អន្តរជាតិ
​ស្ត្រី​ឥណ្ឌា​ម្នាក់​រៀបការ​ជាមួយ​បុរស​៥​នាក់ ហើយ​អះអាងថា​រស់​យ៉ាង​រីករាយ​
17, Apr 2017 , 5:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
«Fraternal Polyandry» ជា​ប្រពៃណី​បែប​បុរាណ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ស្ត្រី​អាច​រៀបការ​ជាមួយ​បុរស​ចាប់ពី​២​នាក់​ឡើងទៅ ដោយ​បុរស​ទាំងនោះ គឺ​បងប្អូន​គ្នា​។ បើតាម​ការផ្សាយ​របស់​កាសែត​ឥណ្ឌា Meri News ស្ត្រី​ម្នា​ក់នៅ​ភូមិតូច​មួយ​នៃ​រដ្ឋ Uttarakhand កំពុង​អនុវត្ត​ប្រពៃណី​បែបនេះ ដោយបាន​រៀបការ​ជាមួយ​បុរស​ដែលជា​បងប្អូន​គ្នា​ចំនួន​៥​នាក់​។​
 
Rajo Verma ដែល​បច្ចុប្បន្ន​មាន​អាយុ​២៥​ឆ្នាំ បាន​លេចមុខ​លើ​បណ្តាញសារព័ត៌មាន​អន្តរជាតិ​ចាប់តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ ដោយ​ស្ត្រី​ដែល​រស់នៅ​ភូមិតូច​មួយ​នៃ​រដ្ឋ Uttarakhand នៃ​ប្រទេស​ឥណ្ឌា រូបនេះ បាន​អនុវត្ត​ប្រពៃណី​បែប​បុរាណ តាមរយៈ​ការ​រៀបការ​ជាមួយ​បុរស​៥​នាក់ ទៅតាម​ប្រពៃណី​បុរាណ «Fraternal Polyandry»​។ ប្រពៃណី​បែបនេះ​ធ្លាប់​អនុវត្ត​ដោយ​ជនជាតិ​ទី​បេ ដែល​ស្ថិត​ក្នុងប្រទេស​នេ​ប៉ាល់ ផ្នែក​មួយចំនួន​នៃ​ប្រទេស​ចិន និង​ភាគ​ខាងជើង​នៃ​ប្រទេស​ឥណ្ឌា​។​
 
Rajo និង​ស្វាមី​ទីមួយ​ឈ្មោះ Guddu បាន​រៀបការ​តាម​ប្រពៃណី​សាសនា​ហិណ្ឌូ តាំងពី​អំឡុង​ឆ្នាំ​២០០៩​មកម្ល៉េះ​។ ក្រោយមក Rajo បាន​រៀបការ​ជា​បន្តបន្ទាប់​ជាមួយ​ប្អូនប្រុស​របស់លោក Guddu ដែល​រួមមាន Baiju, Sant Ram, Gopal និង Dinesh​។​
 
​បើតាម​ការផ្សាយ​របស់​កាសែត​ឥណ្ឌា Merinews លោក Guddhu ដែលជា​ស្វាមី​ពេញ​ច្បាប់​តែ​ម្នាក់​នោះ បាន​អះអាងថា​៖ «​យើងទាំងអស់គ្នា​សុទ្ធ​តែមាន​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ Rajo​។ ខ្ញុំ​គ្មាន​ការ​ប្រចណ្ឌ​អ្វី​ឡើយ​។ យើង​ជា​គ្រួសារ​ធំ​មួយ​ដ៏​រីករាយ​»​។​
 
​បើតាម​ទំនៀម​បុរាណ​កន្លងមក ប្រព័ន្ធ Polyandry ដែល​អនុញ្ញាត​ឲ្យ​ស្ត្រី​រៀបការ​ជាមួយ​ប្តី​ច្រើន​នាក់​នោះ បានផ្តល់​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​មនុស្ស ហើយ​ការពារ​មិន​ឲ្យ​មានការ​បែងចែក​ទ្រព្យសម្បត្តិ ដីធ្លី ផ្ទះសម្បែង​នៅក្នុង​គ្រួសារ​។ 
 
​បើទោះបីជា​ប្រពៃណី​បែបនេះ មិន​បង្ហាញ​ពី​ក្តី​ស្រឡាញ់​ពិតប្រាកដ​ក៏ដោយ តែ​ក៏មាន​ការលើកឡើង​ផងដែរ​ថា កាលពី​សម័យ​ដើម ភូមិ​ឃុំ​ដាច់ស្រយាល តែងតែ​ពោរពេញ​ទៅ​គ្រោះថ្នាក់ និង​ភាពភ័យខ្លាច ដូច្នេះ​វា​ជា​ប្រការ​ល្អ​ដែល​ស្ត្រី​មាន​ស្វាមី​ជាច្រើន​នាក់​ចាំ​ជួយ​ការពារ​។​
 
Rajo អះអាងថា នាង​អាច​រៀបចំ​ជីវិត​បាន ពីព្រោះ​ម្តាយ​របស់​នាង​ក៏បាន​រៀបការ​ជាមួយ​បុរស​បីនាក់​ដែលជា​បងប្អូន​គ្នា​ផងដែរ​។ នាង​លើកឡើងថា​៖ «​ខ្ញុំ​មិន​ស្រឡាញ់​អ្នកណា​ជាង​អ្នកណា​នោះឡើយ​។ បន្ថែម​ពីនេះ ខ្ញុំ​ទទួលបាន​នូវ​ការយកចិត្តទុកដាក់​ច្រើន​បំផុត​»​។​
 
Rajo មានកូន​ប្រុស​ម្នាក់ ប៉ុន្តែ​នាង​មិនដឹង​ច្បាស់​ថា អ្នកណា​ជា​ឪពុក​បង្កើត​ពិតប្រាកដ​របស់​កូន​នោះឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ Rajo រស់នៅ​យ៉ាង​រីករាយ​ជាមួយ​ស្វាមី​៥​នាក់ ដោយមាន​ការកំណត់​កាលវិភាគ​នៅ​ជាមួយគ្នា​ពេលយប់​យ៉ាង​ត្រឹមត្រូវ​៕
 
 
 
 
 
 

Tag:
 ​ប្លែកៗ​
  ឥណ្ឌា​
  Polyandry
© រក្សាសិទ្ធិដោយ thmeythmey.com