អន្តរជាតិ
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​កាន់តែ​ចុះខ្សោយ​នៅ​កាន់កាប់​ទឹកដី​តិចជាង ៧​ភាគរយ​នៅ​អ៊ីរ៉ាក់​
12, Apr 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​បច្ចុប្បន្ន​កាន់កាប់​ទឹកដី​តិចជាង ៧​ភាគរយ​ប៉ុណ្ណោះ​នៅ​ទូទាំងប្រទេស​អ៊ីរ៉ាក់ ដែល​វា​ធ្លាក់ចុះ​ពី ៤០​ភាគរយ​ដែលជា​ទំហំ​ពួកគេ​ធ្លាប់​កាន់កាប់​កាលពី​បី​ឆ្នាំមុន​។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​បរាជ័យ​ដ៏​ធំ​របស់​ក្រុម​ភេរវជន​នេះ ហើយ​ពួកគេ​ក៏​កំពុង​ស្ថិតក្រោម​ការតាមប្រមាញ់​របស់​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ដែរ​។​


​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ (Daesh) កំពុង​បន្ត​ធ្លាក់ចុះ​ឥទ្ធិពល នៅក្នុង​ទឹកដី​អ៊ីរ៉ាក់​។ ទឹកដី​ដែល​ខ្លួន​ធ្លាប់​កាន់កាប់​មាន​ទំហំ ៤០​ភាគរយ​នៅ​អ៊ីរ៉ាក់ បាន​បន្ត​ធ្លាក់​ចុះមក​ត្រឹមតែ​ក្រោម​៧​ភាគរយ​ប៉ុណ្ណោះ​។​

​កងកម្លាំង​រដ្ឋាភិបាល​អ៊ីរ៉ាក​ដែល​ទទួលបាន​ការគាំទ្រ​ផ្លូវអាកាស​ពី​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​កំពុង​បន្ត​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដើម្បី​ដណ្តើមយក​ទីក្រុង Mosul​ទៀត ក្រោយពេល​ពួកគេ​បាន​វាយ​ដណ្តើម​ទឹកដី​ច្រើន​ផ្សេងទៀត​ពី​ក្រុម​ភេរវជន​នេះ​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ទីបញ្ជាការ​នៃ​សហការ​ប្រតិបត្តិ​ការរួម​ប្រឆាំង​ភេរវកម្ម Yahya Rasool បាន​បញ្ជាក់ថា ៖« ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហបាន​គ្រប់គ្រង​ទឹកដី ៤០​ភាគរយ​នៃ​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ ២០១៤​។ នៅត្រឹម​ថ្ងៃ ៣១ ខែមីនា​ឆ្នាំ ២០១៧ ពួកគេ​នៅសល់​ទឹកដី​សរុប​ត្រឹមតែ ៦,៨​ភាគរយ​ប៉ុណ្ណោះ​»​។​

​កន្លងមក​កងកម្លាំង​អន្តរជាតិ​និង​កងកម្លាំង​អ៊ីរ៉ាក់​ដែល​បន្ត​ច្បាំង​កម្ចាត់​ក្រុម​ភេរវជន​នេះ​មិន​ឯកភាពគ្នា​ឡើយ​លើ​ទំហំ​ទឹកដី​ដែល​ក្រុម​ភេ​វជន​រដ្ឋ​ឥស្លាម​នេះ​កាន់កាប់​ទាំងអស់ ប៉ុន្តែ​ជារួម​គេ​ដឹងថា ក្រុម​នេះ​បន្ត​ធ្លាក់​ចុះខ្សោយ​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុង​ក្រោយនេះ​ប៉ុណ្ណោះ​។​

​តាមពិតទៅ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​បាន​ដណ្តើម​កាន់កាប់​ទឹកដី​ក្រុង​ដ៏​ធំ​របស់​អ៊ីរ៉ាក់​ទី​ពីរ Mosul នេះ​នៅ​ខែមិថុនា​ឆ្នាំ ២០១៤ ហើយ​ក្រុម​នេះ​បន្ត​ដណ្តើម​កាន់កាប់​ទឹកដី​អ៊ីរ៉ាក់​បាន​យ៉ាង​ធំ​ល្វឹងល្វើយ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​ដល់​ខែតុលា​ឆ្នាំ ២០១៦ កងទ័ព​អ៊ីរ៉ាក់ ដោយមាន​ការគាំទ្រ​ពី​សំណាក់​កម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក​ផង​នោះ បាន​បើក​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​ដើម្បី​ដណ្តើមយក​ទឹកដី​ក្រុង Mosul ។​

​បច្ចុប្បន្ននេះ​សម្ព័ន្ធ​អន្តរជាតិ​ជាពិសេស​សហរដ្ឋអាមេរិក​កំពុង​បន្ត​ស្វែងរក​យុទ្ធសាស្ត្រ​មាន​ប្រសិទ្ធភាព​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​។ ក្រោយ​ការឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ មិនទាន់បាន​បញ្ចេញ​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឡើយ​។ ប៉ុន្តែ​កាលពី​សប្តាហ៍​មុនគេ​ឃើញ កូនប្រសា​រលោក ដូ​ណា​ល់ ត្រាំ ដែលជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​របស់លោក​ផង​នោះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​អ៊ីរ៉ាក់​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង​និង​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​ផង​៕


Tag:
 Daesh
  អ៊ីរ៉ាក់​
  Mosul
© រក្សាសិទ្ធិដោយ thmeythmey.com