អន្តរជាតិ
កូរ៉េខាងជើង​បោះសម្ដី​៖ «​អាមេរិក​ចង់វាយ​តាមផ្លូវ​ណា​ក៏បាន ខ្លួន​កំដរ​បានជា​និច្ច​»
12, Apr 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​កូរ៉េខាងជើង បាន​ថ្កោលទោស​ការពង្រាយ​នាវាចម្បាំង​មួយ​កង​ពី​សំណាក់​អាមេរិក​នៅក្បែរ​ឧបទ្វីប​កូរ៉េ​។ កូរ៉េខាងជើង ចាត់ទុក​ការ​សម្ញែង​អានុភាព​យោធា​នេះ ជា​យុទ្ធសាស្ត្រ​របស់​អាមេរិក​ដើម្បី​ឈ្លានពាន​អធិបតេយ្យ​របស់ខ្លួន ហើយ​កូរ៉េខាងជើង​ក៏​ព្រមាន​ដែរ​ថា កងទ័ព​របស់ខ្លួន ត្រៀម​រួចរាល់​ហើយ​ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​។ អាមេរិក បាន​បញ្ជូន​នាវា​មួយក្រុម​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ Carl Vinson ទៅកាន់​ឧបទ្វីប​កូរ៉េ ដើម្បី​ទប់ទល់​ការ​គំរាម​ដែល​ចេះតែ​កើនឡើង​ពី​សំណាក់​កូរ៉េខាងជើង​។​


​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ កាន់តែ​ក្ដៅ​ឡើង ក្រោយ​ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​នាវាចម្បាំង​មួយ​កង​ទៅកាន់​តំបន់​នោះ​ដើម្បី​បង្ហាញ​អានុភាព​យោធា​ដាក់​កូរ៉េខាងជើង​។ ពីដំបូង នាវា​មួយ​កង​នេះ មាន​គម្រោង​ធ្វើដំណើរ​ទៅ​អូស្ត្រាលី ប៉ុន្តែ​បាន​ផ្លាស់ប្ដូរ​គោលដៅ​របស់ខ្លួន ហើយ​ធ្វើដំណើរ​ឆ្ពោះទៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ប៉ែក​ខាងលិច កៀក​នឹង​ឧបទ្វីប​កូរ៉េ​។ យ៉ាងណា កូរ៉េខាងជើង ហាក់​មិនបាន​ភ្ញាក់ផ្អើល​វត្តមាន​នាវា​មួយ​កង​នេះឡើយ និង​បាន​បោះសម្ដី​ថា ខ្លួន​ត្រៀមប្រយុទ្ធ​រួចហើយ​។ 

​កូរ៉េខាងជើង ក៏បាន​រិះគន់​ការពង្រាយ​នាវាចម្បាំង​មួយ​កង​របស់​អាមេរិក​នៅក្បែរ​ឧបទ្វីប​កូរ៉េ ដែល​ស្ថានការណ៍​កំពុង​តានតឹង​ខ្លាំង​ឡើងៗ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​ម្នាក់ ថា ការពង្រាយ​នាវាចម្បាំង​នេះ ដែលមាន​ទាំង​នាវា​ដឹក​យន្តហោះ USS Carl Vinson ផង​នោះ បានបង្ហាញ​ពី​បំណង​ឈ្លានពាន​របស់​អាមេរិក ដែល​មកដល់​ដំណាក់កាល​សំខាន់​ហើយ​។

​ក្នុងការ​អធិប្បាយ​លើកដំបូង​ជុំវិញ​វត្តមាន​យោធា​អាមេរិក​នៅ​ថ្ងៃទី​១១ ខែមេសា​នេះ កូរ៉េខាងជើង ក៏​ប្រកាស​ដែរ​ថា ខ្លួន​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក ហើយ​អាមេរិក​ចង់​ធ្វើសង្គ្រាម​អ្វី​ក៏បាន​ស្រេច​ចិត្ត​ចង់​។ ជាមួយ​ការប្រកាស​នេះ កូរ៉េខាងជើង គឺ​បាន​ផ្ញើ​សារ​ម៉ឺងម៉ាត់​ទៅ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ចង់​ប្រើប្រាស់​កម្លាំង​ទ័ព ដោះស្រាយ​បញ្ហា​នៅ​នុយក្លេអ៊ែរ ខណៈ​ការចរចា​មិនបាន​ផល​អ្វី​សោះ​។

​មន្ត្រីជាន់ខ្ពស់​អាមេរិក​នៅ​ថ្ងៃទី​៩ ខែមេសា​និយាយថា លោក ត្រាំ បាន​បញ្ជា​ឲ្យ​ទីប្រឹក្សា​សន្តិសុខ​របស់លោក រក​វិធីសាស្ត្រ​ទាំងឡាយ​ដើម្បី​ទប់ទល់​កូរ៉េខាងជើង​។ លោក ត្រាំ ធ្លាប់​បញ្ជាក់​ហើយ​ថា អាមេរិក អាច​ចាត់វិធានការ​ឯកតោភាគី ក្នុងការ​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង ដែល​មិនចេះ​ស្ដាប់​នរណា មិន​ស្ដាប់​ការព្រមាន​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ ហើយ​ថែមទាំង​បាន​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ឥតឈប់ឈរ​ទៀតផង​។​

​គេ​ជឿថា កូរ៉េខាងជើង អាច​សាកល្បង​នុយក្លេអ៊ែរ​ម្ដងទៀត​នៅ​អំឡុង​ខែមេសា​នេះ ដោយសារ​មានកម្ម​វិធី​ពិសេស​ជាច្រើន​។ នៅ​ចុង​សប្ដាហ៍​នេះ កូរ៉េខាងជើង នឹង​អបអរ​ខួបកំណើ់ត​ទី​១០៥​ឆ្នាំ របស់​ស្ថាបនិក​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង ដែល​តាម​ទម្លាប់​កន្លងមក ប្រទេស​នេះ​អាច​សាកល្បង​នុយក្លេអ៊ែរ​ឬក៏​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទៀតផង​។ កូរ៉េខាងជើង ក៏​កំពុងតែ​អភិវឌ្ឍ​មី​ស៊ី​ល​អន្តរទ្វីប ដែល​អាច​បាញ់​ដល់​អាមេរិក​ផងដែរ​៕  


Tag:
 កូរ៉េខាងជើង​
  អាមេរិក​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com