អន្តរជាតិ
 រដ្ឋ​មួយ​នៅ​ឥណ្ឌា អ្នក​សម្លាប់សត្វ​គោ​អាច​ជាប់គុក​មួយជីវិត​និង​អ្នក​ដឹក​សាច់គោ​អាច​ជាប់​ដប់ឆ្នាំ​
18, Apr 2017 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋ Gujarat របស់​ឥណ្ឌា​បានសម្រេច​បង្កើន​ទោស​សម្រាប់​រាល់​មនុស្ស​ដែល​សម្លាប់សត្វ​គោ​។ អ្នក​ដែល​សម្លាប់​គោ​ប្រឈមមុខ​នឹង​ការកាត់ទោស​ឲ្យ​ជាប់គុក​មួយជីវិត ហើយ​អ្នក​ដឹកជញ្ជូន​សាច់សត្វ​គោ​ត្រូវ​ជាប់គុក ១០​ឆ្នាំ​ឯណោះ​។ វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដែល​បង្កើតឡើង​ដោយ​អ្នក​កាន់សាសនា​ហិណ្ឌូ​ដើម្បី​ដាក់​សម្ពាធ​លើ​អ្នក​ដែល​មិន​ប្រតិបត្តិ​សាសនា​ហិណ្ឌូ​ក្នុងសង្គម​ឥណ្ឌា​។

 
​ប្រហែលជា​មានតែ​នៅ​ឥណ្ឌា​ទេ ដែល​ការសម្លាប់​គោ​ជា​បទឧក្រិដ្ឋ ហើយ​អ្នកប្រព្រឹត្ត​អាច​ប្រឈម​នឹង​ការកាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពេញ​មួយជីវិត​ផងដែរ​។ ការដាក់ទោស​ធ្ងន់ធ្ងរ​ដល់​អ្នក​សម្លាប់សត្វ​គោ​នេះ​គឺ​នៅក្នុង​រដ្ឋ Gujarat ដែល​សម្បូរ​ដោយ​អ្នក​គោរព​ប្រតិបត្តិ​សាសនា​ហិណ្ឌូ​នោះ​។
​យោងតាម​សារព័ត៌មាន New York Times ការសម្រេច​បង្កើន​ទោ​សម្រាប់​អ្នក​សម្លាប់សត្វ​គោ​នេះ​ត្រូវបាន​ដាក់ចេញ​ក្រោយ​ពេលដែល​រដ្ឋបាល​បង្ក្រាប​កន្លែង​សត្តឃាត​សត្វ​គោ​ដែល​បង្កើតឡើង​ដោយ​ប្រជាជន​មូស្លីម​នៅ​រដ្ឋ Uttar Pradesh​។
 
​ហើយ​ការសម្រេចចិត្ត​នេះ​ក៏​កើតចេញពី​ការ​ឈ្នះឆ្នោត​របស់​គណបក្ស​ជាតិ​ហិណ្ឌូ Janata (BJP) របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ឈ្នះឆ្នោត​ក្នុង​រដ្ឋ Uttar Pradesh ភ្លូកទឹកភ្លូកដី​នោះ​។ ជ័យ​ជ​ម្ន​នេះ​វា​នាំ​ឲ្យ​មានការ​តែងតាំង​បុព្វ​ជិត​សាសនា​ហិណ្ឌូ​ដែលជា​អ្នកប្រតិបត្តិ​សាសនា​តឹងរ៉ឹង​ជ្រុល​Yogi Adityanath​ជា​ប្រមុខ​រដ្ឋាភិបាល​ប្រចាំ​រដ្ឋ​តែម្តង​។
​តាមពិតទៅ​នៅ​រដ្ឋ Uttar Pradesh គេ​អាច​សម្លាប់​គោ​យក​សាច់​បាន​នៅពេលដែល​សត្វ​ទាំងនោះ​លែង​អាច​ផលិត​ទៅ​ដោះ​គោ​បាន​។ ប៉ុន្តែ​ក្រុម​សកម្មជន​អ្នក​កាន់សាសនា​ហិណ្ឌូ​នៅ​រដ្ឋ Uttar Pradesh បាន​អះអាងថា រោងចក្រ​ខ្លះ​បានធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​សម្លាប់សត្វ​គោ​។
​ត្រឡប់មកវិញ​នៅ​រដ្ឋ Gujarat ការសម្លាប់​សត្វ​គោ​ជា​រឿង​ខុសច្បាប់​យូរហើយ ដោយសារ​វា​មានច្បាប់​ហាមឃាត់​។ នេះ​ក៏ ព្រោះ​នៅ​រដ្ឋ​នេះ​ធ្លាប់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​លោកនាយក​រដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី មុន​លោក​ក្លាយជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ ២០១៤​នោះ​។ ប៉ុន្តែ​ច្បាប់​នេះ​ដាក់​ទោសទណ្ឌ​ដល់​អ្នក​សម្លាប់សត្វ​គោ​ត្រឹមតែ​ជាប់គុក ៧​ឆ្នាំ​ប៉ុណ្ណោះ​អតិបរមា ខណៈពេលដែល​បច្ចុប្បន្ន​គេ​អាច​ជាប់គុក​មួយជីវិត​ឯណោះ​។
​ចំណែក​អ្នក​ដឹកជញ្ជូន​សាច់គោ​ក៏ត្រូវ​កាត់ទោស​ដូចគ្នា ហើយ​ទោស​សម្រាប់​បទល្មើស​នេះ​ត្រូវបាន​គេ​ដំឡើង​ពី​បី​ឆ្នាំ​ដល់ ១០​ឆ្នាំ​ឯណោះ​។ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​អាជ្ញាធរ​ក៏​អាចមាន​សិទ្ធិ​រឹបអូស​យក​រាល់​យាន្ត​ជំនិះ​ដែល​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​សាច់សត្វ​គោ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com