អន្តរជាតិ
ម៉ា​ឡា​ឡា ក្លាយជា អ្នក​នាំសារ​សន្តិភាព​សម្រាប់​ការអប់រំ​របស់​អង្គការសហប្រជាជាតិ​វ័យក្មេង​បំផុត​
12, Apr 2017 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រមុខ​អង្គការសហប្រជាជាតិ​លោក Antonio Guterres សម្រេច​តែងតាំង​ក្មេងស្រី​វ័យ ២០​ឆ្នាំ ម៉ា​ឡា​ឡា (Malala Yousafzai) ជា​អ្នក​នាំសារ​សន្តិភាព​អង្គការសហប្រជាជាតិ​សម្រាប់​ការអប់រំ​ក្មេងស្រី​។ ម៉ា​ឡា​ឡា ជា​អ្នកតស៊ូ​មតិ​សម្រាប់​ការអប់រំ​ក្មេងស្រី និង​ជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ក្មេង​បំផុត​លើ​ពិភពលោក​ផងដែរ​។​


​ម៉ា​ឡា​ឡា ត្រូវបាន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres តែ​តាំង​ជា​អ្នក​នាំសារ​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃ ១០​មេសា ឆ្នាំ​២០១៧​នេះ​។ ម៉ា​ឡា​ឡា​ដែលជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​និង​ជា​អ្នកតស៊ូ​មតិ​ជួយ​ឲ្យ​ក្មេងស្រី​បានទទួល​ការសិក្សា​រូបនេះ នឹង​ផ្តោត​សំខាន់​ការជំរុញ​និង​លើកស្ទួយ​អប់រំ​របស់​ក្មេងស្រី​ទូទាំង​ពិភពលោក​។​
​    ​
​យោងតាម​គេហទំព័រ​អង្គការសហប្រជាជាតិ កម្មវិធី​ផ្លូវការ​ដើម្បី​ប្រកាស​តួនាទី​ថ្មី​របស់ ម៉ា​ឡា​ឡា នេះ​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តា​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង ញូវយ៉ក​។  ជាមួយ​តួនាទី​ថ្មី​នេះ ម៉ា​ឡា​ឡា​នឹង​ក្លាយជា​តំណាង​ខ្ពស់បំផុត​របស់​យុវជន​ទូទាំង​ពិភពលោក​ដែល​ស្ថិតក្នុង​វិស័យ​អប់រំ​។​

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ថ្លែងថា​៖« ក្នុងពេលដែល​ប្រឈម​គ្រោះថ្នាក់​ធំ ម៉ា​ឡា​ឡា នៅតែ​បង្ហាញ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​ចំពោះ​ការគាំទ្រ​សិទ្ធិ​ស្ត្រី កុមារី និង​បណ្តា​ប្រជាជន​ទាំងអស់​។ សកម្មភាព​មុតមាំ​របស់​នាង​ក្នុងការ​គាំទ្រ​ការអប់រំ​កុមារី​បាន​ជំរុញ​និង​លើកទឹកចិត្ត​មនុស្ស​ទូទាំង​ពិភពលោក​រួចទៅហើយ​។ ឥឡូវនេះ ក្នុងនាម​ជា​អ្នក​នាំសារ​នៃ​សន្តិភាព​ក្មេង​បំផុត​របស់​អង្គការសហប្រជាជាតិ ម៉ា​ឡា​ឡា នឹង​អាចធ្វើ​ការងារ​បាន​ច្រើនជាង​មុន​ដើម្បី​បង្កើត​យុត្តិធម៌​និង​សន្តិភាព​ទូទាំង​ពិភពលោក​ផង​»​។​

​តាមពិតទៅ ម៉ា​ឡា​ឡា កើតឡើង​នៅ​ថ្ងៃ ១២ កក្កដា ឆ្នាំ ១៩៩៧ នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ ម៉ា​ឡា​ឡា បាន​ក្លាយជា​និមិត្តសញ្ញា​នៃ​ក្តីសង្ឃឹម​សម្រាប់​កុមារី​ក្នុង​ការទទួល​បានការ​អប់រំ​នៅ​ថ្ងៃ ៩​តុលា នៅពេលដែល​នាង​ត្រូវ​ក្រុម​តា​លី​បង់បាញ់​។ នាង​នៅ​អាច​រស់រានមានជីវិត​ក្រោយ​ការវាយប្រហារ ហើយ​ក្រោយមក​ក៏​ក្លាយជា​អ្នកតស៊ូ​មតិ​សម្រាប់​ក្មេងស្រីៗ​ដែល​មិន​ទទួលបាន​ការអប់រំ​រាប់លាន​នាក់​ទូទាំង​ពិ​ភ​លោក​ផង​។​

​មកដល់​ឆ្នា​ម ២០១៣ ម៉ា​ឡា​ឡា និង​ឪពុក​នាង​បានសម្រេច​បង្កើត​មូលនិធិ​មួយ​សម្រាប់​ជួយ​លើកកម្ពស់​ការយល់ដឹង​ពាក់ព័ន្ធ​ការអប់រំ​ក្មេងស្រី និង​ការបង្កើន​អំណាច​ដល់​ស្ត្រី​ផងដែរ​។ ឆ្នាំ ២០១៤ ម៉ា​ឡា​ឡា បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​ក្មេង​បំផុត​លើ​ពិភពលោក​៕


Tag:
 Antonio Guterres
  Malala Yousafzai
  អ្នក​នាំសារ​សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com