អន្តរជាតិ
ពូ​ទីន ថា​លោក​មាន​ព័ត៌មាន​បញ្ជាក់ថា​អាមេរិក​មាន​ផែនការ​បាញ់​ផ្លោង​មី​ស៊ី​ល​ចូល​ស៊ី​រី​ជាថ្មីទៀត​
12, Apr 2017 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានលើកឡើង​នៅ​ថ្ងៃ​អង្គការ​ទី ១១ មេសា​ថា រុស្ស៊ី​មាន​ព័ត៌មាន​ដែល​អាច​បញ្ជាក់ថា អាមេរិក​បានរៀបចំ​គ​ម្រោ​ង​ដើម្បី​បាញ់​មី​ស៊ី​ល​ផ្លោងចូល​ស៊ី​រី​ថែមទៀត ហើយក៏​មាន​ផែនការ​ដើម្បី​បង្កើត​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​ការវាយប្រហារ​អាវុធ​គីមី​ថែមទៀត នៅ​ស៊ី​រី​ផង​ដើម្បី​បានជា​លេស​។


​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អ៊ីតាលី​លោក Sergio Mattarella ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​របស់​ក្រុង​វ៉ាស៊ីនតោន​នៅ​ស៊ី​រី​។ លោក​បាន​បញ្ជាក់ថា ក្រុង​វ៉ាស៊ីនតោន​មាន​ផែនការ​វាយប្រហារ​ស៊ី​រី​ដោយ​មី​ស៊ី​ល​ទៀត ហើយ​ការបង្កើត​ការចោទប្រកាន់​អាជា្ញធរ​រឿង​ប្រើប្រាស់​អាវុធ​គីមី​ថែមទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានបញ្ជាក់​ដូច្នេះ​៖« យើង​មាន​ព័ត៌មាន​ដែល​ន​បង្ហាញថា ការវាយប្រហារ​ដូច​កាល​កន្លងមក​ត្រូវបាន​គេ​រៀបចំ​ទៀតហើយ​។ វា​នៅ​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​ស៊ី​រី រួមទាំង​នៅ​ភាគខាងត្បូង​រដ្ឋធានី​ដា​ម៉ាស​ដែលជា​កន្លែង​ពួកគេ​រៀបចំ​ដាក់អាវុធ​គីមី និង​ចោទប្រកាន់​អាជ្ញាធរ​ស៊ី​រី​រឿង​ប្រើប្រាស់​អាវុធ​គីមី​នេះ​ផងដែរ​»​។​

​ប៉ុន្តែ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោក ពូ​ទីន មិនបាន​ផ្តល់​ភស្តុតាង​ឡើយ​ជុំវិញ​ការ​ប្រាប់​អ្នកសារព័ត៌មាន​ថា​លោក​មាន​ព័ត៌មាន​ជាក់លាក់​នោះ​។​
​តាមពិតទៅ លោក ពូ​ទីន ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​និង​ចោទ​អាមេរិក​នោះ​នៅតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​ពេលដែល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson ទៅដល់​ក្រុង​ម៉ូស្គូ​ដើម្បី​ជជែក​ពី​បញ្ហា​ទំនាក់ទំនង​ទ្វេភាគី​ផង​និង​បញ្ហា​ស៊ី​រី​ផង​។ គេ​ដឹង​ច្បាស់​ថា ប្រមុខ​ការទូត​អាមេរិក​ទៅ​រុស្ស៊ី ហើយនឹង​បន្ត​ស្កាត់​ជួប​មេដឹកនាំ​រុស្ស៊ី​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​រុស្ស៊ី​លះបង់​របប​ដឹកនាំ​ស៊ី​រី​។​

​រដ្ឋបាល ដូ​ណា​ល់ ត្រាំ បន្ត​ទាមទារ​ឲ្យ​រុស្ស៊ី​លះបង់​របប​ដឹកនាំ​ស៊ី​រី​របស់ បា​សា អាល់​អាសាដ បើសិនជា​រុស្ស៊ី​ចង់​ស្តារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​។ ក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ច្បាស់​ហើយ​ថា មេដឹកនាំ​ស៊ី​រី​បច្ចុប្បន្ន​គ្មាន​ភាពស្របច្បាប់​ដើម្បី​កាន់តំណែង​ឡើយ ហើយ​បើ​អាសាដ បន្ត​នៅ​កាន់តំណែង​សន្តិភាព​នៅ​ស៊ី​រី​គ្មាន​ថ្ងៃ​កើតឡើង​ឡើយ​។​

​យ៉ាងណាមិញ គេ​មិនឃើញ​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញថា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ត្រៀមខ្លួន​លះបង់​ប្រធានាធិបតី​ស៊ី​រី​លោក បា​សា អាល់​អាសាដ តាម​ការចង់បាន​រប​ស់​អាមេរិក​ឡើយ​។ ក្រោយ​ពេលដែល​ទាហាន​អាមេរិក​បាញ់​ផ្លោង​កម្ទេច​មូលដ្ឋានទ័ព​ស៊ី​រី​នៅ​ក្រុង Homs កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន លោក ពូ​ទីន ហាក់​ខឹងសម្បារ​ខ្លាំង​ហើយ​លោក​បានចាត់ទុក​សកម្ម​ភាព​គឃ្លើន​របស់​ក្រុង​វ៉ាស៊ីនតោន​ជាការ​ឈ្លានពាន​ប្រឆាំង​សមាជិក​អង្គការសហប្រជាជាតិ​ផងដែរ​។​

​លោក​ក៏បាន​បន្ត​ការពារ​រដ្ឋាភិបាល​ស៊ី​រី​ផងដែរ ពាក់ព័ន្ធ​ការចោទប្រកាន់​របស់លោក​ខាងលិច​ពាក់ព័ន្ធ​ការប្រើប្រាស់​អាវុធ​គីមី​នៅក្នុង​ខេត្ត Idlib កាលពី​សប្តាហ៍​មុន​ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៧០​នាក់​នោះ​។ រុស្ស៊ី​បកស្រាយ​ថា រដ្ឋាភិបាល​ស៊ិ​រី​មិនបាន​ប្រើប្រាស់​អាវុធ​គីមី​ឡើយ ប៉ុន្តែ​ទ័ព​រដ្ឋាភិបាល​ស៊ី​រី​បាន​វាយប្រហារ​លើ​ឃ្លាំង​អាវុធ​ដែលមាន​ផ្ទុក​អាវុធ​គីមី​ទើបបាន​ជាមាន​ធ្លាយ​សារធាតុពុល​ចេញ​និង​បង្ក​គ្រោះថ្នាក់​បែបនេះ​។ ប៉ុន្តែ​ការបកស្រាយ​នេះ​មិន​ត្រូវបាន​លោកខាងលិច​ទទួលយក​ឡើយ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
 ​ បា​សា អាល់​អាសាដ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com