អន្តរជាតិ
ជម្លោះ​ឧបទ្វីប​កូរ៉េ​៖ ចិន​ថា ខ្លួន​មិនមែនជា​អ្នកបង្ក​បញ្ហា ឬក៏​ជា​កូនសោរ​ដោះស្រាយ​ជម្លោះ​ឡើយ​
18, Apr 2017 , 1:46 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang (រូបភាព Xinhua)
អ្នកនាំពាក្យក្រសួងការបរទេសចិន Lu Kang (រូបភាព Xinhua)
​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ ហាក់​ធូរស្រាល​បន្តិច ក្រោយ​កូរ៉េខាងជើង​សម្រេចចិត្ត​មិន​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ឬក៏​មី​ស៊ី​ល​អន្តរទ្វីប​ដើម្បី​អបអរ​ថ្ងៃកំណើត​ស្ថាបនិក គីម អ៊ី​ល​ស៊ុ​ង ហើយ​បាន​ត្រឹម​បាញ់​មី​ស៊ី​ល​ដែល​បរាជ័យ​ទៅវិញ​។ ប៉ុន្តែ​ឧបទ្វីប​កូរ៉េ នៅតែ​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើងការ​កម្រិត​ខ្ពស់​ដដែល ដ្បិត​កូរ៉េខាងជើង និង​អាមេរិក​នៅតែ​សង្កៀត​ធ្មេញ​ដាក់គ្នា​ដដែល​។ ចំណែក​ចិន​វិញ ក៏​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ភាគី​ទាំងអស់​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ ព្រោះ​ខ្លួន​មិនអាច​ធ្វើ​អ្វី​តែឯង​បានទេ​។​


​កូរ៉េខាងជើង និង​អាមេរិក បាន​ដំឡើង​សាច់ដុំ​យោធា​ដាក់គ្នា​ទៅវិញទៅមក ដែល​ធ្វើ​ឲ្យ​គេឯង​បារម្ភ​ថា​ឧបទ្វីប​កូរ៉េ​កំពុង​ដើរ​លើផ្លូវ​ដ៏​គ្រោះថ្នាក់​។ នាឱកាស​ខួប​ទី​១០៥​ឆ្នាំ នៃ​ថ្ងៃកំណើត​ស្ថាបនិក​កូរ៉េខាងជើង គីម អ៊ី​ល​ស៊ុ​ង ដែល​ត្រូវជា​ជីតា​របស់ គីម ជុង​អ៊ុន កូរ៉េខាងជើង​បាន​សម្ញែង​អាវុធយុទ្ធភណ្ឌ​ទំនើបៗ​របស់ខ្លួន​រួមទាំង​មី​ស៊ី​ល​អន្តរទ្វីប​ផង ដើម្បី​បង្អួត​អានុភាព​យោធា និង​បង្ហាញ​ពិភពលោក​ថា ខ្លួន​ត្រៀម​រួចហើយ​ដើម្បី​ធ្វើសង្គ្រាម​។​

​អាមេរិក ដែល​បញ្ជូន​នាវា​ប្រយុទ្ធ​មួយក្រុម​ទៅ​កៀក​ឧបទ្វីប​កូរ៉េ ក៏បាន​ព្រមាន​កូរ៉េខាងជើង​ដែរ​ថា ជម្រើស​ទាំងអស់​ត្រូវបាន​ដាក់​លើ​តុ​។ ជាមួយគ្នានេះ អាមេរិក ក៏​មិន​ភ្លេច​ស្នើ​ឲ្យ​ចិន​ជួយ​ដាក់​សម្ពាធ​លើ​រដ្ឋ​កុម្មុយនីស្ត​ក្បាលរឹង​ឲ្យ​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ​ចោល​។ ក្នុង​ដំណើរ​ទៅកាន់​កូរ៉េខាងត្បូង អនុ​ប្រធានាធិបតី Mike Pence បាន​លើកឡើងថា ចិន គឺជា​កូនជញ្ជីង​ដែល​អាច​បន្ថែម​សម្ពាធ​លើ​កូរ៉េខាងជើង​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​។  

​យ៉ាងណាក្ដី ចិន ដែល​លែង​សូវ​មាន​ទឹកមាត់ប្រៃ​ដើម្បី​បញ្ជា​កូរ៉េខាងជើង បាន​ឆ្លើយតប​វិញ​ថា តាំងពី​ថ្ងៃទី​១​នៃ​ការកកើត​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ចិន​បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នេះ ក៏ដូចជា​រក្សា​សន្តិភាព និង​ស្ថិរភាព​តំបន់​ផងដែរ​។ ចិន​បញ្ជាក់ដែរថា ជំហរ​របស់ខ្លួន​ក្នុងការ​ស្វែងរក​ច្រកចេញ ក៏​មិន​ប្រែប្រួល​ដែរ គឺ​បញ្ហា​ត្រូវ​ដោះស្រាយ​តាម​ការចរចា និង​ការសម្របសម្រួល​។​

​ទន្ទឹមគ្នានេះ ក្រុង​ប៉េកាំង​ក៏​ស្នើ​ឲ្យ​គ្រប់ភាគី​ទាំងអស់ ជាពិសេស​ប្រទេស​ដែលមាន​ការទទួលខុសត្រូវ​ខ្ពស់ ចាប់ដៃគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា ដ្បិត​ចិន​មិនអាច​ធ្វើ​តែឯង​បានឡើយ​។ ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃទី​១៧ ខែមេសា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Lu Kang និយាយថា ចិន​មិនមែនជា​អ្នកបង្ក​បញ្ហា​ឡើយ ហើយក៏​មិនមែនជា​អ្នក​កាន់​កូនសោរ​ដោះស្រាយ​បញ្ហា​ដែរ​។ បញ្ហា​ស្មុគស្មាញ​នេះ ត្រូវការ​គ្រប់ភាគី​ពាក់ព័ន្ធ​សហការ​ដោះស្រាយ ទើប​អាច​រក​ច្រកចេញ​បាន​។

​ជា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​ផង ជា​ប្រទេស​ដែល​ត្រូវមាន​ទំនួល​ខុសត្រូវ​អនាគត​តំបន់​ផង ចិន ក៏​បានចេញ​ចំណាត់ការ​ខ្លះ​ដែរ​លើ​បញ្ហា​កូរ៉េខាងជើង​នេះ​។ ចិន​បាន​ផ្អាក​ជើងហោះហើរ​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​ព្យុងយ៉ាង ហើយ​ក៏បាន​ផ្អាក​ការ​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​ដែរ​។ ប៉ុន្តែ​អាមេរិក​អះអាងថា សកម្មភាព​របស់​ចិន​នៅ​មិនទាន់​គ្រប់គ្រាន់​ដែរ តែបើ​ចិន​មិន​ព្រម​ជួយ​ទេនោះ អាមេរិក​គ្មាន​ផ្លូវ​ផ្សេង​ក្រៅពី​ការ​មាន​ចំណាត់ការ​ឯកតោភាគី​ដោយ​ប្រើ​កម្លាំង​ឡើយ​៕
 

Tag:
 ចិន​
  អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com