អន្តរជាតិ
អាមេរិក និង​កូរ៉េខាងត្បូង​ធ្វើ​សមយុទ្ធ​ដែនអាកាស ត្រៀម​ទប់ទល់​កូរ៉េខាងជើង​
18, Apr 2017 , 3:44 pm        
រូបភាព
យន្តហោះចម្បាំង F-16 នៅឯមូលដ្ឋានអាកាស​ Kunsan របស់កូរ៉េខាងត្បូង (រូបភាព Xinhua)
យន្តហោះចម្បាំង F-16 នៅឯមូលដ្ឋានអាកាស​ Kunsan របស់កូរ៉េខាងត្បូង (រូបភាព Xinhua)
​កងទ័ព​ជើង​អាកាស​មកពី​អាមេរិក និង​កូរ៉េខាងជើង បានចាប់ផ្ដើម​សមយុទ្ធ​រួមគ្នា​រយៈពេល​២​សប្ដាហ៍​នៅ​មូលដ្ឋាន​ទ័ពអាកាស​កូរ៉េខាងត្បូង ដែលមាន​គោលដៅ​ត្រៀមខ្លួន​ទប់ទល់​ការវាយប្រហារ​ណាមួយ​ពី​សំណាក់​កូរ៉េខាងជើង ខណៈ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កំពុង​តានតឹង​ខ្លាំង​។ សមយុទ្ធ​រួមគ្នា​នេះ ក៏មាន​ការចូលរួម​ពី​សំណាក់​យន្តហោះចម្បាំង​ប្រទេស​ទាំង​២​ជាច្រើន​គ្រឿង​ទៀត​។


​ទីបញ្ជាការ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បានប្រកាស​នៅ​ថ្ងៃទី​១៧ ខែមេសា ថា សមយុទ្ធ​ដែនអាកាស​រួមគ្នា​ដែលមាន​ឈ្មោះថា Max Thunder បានចាប់ផ្ដើម​ហើយ ដើម្បី​ពង្រឹងសមត្ថភាព​របស់​កងទ័ពអាកាស​ប្រទេស​ទាំង​២ ។ សមយុទ្ធ Max Thunder ជា​លំ​ហាត់​ដែនអាកាស​ប្រចាំឆ្នាំ​ដ៏​ធំ​មួយ​រវាង​អាមេរិក និង​កូរ៉េខាងត្បូង ហើយ​សមយុទ្ធ​លើក​នេះ នឹង​បញ្ចប់​ទៅវិញ​នៅ​ដំណាច់​ខែមេសា​ខាងមុខ​។ សមយុទ្ធ​នេះ ក៏ត្រូវ​មើលឃើញថា​ជាការ​ប្រុងប្រៀប​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​កូរ៉េខាងជើង​ដែរ​។​

​បើតាម​សេចក្ដីប្រកាស​របស់​ទីបញ្ជាការ​កងទ័ព​អាមេរិក យោធា​អាមេរិក​ចំនួន​១​ពាន់​នាក់ នឹងចូលរួម​ក្នុង​សមយុទ្ធ​ដែល​ធ្វើ​នៅ​មូលដ្ឋាន​ទ័ពអាកាស Kunsan ភាគ​និរតី​កូរ៉េខាងត្បូង​។ ជាមួយគ្នានេះ យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​ដូចជា យន្តហោះ​F-16s, យន្តហោះ AV-8Bs និង​យន្តហោះ​ធុន EA-18Gs ក៏​បង្ហាញ​វត្តមាន​ក្នុង​សមយុទ្ធ​នេះ ហើយ​យន្តហោះ​ទាំងនេះ ហោះ​ចេញពី​មូលដ្ឋានទ័ព​អាមេរិក នៅ​កូរ៉េខាងត្បូង និង​នៅ​ជប៉ុន​។​

​ចំណែក​កម្លាំង​ទ័ព​កូរ៉េខាងត្បូង​ប្រហែល​៥០០​នាក់ ក៏​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះដែរ​។ បន្ថែម​ពីលើ​កងទ័ព យន្តហោះ​កូរ៉េខាងត្បូង​ដែល​ចូលរួម​សមយុទ្ធ​មាន​យន្តហោះ​ប្រយុទ្ធ​ធុន F-15K, F-16, F-5E, F-4E, យន្តហោះ​ធុន​ស្រាល KA-1, យន្តហោះ​ដឹកជញ្ជូន​ធុន​ធំ C-130, ឧទ្ធម្ភាគចក្រ​ធុន HH-60 និង​យន្តហោះ​ដឹកជញ្ជូន CN 235 ។​

​សមយុទ្ធ Max Thunder គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​របស់​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន ដើម្បី​ពង្រឹង​ចំណងមិត្តភាព និង​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ចំពោះ​កូរ៉េខាងត្បូង​។ ឧ​ត្ត​ម​សេនីយ៍​ឯក Thomas W. Bergeson មេបញ្ជាការ​អង្គភាព​ទ័ព​ទី​៧ និយាយថា​៖ «​សមយុទ្ធ​រួមគ្នា​នេះ គឺជា​ឱកាស​មិនអាច​កាត់ថ្លៃ​បាន​ក្នុងការ​សាកល្បង​សមត្ថភាព​ប្រយុទ្ធ​ផ្លូវអាកាស​របស់​កងទ័ព​អាមេរិក និង​កូរ៉េខាងត្បូង ក៏ដូចជា​ការតាំង​ចិត្ត​របស់​សម្ព័ន្ធមិត្ត​ទាំង​២​ដែរ​»​។​

​សមយុទ្ធ​រួមគ្នា​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​កាន់តែ​ឡើងក​ម្ដៅ​។ អាមេរិក ដែល​ព្រមាន​ប្រើ​កម្លាំង​ទ័ព​បញ្ចប់​បញ្ហា ក៏បាន​បន្ថែម​កម្លាំងយោធា​របស់ខ្លួន​កាន់តែច្រើន​ទៀត ដូចជា​ការបញ្ជូន​នាវាចម្បាំង​មួយក្រុម​ដឹកនាំ​ដោយ​នាវា​ដឹក​យន្តហោះ USS Carl Vinson ជាដើម​។ តាមពិតទៅ អាមេរិក​ក៏មាន​កងទ័ព​, នាវាចម្បាំង និង​យន្តហោះ​ជាច្រើន​គ្រឿង​រួចស្រេច​ហើយ​ទាំង​នៅ​កូរ៉េខាងត្បូង និង​ជប៉ុន​។ តែ​ការគំរាមកំហែង​កាន់តែខ្លាំង​របស់​កូរ៉េខាងជើង តម្រូវ​ឲ្យ​អាមេរិក​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​កាន់តែខ្លាំង​៕ 


Tag:
 កូរ៉េខាងត្បូង​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com