អន្តរជាតិ
ដូ​ណា​ល់ ត្រាំ ព្រមាន​ម្ដងទៀត «​កូរ៉េខាងជើង កំពុង​រក​បញ្ហា​ដាក់ខ្លួន​ហើយ​»
12, Apr 2017 , 2:25 pm        
រូបភាព
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ជាថ្មី​ទៀតថា ក្រុង​វ៉ាស៊ីនតោន ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​អន្តរាគមន៍​ដោយ​ខ្លួនឯង ដើម្បី​បញ្ចប់​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ នេះ ក៏​ព្រោះតែ​ចិន​នៅ​មិនទាន់មាន​ចំណាត់ការ​ធំដុំ​ណាមួយ​ឡើយ បើទោះជា​អាមេរិក​ទទូច​ឲ្យ​ជួយ​ច្រើនលើកច្រើនសារ​ក៏ដោយ ស្រប​ពេលដែល​កូរ៉េខាងជើង​ឯណោះ ក៏​មិន​ចាញ់​សំឡុត​របស់​អាមេរិក​ទៅទៀត​។ កូរ៉េខាងជើង ក៏​ប្រកាស​ក្ដែ​ងៗ​ហើយ​ថា ខ្លួន​ត្រៀម​រួចរាល់​ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​អាមេរិក​។​


​អាមេរិក និង​កូរ៉េខាងជើង កំពុង​ផ្លាស់ប្ដូរ​សង្គ្រាមពាក្យសម្ដី​ដាក់គ្នា​ទៅវិញទៅមក ដែល​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​តំបន់​អាស៊ី​ខាងកើត​ឡើងក​ម្ដៅ​កាន់តែខ្លាំង​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ព្រមាន​ចាត់វិធានការ​ឯកតោភាគី​ដើម្បី​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។ ការព្រមាន​នេះ ធ្វើឡើង​ខណៈដែល​នាវា​ដឹក​យន្តហោះ USS Carl Vinson ធ្វើដំណើរ​ទៅ​កៀក​ឧបទ្វីប​កូរ៉េ ដែល​នេះ​ជាការ​សម្ញែង​អានុភាព​យោធា ប៉ុន្តែ​កូរ៉េខាងជើង​មិន​ព្រឺ​នឹង​វត្តមាន​នាវា​នេះឡើយ​។​

​នៅ​ថ្ងៃទី​១១ ខែមេសា លោក ត្រាំ ក៏បាន​បន្ត​លើកឡើង​ពី​លទ្ធភាព​ដែល​អាមេរិក​ធ្វើ​អន្តរាគមន៍​ដោយ​ខ្លួនឯង បើ​ចិន​នៅតែ​មិន​ព្រម​ជួយ​ដោះស្រាយ​បញ្ហា​សម្ព័ន្ធមិត្ត​ក្បាលរឹង​របស់ខ្លួន​ទៀត​នោះ​។ កាលពី​ជំនួប​សប្ដាហ៍​មុន លោក ត្រាំ ក៏បាន​ស្នើ​ឲ្យ​ប្រធានាធិបតី ស៊ី ជីន​ភីង ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​ដោះស្រាយ​រឿងនេះ​។ ក្នុង​សារ​បង្ហោះ​លើ Twitter លោក ត្រាំ និយាយថា​៖ «​កូរ៉េខាងជើង កំពុង​រក​បញ្ហា​ដាក់ខ្លួន​ហើយ​។ វា​ជា​រឿង​ល្អ បើ​ចិន​សម្រេចចិត្ត​ជួយ តែបើ​មិន​ជួយ អាមេរិក​នឹង​ដោះស្រាយ​ដោយ​គ្មាន​ចិន​»​។​



​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក​រូបនេះ​ទំនង​យក​រឿង​ពាណិជ្ជកម្ម ដើម្បី​ទាក់ចិត្ត​ចិន​ឲ្យ​ជួយ​។ តាម​បណ្ដាញ​សង្គម Twitter លោក ត្រាំ បញ្ជាក់ថា លោក​បាន​ពន្យល់​ប្រធានាធិបតី​ចិន ពី​ផលប្រយោជន៍​ពាណិជ្ជកម្ម​ដែល​ប្រសើរ​ជាង​មុន បើ​ចិន​ព្រម​ជួយ​មែន​នោះ​។ ប៉ុន្តែ​មកទល់ពេលនេះ ចិន នៅតែ​មិនទាន់​ធ្វើ​អ្វី​នៅឡើយ​ទេ ក្រៅតែពី​ការស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​វិល​ចូល​តុ​ចរចា និង​មិន​ត្រូវធ្វើ​អ្វីដែល​ប៉ះពាល់​សន្តិភាព និង​ស្ថិរភាព​តំបន់​ឡើយ​។​


​សង្គ្រាមពាក្យសម្ដី​រវាង​អាមេរិក និង​កូរ៉េខាងជើង កាន់តែ​ក្ដៅគគុក ក្រោយ​អាមេរិក​បាញ់​មី​ស៊ី​ល​៥៩​គ្រាប់​ដាក់​ស៊ី​រី ដែល​គេ​ជឿថា​ជាការ​ព្រមាន​របប​ក្រុង​ព្យុងយ៉ាង​។ លោក ត្រាំ បញ្ជា​ឲ្យ​បាញ់​មី​ស៊ី​ល​នេះ ទាំង​ប្រធានាធិបតី​ចិន​កំពុង​ស្ថិតនៅ​ទឹកដី ហើយ​នេះ​ក៏​អាចជា​សញ្ញា​ប្រាប់​ចិន​ដែរ​ថា មី​ស៊ី​ល​ដូចគ្នានេះ​អាច​ធ្លា​ក់លើ​កូរ៉េខាងជើង​ដែរ​។ ប៉ុន្តែ​កូរ៉េខាងជើង​វិញ មិនបាន​ខ្លបខ្លាច​ការព្រមាន​រប​ស់​អាមេរិក​ឡើយ ហើយ​ថែមទាំង​បោះសម្ដី​ឲ្យ​អាមេរិក​វិញទៀត​។​

​គេ​ជឿថា កូរ៉េខាងជើង អាច​សាកល្បង​នុយក្លេអ៊ែរ​ម្ដងទៀត​នៅ​អំឡុង​ខែមេសា​នេះ ដោយសារ​មានកម្ម​វិធី​ពិសេស​ជាច្រើន​។ នៅ​ចុង​សប្ដាហ៍​នេះ កូរ៉េខាងជើង នឹង​អបអរ​ខួបកំណើ់ត​ទី​១០៥​ឆ្នាំ ថ្ងៃកំណើត​ស្ថាបនិក​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង ដែល​តាម​ទម្លាប់​កន្លងមក ប្រទេស​នេះ​អាច​សាកល្បង​នុយក្លេអ៊ែរ ឬក៏​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ក៏​ថា​បាន​។ បើ​ពិតជា​ដូច្នេះ​មែន ស្ថានការណ៍​ឧបទ្វីប​កូរ៉េ ច្បាស់​ជា​ធ្លាក់ចូល​គ្រោះថ្នាក់​មិន ដ្បិត​អាមេរិក​របស់លោក ត្រាំ ពិតជា​មិន​ស្ងៀម​ឲ្យ​កូរ៉េខាងជើង​អុង​អាត់​តែឯង​ឡើយ​៕    


Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com