អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ស៊ីម​បា​វ៉េ លក់​ដំរីព្រៃ​ឲ្យ​ចិន​ដើម្បី​ដោះបំណុល​
17, Apr 2017 , 9:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​ផ្តាច់ការ​វ័យ​ជរា  រ៉ូបឺត មូ​ហ្កា​បេ បា​នរក​វិធី​ដោះបំណុល​ដែល​ខ្លួន​ជំពាក់​មហា​យក្ស​ចិន​ដោយ​លក់​សត្វ​ដំរីព្រៃ​អាហ្វ្រិក​ដែល​ខ្លួន​មាន​ឲ្យ​ចិន​។ ការលក់​សត្វ​នេះ​ជា​សិទ្ធិ​របស់​ប្រទេសមួយ​មិន​ខុសច្បាប់​ឡើយ តែ​វា​ជា​រឿង​អសីលធម៌​មួយ​។​
 
​ស្ត្រី​ខ្លាំង​ជា​ភរិយា​របស់​មេដឹកនាំ​វ័យ​ជរា​របស់​ស៊ីម​បា​វ៉េ រូ​បឺត មូ​ហ្កា​បេ លោកស្រី Grace Mugabe បានសម្រេច​លក់​សត្វ​ដំរី​ក្មេងៗ​ចំនួន ៣៥​ក្បាល​ទៅ​ឲ្យ​ចិន​ដើម្បី​ដោះបំណុល​ដែល​ខ្លួន​ជំពាក់​នោះ​។ ក្រៅពី​សត្វ​ដំរី ស៊ីម​បា​វ៉េ ក៏បាន​លក់​សត្វ​តោ ៨​ក្បាល​, ឆ្កែព្រៃ ៨​ក្បាក និង​សត្វ​កវែង​មួយ​ក្បាល​ផងដែរ​។​
​រដ្ឋាភិបាល​ស៊ីម​បា​វ៉េ​មិនបាន​ប្រកាសថា​ខ្លួន​លក់​សត្វព្រៃ​ដើម្បី​ដោះបំណុល​ឡើយ ប៉ុន្តែ​គេ​ដឹង​ច្បាស់​ថា រដ្ឋាភិបាល​ក្រុង​ហា​រ៉េ​រេ​បាន​ជំពាក់​លុយ​ក្រុង​ប៉េកាំង​ច្រើនសន្ធឹក​បន្ទាប់ពី​ប្រទេស​នេះ​បញ្ជា​ទិញ​អាវុធ​ជាច្រើន​ពី​ចិន​នា​ឆ្នាំ ១៩៩៨​ដើម្បី​ជួយ​គាំទ្រ រដ្ឋាភិបាល​សាធារណរដ្ឋ​កុង​ហ្គោ របស់​ប្រធានាធិបតី Laurent Kabila នោះ​។​
 
​បើតាម​សារព័ត៌មាន​អាហ្វ្រិក All African ការលក់​សត្វព្រៃ​ឲ្យ​ចិន​នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ​សម្រាប់​ប្រទេស​ស៊ីម​បា​វ៉េ ហើយ​វា​ក៏​មិនមែន​មានតែ​ប្រទេស​នេះ​មួយ​ដែរ​ដែល​ធ្វើ​របៀបនេះ​។ ប្រទេស​ជាច្រើន​នៅ​តំបន់​អាហ្វ្រិក​ខាងលិច​សុទ្ធតែ​លក់​សត្វព្រៃ​ទៅ​ឲ្យ​ប្រទេស​ដទៃ​ជាពិសេស​ប្រទេស​ធំៗ ក្នុងនោះ​មាន​ទាំង​អាមេរិក​ផង​។ កាលពី​ខែមករា​ឆ្នាំ ២០១៦ អាមេរិក​បានអនុញ្ញាត​ឲ្យ​ប្រទេស​ស្វា​ស៊ី​ឡង់ នាំ​សត្វ​ដំរី ១៨​ក្បាល​ទៅកាន់​សួនសត្វ​របស់ខ្លួន​ផង​។ ហើយ​ចន្លោះ​ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០១៤ សត្វ​រមាស​ពណ៌​ស​ចំនួន ៥០០​ក្បាល​និង​ដំរី​យ៉ាងហោចណាស់ ២០​ក្បាល​ត្រូវបាន​គេ​នាំ​ចេញពី​រដ្ឋ​អាហ្វ្រិក​ទាំងអស់​។​
 
 ទោះជា​វា​មិន​រំលោភច្បាប់​ក៏ដោយ គេ​មើលឃើញថា ការលក់​សត្វព្រៃ​ពី​ប្រទេសមួយ​ទៅ​ប្រទេសមួយ​នេះ​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​សត្វព្រៃ​និង​អសីលធម៌ ។ បណ្តា​ក្រុម​អ្នក​អភិរក្ស​សត្វព្រៃ​និង​អង្គការ​សត្វព្រៃ​បារម្ភ​ថា សត្វ​ដំរី​ដែល​ត្រូវបាន​គេ​លក់​ចេញ​នេះ​នឹង​ត្រូវគេ​យកទៅ​ប្រើប្រាស់​ជា​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នានា​ជាពិសេស​កសិកម្ម​និង​ទេសចរ ហើយ​ម្យ៉ាងទៀត​គេ​អាច​ប្រើប្រាស់​វា​ដើម្បី​ចិញ្ចឹម​យក​ភ្លុក​ដើម្បី​លក់​យកលុយ​ចំណេញ​ច្រើន​សន្ធឹកសន្ធាប់​ផង​។ វារឹតតែ​គ្រោះថ្នាក់​នៅពេលដែល​ដំរី​ត្រូវបាន​គេ​បញ្ជូនទៅ​ចិន ខណៈដែល​ជំនួញ​ភ្លុក​ដំរី កុយរមាស​រីកដុសដាល​ពេញ​ស្រុក​ចិន​នោះ​។​
 
​ពាក់ព័ន្ធ​ការបារម្ភ រដ្ឋាភិបាល​ស៊ីម​បា​វ៉េ និង​ក្រុម​អភិ​រក្សា​សត្វព្រៃ​របស់​រដ្ឋ​បាននាំគ្នា​ថ្លែង​ការពារ​សកម្មភាព​លក់​សត្វព្រៃ​ឲ្យ​ចិន​នេះដែរ​។ ពួកគេ​បាន​អះអាងថា ការលក់​សត្វព្រៃ​នេះ​គឺ​ដើម្បី​ធានា​ពី​និរន្តរភាព​នៃ​ចំនួន​សត្វព្រៃ​ដែល​រស់នៅក្នុង​តំបន់​អភិរក្ស ព្រោះ​បច្ចុប្បន្ន​ចំនួន​សត្វ​ដំរី​កើនឡើង​រហ័ស​ពេក​ដែល​ចាំបាច់​ត្រូវ​ផ្ទេរចេញ​ខ្លះ​។ ហើយ​ក្រុម​អភិរក្ស​សត្វព្រៃ​របស់រ​ដ្ឋ​ដដែល​នេះ​ក៏បាន​អះអាងថា ការលក់​សត្វព្រៃ​នេះ​នឹង​ជួយ​ឲ្យ​រដ្ឋាភិបាល​មាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ថែ​ទាំង​និង​បង្កើន​ការអភិរក្ស​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​។  ប៉ុន្តែ​មិនមាន​ការបកស្រាយ​ឲ្យ​បាន​ពេញលេញ​និង​បង្ហើប​ពី​ចំនួន​ទឹកប្រាក់​ដែល​ស៊ីម​បា​វ៉េ​ទទួលបាន​ពី​ការលក់​សត្វព្រៃ​នេះឡើយ​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com