អន្តរជាតិ
លោក ពូ​ទីន និង​មេ​វ៉េ​ដេ​វ ម្នាក់ៗ​រកលុយ​បាន​ត្រឹម ១៥​ម៉ឺន​ដុល្លារ​ឆ្នាំ​២០១៦
18, Apr 2017 , 9:39 pm        
រូបភាព
​សប្តាហ៍​មុន វិមាន​ក្រេ​ម​ឡាំង​បាន​ចុះផ្សាយ​របាយការណ៍​ប្រកាស​ទ្រព្យសម្បត្តិ​ដែល​បណ្តា​មេដឹកនាំ​រុស្ស៊ី​មាន​ទាំង​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​រុស្ស៊ី​មាន និង​លុយ​ដែល​ពួកគេ​រកបាន​ឆ្នាំ ២០១៦​ផងដែរ​។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ ម្នាក់ៗ​រកលុយ​បាន​ជាង​១៥​ម៉ឺន​ដុល្លារ​កាលពី​ឆ្នាំមុន ហើយ​អ្នក​ទាំងពីរ​ក៏មាន​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដូចជា អា​ផាត​មិន​, ដីធ្លី ជាដើម​ផងដែរ​។​


ការប្រកាស​ទ្រព្យសម្បត្តិ និង​លុយ​ដែល​អ្នកនយោបាយ​រុស្ស៊ី​រកបាន​ប្រចាំឆ្នាំ ក្លាយជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​។ បើតាម​គេហទំព័រ​វិមាន​ប្រធានាធិបតី ក្នុងចំណោម​អ្នកនយោបាយ​ដែល​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​និង​ប្រាក់​ដែល​ខ្លួន​រកបាន​ប្រចាំឆ្នាំ​នោះ​មាន​ទាំង​ប្រធានាធិបតី និង​នាយករដ្ឋមន្ត្រី​ផងដែរ​។ ប៉ុន្តែ របាយការណ៍​នេះ​មិន​បញ្ជាក់​ពី​លុយ​ដែល​ពួកគេ​មាន​សរុប និង​ភាគហ៊ុន​ដែលមាន​ក្នុង​ជំនួញ​ឡើយ​។​

១.​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន រកលុយ​បាន ១៥​ម៉ឺន​ដុល្លារ​ឆ្នាំ ២០១៦

​យោងតាម​សារព័ត៌មាន Russia Beyond the Headline លោក វ្ល៉ា​ឌី​មៀ ពូ​ទីន រកបាន​លុយ​ប្រហែល ១៥៦៥០៤​ដុល្លារ​នៅក្នុង​ឆ្នាំ ២០១៦ ដែល​វា​ប្រហាក់ប្រហែល​ទំហំ​លុយ​ដែល​លោករ​បាន​កាលពី​ឆ្នាំ ២០១៥​ដែរ​។ ប៉ុន្តែ​គេ​មិនឃើញ​មានការ​ប្រកាស​ពី​ទំហំ​លុយ​សរុប​ដែល​មេដឹកនាំ​រុស្ស៊ី​ម្នាក់​មាន​ឡើយ​។​

​ក្រៅពី​លុយ​រកបាន​ប្រចាំឆ្នាំ របាយការណ៍​នោះ​ក៏បាន​បង្ហាញថា លោក ពូ​ទីន មាន​ដី​ទំហំ ១៥០០ ម៉ែត្រការ៉េ​,​អា​ផាត​មិន​មួយកន្លែង​មាន​ទំហំ ៧៧​ម៉ែត្រការ៉េ និង​មាន​ឃ្លាំង​ថយ​ន្ត​មួយកន្លែង​ផង​។​

​ក្រៅ​ដី​,​ផ្ទះ និង​ឃ្លាំង​រថយន្ត លោក ពូ​ទីន ក៏មាន​ឡាន​ប៉ុន្មាន​គ្រឿង​ដែរ​។ ឡាន​ដែល​លោក​មាន​ជា​ប្រភេទ​ឡាន​ផលិត​នៅ​រុស្ស៊ី​ដូចជា ឡាន​ម៉ាក Volgas ពីរ​គ្រឿង និង​ម៉ាក Niva មួយគ្រឿង​ផងដែរ​។ ចំណែក​ឡាន​, យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ដែល​លោក​ប្រើប្រាស់​ក្នុងនាម​ជា​ប្រធានាធិបតី​កន្លងមក​នោះ​មិនមាន​ដាក់ចូល​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​ដែល​ប្រកាស​ជា​សាធារណ​ឡើយ​។​

២.​ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ រកលុយ​បាន​ប្រហាក់ប្រហែល​លោក ពូ​ទីន តែមាន​ដី​ធំ​ជាង

​បើតាម​របាយការណ៍​ផ្លូវការ ដូច​លោក ពូ​ទីន ដែរ លោក ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ (Dmitry Medvedev) រកលុយ​បាន​ជាង​១៥​ម៉ឺន​ដុល្លារ​ដែរ​នៅក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​ទំហំ​លុយ​នេះ​ថយចុះ​ជាង​ឆ្នាំ ២០១៥​។ ឆ្នាំ ២០១៦ លោក​រកលុយ​ជា​ផ្លូវការ​បាន​១៥១៧០៨ ដុល្លារ ខណៈដែល​ឆ្នាំ ២០១៥​លោក​រកបាន​១៥៤៩០៤ ដុល្លារ​ឯណោះ​។ យ៉ាងណាក៏ដោយ វា​មិនមាន​របាយការណ៍​ជាក់លាក់​ពាក់ព័ន្ធ​លុយ​សរុប​ដែល​អតីត​ប្រធានាធិបតី​រុស្ស៊ី​ម្នាក់នេះ​មាន​ឡើយ​។​

​បន្ថែម​ពីលើ​ប្រាក់​រកបាន​ប្រចាំឆ្នាំ លោក មេ​ដ​វ៉េ​ដេ​វ មាន​រថយន្ត​ពីរ គ្រឿងក្នុង​នោះ​មាន GAZ-20 Victory ឆ្នាំ ១៩៤៨ និង GAZ-21 Volga ម៉ូ​ដែល​ឆ្នាំ ១៩៦៨​។ មួយគ្រឿង​ទៀត​ម៉ាក Volkswagen ដែល​វា​ជា​រថយន្ត​ដែល​ចុះឈ្មោះ​របស់​ភរិយា​លោក​ផ្ទាល់​។ ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដែល​លោក​កំពុង​កាន់កាប់​មានដូចជា​អា​ផាត​មិន​មួយកន្លែង​មាន​ទំហំ ៣៦៧​ម៉ែត្រការ៉េ និង​ដី​ទំហំ ៤៧០០​ម៉ែត្រការ៉េ​ផងដែរ​។ បើសិនជា​របាយការណ៍​ផ្លូវការ​នេះ​ជា​របាយការណ៍​ត្រឹមត្រូវ​និង​គួរ​ឲ្យ​ទុកចិត្តបាន​មែន​នោះ វា​បញ្ជាក់ថា​មេដឹកនាំ​រុស្ស៊ី​មិនសូវមាន​ទ្រព្យសម្បត្តិ​ច្រើន​ឡើយ​៕


Tag:
 វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ឌី​មី​ទ្រី មេ​ដ​វ៉េ​ដេ​វ​
  រុស្ស៊ី​
  ក្រេ​ម​ឡាំង
© រក្សាសិទ្ធិដោយ thmeythmey.com