អន្តរជាតិ
 ឆ្នាំ​២០១៦៖ ចិន ប្រហារជីវិត​មនុស្ស​ច្រើនជាងគេ ឯ​អ៊ីរ៉ង់​នៅ​លេខ​២, អា​រ៉ា​ប៊ី​សា​អូឌីត​លេខ​៣
16, Apr 2017 , 10:59 pm        
រូបភាព
​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​បញ្ចេញ​របាយការណ៍​ស្ដីពី​ការអនុវត្ត​ទោស​ប្រហារជីវិត​ប្រចាំឆ្នាំ​២០១៦ ។ ចំនួន​អ្នកទោស​ត្រូវ​ប្រហារជីវិត​បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ គឺ​ប្រមាណ​៣៧​ភាគរយ បើ​ប្រៀបធៀប​ទិន្នន័យ​ឆ្នាំ​២០១៥ ។ របាយការណ៍​របស់​អង្គការសិទ្ធិមនុស្ស​បង្ហា​ញ​ថា ចិនប្រជាមានិត ជា​ប្រទេស​ដែល​ប្រហារជីវិត​ច្រើនជាងគេ ខណៈ​អ៊ីរ៉ង់​ស្ថិតនៅ​ចំណាត់​ទី​២ នៃ​តារាង​នេះ​។ ចំណែក​អាមេរិក​បាន​ខ្ទាត​ចេញពី​ចំណាត់​កំពូល​ទាំង​៥ ព្រោះ​អត្រា​នៃ​ការប្រហារជីវិត​ធ្លាក់ចុះ​ច្រើន​។

​របាយការណ៍​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​បង្ហាញថា មនុស្ស​យ៉ាងតិច​១០៣២​នាក់ ត្រូវបាន​ប្រហារជីវិត​ក្នុង​ឆ្នាំ​២០១៦ ធ្លាក់ចុះ​ចំនួន​៣៧​ភាគរយ បើ​ប្រៀបធៀប​ទិន្នន័យ​នឹង​ឆ្នាំ​២០១៥ ដែលមាន​ដល់​ទៅ​១៦៣៤​នាក់​។ ការធ្លាក់ចុះ​នេះ បណ្ដាលមកពី​ការធ្លាក់ចុះ​នៃ​ការប្រហារជីវិត​មនុស្ស​នៅ​អ៊ីរ៉ង់ និង​ប៉ា​គី​ស្ថាន​នាពេល​កន្លងមក​។ ចិន ជា​ប្រទេស​ប្រហារជីវិត​ច្រើនជាងគេ គឺ​ច្រើនជាង​ប្រទេស​ផ្សេង​បូក​បញ្ចូល​គ្នា​ទៅទៀត​។
 
​បើតាម​សារព័ត៌មាន BBC គេ​មិនដឹង​ច្បាស់​ពី​តួលេខ​នៃ​ការប្រហារជីវិត​នៅ​ចិន​ឡើយ ប៉ុន្តែ​គេ​ជឿថា​អាចមាន​លើស​មួយ​ពាន់​នាក់​។ នេះ​ក៏​ព្រោះតែ​ទិន្នន័យ​នៃ​ការប្រហារជីវិត​នៅ​ចិន មិន​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​ឡើយ​។ អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ អាមេរិក បាន​ធ្លាក់​ចេញពី​តំណែង​កំពូល​ទាំង​៥ ដែល​នេះ​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​២០០៦​មក​។ ប្រទេស​៥​ប្រហារជីវិត​ច្រើនជាងគេ គឺ​ចិន​, អ៊ីរ៉ង់​, ប៉ា​គី​ស្ថាន​, អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ីរ៉ាក់​។
​របាយការណ៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ​បង្ហាញថា ប៉ា​គី​ស្ថាន បាន​ប្រហារជីវិត​មនុស្ស​ចំនួន​យ៉ាងតិច​៨៧​នាក់​ក្នុង​ឆ្នាំ​២០១៦ ខណៈ​ប្រទេស​សម្លាប់​មនុស្ស​ដល់​ទៅ​៣២៦​នាក់​ក្នុង​ឆ្នាំ​២០១៥ ។ ចំណែក​អ៊ីរ៉ង់ ដែល​ស្ថិត​ចំណាត់​ទី​២ មានការ​ប្រហារជីវិត​ចំនួន​៥៦៧​នាក់​ក្នុង​ឆ្នាំ​២០១៦ ធ្លាក់ចុះ​ជាង​៤០០​នាក់ បើ​ប្រៀបធៀប​ឆ្នាំ​២០១៥ ដែលមាន​៩៧៧​នាក់​ឯណោះ​។ អ្នក​ត្រូវ​ប្រហារជីវិត​ភាគច្រើន ជា​ឈ្មួញ​លក់​ថ្នាំញៀន​តែម្ដង​។
​របាយការណ៍​ដដែល​នេះ បន្តថា ការប្រហារជីវិត​នៅ​តំបន់​អាហ្វ្រិក​ខាងជើង និង​មជ្ឈិមបូព៌ា បាន​ធ្លាក់ចុះ​២៨​ភាគរយ​។ នៅ​តំបន់​សាហា​រ៉ា ការអនុវត្ត​ទោស​ប្រហារជីវិត កើនឡើង​យ៉ាងខ្លាំង​ដល់​ទៅ​១៤៥​ភាគរយ ជាពិសេស​នៅ​នី​ហ្សេ​រី​យ៉ា​។ ចំណែក​អឺរ៉ុប និង​អាស៊ី​កណ្ដាល​វិញ មានតែ​ប្រទេស​ចំនួន​២​ប៉ុណ្ណោះ ដែល​បន្ត​អនុវត្ត​ទោស​ប្រហារជីវិត គឺ​បេឡា​រុស និង​កា​ហ្សា​ក់​ស្ថាន​។   
​និយាយ​ជារួម ទោស​ប្រហារជីវិត ត្រូវបាន​ប្រទេស​ជាច្រើន​បោះបង់​។ មកទល់​ឆ្នាំ​២០១៦ មាន​ប្រទេស​១០៤ បាន​លុបចោល​ទោស​ដ៍​ធ្ងន់​នេះ ខណៈ​កាលពី​ឆ្នាំ​១៩៩៧ មានតែ​៦៤​ប៉ុណ្ណោះ​។ ប្រទេស​ជាច្រើន បាន​ឈប់​អនុវត្ត​ទោស​នេះ​សម្រាប់​បទល្មើស​ទាំងអស់ ប៉ុន្តែ​ប្រទេស​ខ្លះទៀត​បន្ត​អនុវត្ត​ទោស​នេះ​សម្រាប់​បទល្មើស​ធំៗ​ដូចជា​ការសម្លាប់​មនុ​ស្ស​, រត់ពន្ធ​គ្រឿងញៀន និង​ការរំលោភបំពាន​ផ្លូវភេទ​ជាដើម​៕

Tag:
 ​ចិន​
  អ៊ីរ៉ង់​
  អា​រ៉ា​ប៊ី​សា​អូឌីត​
© រក្សាសិទ្ធិដោយ thmeythmey.com