អន្តរជាតិ
បុរស​ម្នាក់​ត្រូវ​ខ្យាដំរី​ទិច​ពេលធ្វើ​ដំណើរ​នៅលើ​យន្តហោះ United Airlines
18, Apr 2017 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្នុង​ថ្ងៃ​តែមួយ​ដែល​បុរស​ម្នាក់​រង​អំពើហិង្សា​ដោយ​ការ​ទាញ​ចេញពី​យន្តហោះ សារព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុមហ៊ុន​អាកាសចរណ៍ United ជួប​រឿង​ដែល​មិនគួរ​ឲ្យ​នឹកស្មាន​ដល់​មួយទៀត ដោយ​អ្នកដំណើរ​ម្នាក់ទៀត រងរបួស​ដោយសារ ខ្យាដំរី​បាន​ទិច ខណៈ​គាត់​ធ្វើដំណើរ​ពី​ក្រុង Houson សហរដ្ឋអាមេរិក ទៅ​ក្រុង Calgary ប្រទេស​កាណាដា​។​


​លោក Richard Bell និង​ភរិយា​ឈ្មោះ Linda បាន​វិលត្រឡប់​ពី​ដំណើរ​វិស្សមកាល​របស់​ខ្លួន​ដោយ​ចេញដំណើរ​តាម​ជើងហោះហើរ​ក្រុមហ៊ុន​អាកាសចរណ៍ United ពី​ក្រុង Houston ទៅ Calgary​។ នៅពេលដែល​លោក Richard ទាញ​ប្រអប់​នៅខាងមុខ​ខ្លួន​ដើម្បី​រៀបចំ​ញ៉ាំ​អាហារ ស្រាប់​តែមាន​សត្វ​ខ្យាដំរី​១ ធ្លាក់ចំ​លើ​ក្បាល​របស់លោក បន្ទាប់មក​បាន​ទិច​គាត់​តែម្តង​។​

​អ្នកស្រី Linda បាន​រៀបរាប់​ប្រាប់ CNN ថា ស្វាមី​របស់​អ្នកស្រី មិន​បានដឹង​ភ្លាមៗ​ថា ជា​សត្វ​ខ្យាដំរី​នោះឡើយ​។ បន្ទាប់ពី​គាត់​បាន​គ្រវាស​ចេញ ទើប​អ្នកដំណើរ​នៅ​ជិត​នោះ​ឃើញ ស្រែក​ទាំង​ភ្ញាក់ផ្អើល​ថា «​ឱ​ព្រះ​ជា​ម្ចាស់ សត្វ​ខ្យាដំរី​»​។ ជាមួយគ្នានេះ​ផងដែរ អ្នកដំណើរ​ម្នាក់​បាន​យក​ថ្នាំ​ឲ្យ​លោក Richard លាប​ដើម្បី​បំបាត់​ការឈឺចាប់​។​

​តាម​សេចក្តីរាយការណ៍ បុគ្គលិក​ហោះហើរ​ម្នាក់ បាន​ប្រញាប់​យក​ខ្យាដំរី​នោះ​ទៅ​ចោល​ក្នុង​បន្ទប់ទឹក​។ ក្រោយមក ក្រុមហ៊ុន​អាកាសចរណ៍ United បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា បុគ្គលិក​ក្រុមហ៊ុន បាន​ភ្ជាប់​ទំនាក់ទំនង​ភ្លាមៗ​ទៅ​គ្រូពេទ្យ​ដែល​នៅលើ​ដី ដើម្បី​ត្រៀម​រៀបចំ​ការព្យាបាល ហើយ​ក្រុមហ៊ុន​បាន​អះអាងថា នេះ​មិនមែនជា​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នោះឡើយ​។​

​មិន​មានការ​អះអាងថា ទាក់ទង​នឹង​ប្រភព​របស់​ខ្យាដំរី​នោះឡើយ តែបើ​តាម​ប្រភព​ដែល CNN ទទួលបាន យន្តហោះ​ទើបតែ​ចេញពី​ប្រទេស​កូ​ស្តា​រី​កា​មួយថ្ងៃ មុន​ចុះចត​នៅ Houston​។ ៥​ថ្ងៃក្រោយ​ឧប្បត្តិហេតុ អ្នកស្រី Linda បាន​អះអាងថា ក្រុមហ៊ុន United បាន​សងជំងឺចិត្ត​ដល់​គ្រួសារ​អ្នកស្រី ប៉ុន្តែ​គាត់​មិនបាន​បញ្ជាក់​ពី​ទំហំ​ទឹកប្រាក់​នោះឡើយ​។​

​ករណីបែបនេះ មិនមែន​ទើបតែ​កើត​ឡើងជា​លើក​ទី​១​នោះឡើយ កាលពី​ឆ្នាំ​២០១៥ ស្ត្រី​ម្នាក់​ត្រូវបាន​រាយការណ៍​ថា រងគ្រោះ​ដោយសារ​ខ្យាដំរី​ទិច​ក្នុង​ដំណើរ​ពី Los Angeles ទៅ Portland តាម​យន្តហោះ Alaska Airlines​។ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ គេ​បានឃើញ​ពស់​មួយ​ក្បាល​នៅលើ​យន្តហោះ Aeromexico ក្នុង​ដំណើរ​ពី Torreon ទៅ​ក្រុង​ម៉ិចស៊ីកូ ផងដែរ​៕


Tag:
 ប្លែកៗ​
  យន្តហោះ​
  ខ្យាដំរី​
© រក្សាសិទ្ធិដោយ thmeythmey.com