់​។​ដូច្នេះហើយ​ប្រទេស​ណាមួយ​ដែល​ធ្លាប់​ប្រឈម​ហិង្សា​ជ្រុលនិយម នឹង​កាន់តែ​រងគ្រោះ​ខ្លាំង​ទៀត​។ បើ​គម្រោង​នេះ​រៀបចំ​ដោយ​មនុស្ស​ច្រើន វា​នឹងមាន​ការទំនាក់ទំនង​និង​សហការគ្នា​រវាង​អ្នកពាក់ព័ន្ធ​។ នេះ​មានន័យថា​ភ្នាក់ងារ​ចារកម្ម​ងាយ​នឹង​តាមដាន កំណត់​មុខសញ្ញា និង​ទប់ស្កាត់​»៕


Tag:
 ភេរវជន​រដ្ឋ​ឥស្លាម​
  អាស៊ីអាគ្នេយ៍​
  Ayob Khan Mydin Pitchay
© រក្សាសិទ្ធិដោយ thmeythmey.com