អន្តរជាតិ
កូរ៉េខាងជើង ថា​នុយក្លេអ៊ែរ​របស់ខ្លួន មិនមែន​សម្រាប់​ដាក់​លើ​តុ​ចរចា​ឡើយ​
18, Apr 2017 , 7:39 pm        
រូបភាព
មីស៊ីលរបស់កូរ៉េខាងជើងក្នុងពិធីព្យុហយាត្រាយោធា (រូបភាព Reuters)
មីស៊ីលរបស់កូរ៉េខាងជើងក្នុងពិធីព្យុហយាត្រាយោធា (រូបភាព Reuters)
​ជាមួយនឹង​ស្ថានការណ៍​តឹងតែង​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ចិន ដែលជា​អ្នកជិតខាង​របស់​កូរ៉េខាងជើង បានស្នើ​ឲ្យ​ភាគី​ទាំងអស់​រក្សា​ការអត់ធ្មត់ និង​វិល​ចូល​តុ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​។ ចិន ចង់​ឲ្យ​គ្រប់ភាគី​ទាំងអស់​ស្រោចស្រង់​ការចរចា​៦​ភាគី​ស្ដីពី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឡើងវិញ​។ ប៉ុន្តែ​កូរ៉េខាងជើង បែរជា​ហៅ​ការចរចា ៦ ភាគី​ដែល​ជាប់គាំង​ជាច្រើន​ឆ្នាំ ជាការ​គាបសង្កត់​ទៅវិញ ហើយ​ថែមទាំង​ប្រកាសថា នុយក្លេអ៊ែរ​របស់ខ្លួន មិនមែន​សម្រាប់​ដោះដូរ​ទេ​។​


​ជាថ្មី​ម្ដងទៀត កូរ៉េខាងជើង បាន​ព្រមាន​ថា កងទ័ព​របស់ខ្លួន​ត្រូវបាន​ដាក់​ឲ្យ​ស្ថិត​ក្នុងការ​ប្រុង​ជើងការ​កម្រិត​ខ្ពស់បំផុត និង​ត្រៀម​វាយបក​លើ​បច្ចាមិត្ត បើ​មានការ​វាយប្រហារ​ណាមួយ​លើ​អធិបតេយ្យ​របស់ខ្លួន​។ ការប្រកាស​នេះ​ធ្វើឡើង ក្រោយ​អនុ​ប្រធានាធិបតី​អាមេរិក Mike Pence ដែល​ទើប​បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង បានបញ្ជាក់​ម្ដងទៀត​ពី​ជម្រើស​ទាំងអស់​សម្រាប់​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង រាប់ទាំង​ជម្រើស​ផ្នែក​យោធា​ផង​។​

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃទី​១៧ ខែម​សា អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង Sin Hong-chol បាន​ផ្ញើ​សារ​ទៅ​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ថា ការណ៍​ដែល​អាមេរិក​ចង់យក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដូចដែល​រដ្ឋបាល បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់ធ្វើ ឬក៏​សម្ញែង​អានុភាព​យោធា ដើម្បី​បន្លាច​កូរ៉េខាងជើង គឺជា​រឿង​អត់​ប្រយោជន៍​សុទ្ធសាធ​។ តែ​ការ​បង្អួត​កម្លាំងយោធា នឹង​ផ្ដល់​ផល​មិនល្អ​សង​វិញ បើ​ហ៊ាន​បំពាន​អធិបតេយ្យ​កូរ៉េខាងជើង​តែ​បន្តិច​។​

​មន្ត្រីការទូត​ជាន់ខ្ពស់​រូបនេះ​សង្កត់ធ្ងន់ថា កងទ័ព​កូរ៉េខាងជើង នឹង​វាយបក​ដោយ​គ្មាន​ត្រា​ប្រណី​ប្រឆាំង​ទង្វើ​ឈ្លានពាន​របស់​អាមេរិក ទោះជា​ពួកគេ​នៅទីណា​ក៏ដោយ​។ លើសពីនោះ យោធា​កូរ៉េខាងជើង នឹងមិន​លើកលែង​ឲ្យ​កងទ័ព​អាមេរិក​ឡើយ ពោលគឺ​មូលដ្ឋាន​កងទ័ព​អាមេរិក​នៅ​គ្រប់កន្លែង មិន​ថា​នៅ​ទឹកដី​អាមេរិក​ផ្ទាល់ ឬក៏​នៅ​ជប៉ុន​ទេ សុទ្ធតែជា​គោលដៅ​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ទាំងអស់​។​

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ កូរ៉េខាងជើង ហាក់​បោះបង់​ជម្រើស​នៃ​ការចរចា​ដើម្បី​បញ្ចប់​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​។ ការវិល​ទៅរក​ការចរចា​៦​ភាគី គឺជា​អ្វីដែល​ចិន​ស្នើ​ទៅគ្រប់​ភាគី​ទាំងអស់ ក្នុងន័យ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ប៉ុន្តែ​អាមេរិក ធ្លាប់​លើកឡើង​ហើយ​ថា ការចរចា​ជាច្រើន​ឆ្នាំ​មកនេះ​បរាជ័យ ហើយក៏​គ្មាន​បានការ​អ្វី​ទៀត​ដែរ​។ ចំណែក​កូរ៉េខាងជើង​វិញ ចាត់ទុក​ការចរចា​៦​ភាគី​នេះ គ្រាន់តែ​ជា​វេទិកា​ចាប់បង្ខំ​មួយ​ប៉ុណ្ណោះ ហើយ​ម្យ៉ាងទៀត​នុយក្លេអ៊ែរ ក៏​មិនមែនជា​វត្ថុ​សម្រាប់​ដោះដូរ​ដែរ​។

​អនុរដ្ឋមន្ត្រី​ការបរទេស​កូរ៉េខាងជើង​បញ្ជាក់ថា​៖ «​អាវុធ​នុយក្លេអ៊ែរ​ដែល​កូរ៉េខាងជើង​មាន មិនមែនជា​រឿង​ថ្ពិន​ភ្នែក​ឡើយ​។ អាវុធ​នេះ ក៏​មិនមែនជា​របស់​សម្រាប់​ដោះដូរ​ជាមួយ​លុយ​ដុល្លារ​អាមេរិក ឬក៏​សម្រាប់​លក់ដូរ​អ្វី​ដែរ​។ ដូច្នេះ​អាវុធ​ប្រភេទ​នេះ មិនអាច​ដាក់​លើ​តុ​ចរចា ដែលមាន​គោលដៅ​កម្ទេច​ខ្លួនឯង​ទេ​»៕


Tag:
 កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com