អន្តរជាតិ
Le Pen សន្យា​ទាញ​បារាំង​ចេញពី «​គុក​អឺរ៉ុប​» ស្របពេល​ការបោះឆ្នោត​ជិត​មកដល់​
18, Apr 2017 , 10:19 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters

​ខណៈដែល​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​នឹង​មកដល់​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ បរិយាកាស​នយោបាយ​ហាក់​កាន់តែ​កើន​កម្តៅ​ដែរ ព្រោះ​បេក្ខជន​ម្នាក់ៗ​ប្រឹង​យក​អឺរ៉ុប​ជា​ប្រធានបទ​ឃោសនា​ស្វែងរក​សន្លឹកឆ្នោត​រៀងខ្លួន​។ អ្នកនយោបាយ​ស្តាំនិយម Marine Le Pen នៅ​បន្ត​វោហា​សព្ទ​នយោបាយ​ប្រឆាំង​សហភាព​អឺរ៉ុប​និង​ចរន្ត​សាកលភាវូបនីយកម្ម​ដើម្បី​ឈានទៅ​ឈ្នះឆ្នោត​។ ប៉ុន្តែ​គូប្រជែង​លោកស្រី Le Pen លោក Emanuel Macron នោះ​ក៏​បន្ត​ផ្ញើ​សារ​នយោបាយ​ទៅកាន់​ប្រជាជន​បារាំង​ដោយ​លោក​បង្ហាញ​ជំហរ គាំទ្រ​បារាំ​ជា​ផ្នែក​មួយ​អឺរ៉ុប​និង​ប្តេជ្ញា​ធ្វើ​ឲ្យ​សហភាព​អឺរ៉ុប​រីកលូតលាស់​ទៅមុខ​ផងដែរ​។ 


​បេក្ខជន​ប្រធានាធិបតី​បារាំង​និង​ជា​ប្រធាន​បក្ស​ស្តាំនិយម​ជ្រុល​រណ​សិស្ស​ជាតិ​លោកស្រី Marine Le Pen កំពុង​ព្យាយាម​ទាក់ទាញ​សំឡេងឆ្នោត​ដោយ​ប្រើប្រាស់​គោលនយោបាយ​ប្រជា​ឧបាយ​ដែល​ប្រឆាំង​សហភាព​អឺរ៉ុប​និង​ប្រឆាំង​ចរន្ត​សាកលភាវូបនីយកម្ម​ផងដែរ​។​

​ខណៈដែល​បរិ​យាស​កាស​នយោបាយ​កាន់តែ​ក្តៅ​ស្រាប់​ព្រោះ​ការបោះឆ្នោត​កាន់តែ​ខិតជិត​មកដល់​នោះ លោកស្រី Marine Le Pen បានប្រកាស​ជាថ្មី​ថា បើសិនជា​លោកស្រី​ជាប់ឆ្នោត​លោកស្រី​នឹង​ផ្តល់​សេរីភាព​ឲ្យ​បារាំង​វិញ ហើយ​បារាំង​លែង​ក្លាយជា​ជនរងគ្រោះ​ដោយសារ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ទៀត​ដែរ​។ លោកស្រី​សន្យា​ផ្លាស់ប្តូរ​អនាគត​បារាំង​ក្នុងនាម​ជា​សមាជិក​សហភាព​អឺរ៉ុប​, ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ចរាចរណ៍​សេរី Schengen និង​ស្ថិតក្នុង​តំបន់​អឺរ៉ូ​។​

«​ខ្ញុំ​ចង់​ផ្តល់​ឲ្យ​បារាំង​នូវ​សិទ្ធិសេរីភាព​ឡើងវិញ ហើយ​ខ្ញុំ​នឹង​ទាញ​បារាំង​ចេញពី​គុក​នៅពេល​ខ្ញុំ​ជាប់ឆ្នោត​»​។​នេះ​ជាស​ម្តី​របស់​លោកស្រី Le Pen  នៅ​វេទិកា​ឃោសនា​មួយនា​ថ្ងៃ​ចន្ទ​ទី ១៧​មេសា នា​ក្រុងប៉ារីស​។

​លោកស្រី​បន្តថា​៖ «​ខ្ញុំ​នឹង​ការពារ​អ្នក​។ វិធានការ​ដំបូង​របស់ខ្ញុំ​ជា​ប្រធានាធិបតី​គឺកំណត់​ព្រំដែន​បារាំង​ឡើងវិញ​។ ពេលខ្លះ​ប្រជាជន​បារាំង​មាន​សិទ្ធិ​តិចជាង​ជនបរទេស ឬ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ផង​»​។
​ក្នុងពេលនោះ​លោកស្រី​បាន​ផ្តាំផ្ញើ​ទៅ​ប្រជាជន​បារាំង​ផងដែរ​ចំពោះ​ការជ្រើសរើស​មេដឹកនាំ​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ ដោយ​លោកស្រី​ព្រលយ​ពាក្យ​ថា «​វា​មាន​ជម្រើស​តែ​ពីរ​ប៉ុណ្ណោះ​ក្នុងនោះ​មានបារាំង​ដែល​ត្រដែត​ឡើងជា​ថ្មី ឬ​បារាំង​ដែល​បន្ត​លិច​បាត់​»​នោះ​។​

​យ៉ាងណាមិញ ពេលដែល​លោកស្រី​ឃោសនា គេ​ឃើញ​មាន​ចលនា​បាតុកម្ម​ប្រឆាំង​លោកស្រី​ផងដែរ  ដោយ​បាតុករ​ទាំងនោះ​មើលឃើញ​លោកស្រី​ជា​គ្រោះថ្នាក់​ធំ​សម្រាប់​បារាំង​នាពេល​អនាគត​។  ប៉ុន្តែ​ប៉ូលិស​និង​កងកម្លាំង​សន្តិសុខ​បាន​ព្យាយាម​ទប់ស្កាត់​និង​បំបែក​បាតុករ​ផងដែរ​ដោយសារ​ពួកគេ​មាន​កាន់​ដុំថ្ម​, ដំបង និង​គ្រាប់បែក​ផ្សេង​ថែមទៀត​។​

​ដោយឡែក គូប្រជែង​លោកស្រី Le Pen លោក Emanuel Macon ក៏បាន​បន្ត​ឃោសនា​ស្វែងរក​សំឡេងឆ្នោត​ផងដែរ​ដោយ​លោក​បន្ត​លើកឡើង​ពី​គោលនយោបាយ​គាំទ្រ​បា​រាំងជា​សមាជិក​សភាព​អឺរ៉ុប​និង​គាំទ្រ​ចលនា​សាកលភាវូបនីយកម្ម​។​លោក Macron ជា​អ្នកនយោបាយ​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​នឹង​ក្លាយជា​គូប្រជែង​ធំ​របស់​លោកស្រី Le Pen ក្នុងការ​បោះឆ្នោត​ជុំ​ទី​២​នា​ថ្ងៃ ៧ ឧសភា​។ ហើយ​មានការ​វាយតម្លៃថា អតីតរដ្ឋមន្ត្រី​សេដ្ឋកិច្ច​នេះ​អាច​នឹង​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​បារាំង​ផងដែរ​។​

​យោងតាម​សារព័ត៌មាន RT នៅ​វេទិកា​ឃោស​នានា​ថ្ងៃអាទិត្យ លោក Macron បាន​ថ្លែង​ដូច្នេះ​ថា​៖« យើង​ត្រូវការ​អឺរ៉ុប​។ ដូច្នេះ​យើង​នឹង​ស្ថាបនា​វា​ឡើងជា​ថ្មី​។ ខ្ញុំ​នឹង​ក្លាយជា​ប្រធានាធិបតី ដែល​បង្កើត​ឡើងវិញ​នូវ​មហិច្ឆតា​អឺរ៉ុប​ដែល​យើង​ធ្លាប់មាន​»​។​

​ថ្វីបើ​លោក​មានលទ្ធភាព​ខ្ពស់​ដើម្បី​ឈានទៅ​កានតំណែង​ប្រធានាធិបតី​ក៏ដោយ លោក​នៅតែ​ពិបាក​អូសទាញ​អ្នកគាំទ្រ​លោកស្រី Marine Le Pen ណាស់​។ អ្នកគាំទ្រ​លោកស្រី Le Pen និង​ជា​អ្នកមាន​និន្នាការ​ប្រឆាំង​អឺរ៉ុប ជឿជាក់ថា មានតែ​លោកស្រី Le Pen ប៉ុណ្ណោះ​ទើប​អាច​នាំ​បារាំង​ទៅរក​ភាពប្រសើរឡើង​ដូច​មុន​វិញ​បាន​។​

 យ៉ាងណាក៏ដោយ ស្រប​ពេលដែល​អឺរ៉ុប​កាន់តែ​បារម្ភ​ពី​អនាគត​បារាំង អាល្លឺម៉ង់​បាន​ឆ្លៀត​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​អាល្លឺម៉ង់​បន្តិច​ដោយ​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​រើស​មេដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​។  ប្រធានាធិបតី​អាល្លឺម៉ង់​លោក Frank-Walter Steinmeier បាន​ផ្ញើ​សារ​ទៅ​ប្រជាជន​បារាំង​ដោយ​អំពាវនាវ​ឲ្យ​ពួកគេ​កុំ​ស្តាប់​រាល់​សម្តី​អ្នកនយោបាយ​ដែល​សន្យា​បង្កើត​អនាគត​អស្ចារ្យ​សម្រាប់​បារាំង ដោយ​ទាញ​បារាំង​ចេញពី​ផ្នែក​មួយ​នៃ​កម្លាំងចលករ​ដែល​ជួយ​បង្កើត​ស្ថិរភាព​សម្រាប់​អឺរ៉ុប​និង​ជាសរ​សរ​ស្តម្ភ​មួយ​នៃ​សហភាព​អឺរ៉ុប​នោះ​។ គេ​ដឹង​ច្បាស់​ថា លោក​ចង់​សំដៅ​ដល់​លោកស្រី Marine Le Pen នេះឯង​៕


Tag:
 Marine Le Pen
  Emanuel Macron
  ការបោះឆ្នោត​ប្រធានាធិបតី​បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com