អន្តរជាតិ
ឥណ្ឌូណេស៊ី​អន់ចិត្ត​ដែល​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​ដាក់ទុន​វិនិយោគ​នៅ​ចិន​ច្រើនជាង​ឥណ្ឌូណេស៊ី
18, Apr 2017 , 10:59 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុកប្រធានាធិបតី ចូកូ វីដូដូ
រូបភាព៖ ហ្វេសប៊ុកប្រធានាធិបតី ចូកូ វីដូដូ
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ពាក់​ព័ន្ធដំណើរ​ទស្សនកិច្ច​របស់​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman កន្លងទៅ តែ​លោក​បង្ហើប​ថា​លោក អន់ចិត្ត​ដែល​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក​ពន្យល់ថា លោក​ខំ​បាំង​ឆ័​ត្រ​ឲ្យ​ក្សត្រ​អង្គ​នេះ​ពេល​ភ្លៀង​និង​បើកឡាន​ដោយ​ខ្លួនឯង​ជូន​ទ្រង់​ដើរលេង​ផង តែ​ចុងក្រោយ​នៅ​ទំហំ​លុយ​ដែល​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត​ដាក់​វិនិយោគ​នៅ​ឥណ្ឌូណេស៊ី​នៅតែ​តិចជាង​នៅ​ចិន​ដដែល​។


​ក្នុងពេល​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកចូលរួម​នៅ​សាលា​មួយនា​ខេត្ត​ជ្វា​ខាងលិច ប្រ​ធានា​ធិ​ប​ធី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ (Joko Widodo)  បាន​រម្លឹក​ជាថ្មី​ពី​ពេលវេលា​ដែល​លោក​ទទួល​ស្វាគមន៍​មហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud កាលពីដើម​មីនា​។

​យោងតាម​សារព័ត៌មាន​ឥណ្ឌូណេស៊ី Tempo អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ក្នុង​សុន្ទរកថា​នោះ​គឺ មេដឹកនាំ​រដ្ឋ​មូស្លីម​ធំជាងគេ​លើក​ពិភពលោក​នេះ បាន​ប្រាប់ថា​លោក​អន់ចិត្ត​ដែរ​ចំពោះ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​។ លោក វី​ដូ​ដូ បាន​បង្ហើប​ថា លោក​អន់ចិត្ត​ព្រោះតែ​អា​រ៉ា​ប៊ី​សា​អូឌីត​មិន​ដាក់ទុន​វិនិយោគ​នៅ​ឥណ្ឌូណេស៊ី​ឲ្យ​ច្រើន​ដូច​នៅ​ចិន​ឡើយ ទាំង​ដែល​ឥណ្ឌូណេស៊ី​ន​ប្រឹង​ស្វាគមន៍​និង​ផ្គាប់ចិត្ត​កន្លង​ក៏ដោយ​។​

​លោក វី​ដូ​ដូ បាន​ថ្លែង​ដូច្នេះ​ថា​៖« ខ្ញុំ​អន់ចិត្ត​បន្តិច​ដែរ​ចំពោះ​ការវិនិយោគ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​។ ទំហំ​លុយ​វិនិយោគ​នៅ​ឥណ្ឌូណេស៊ី​តិច​! តិច​មែន​»​។​

​និយាយ​ដល់​ទំហំ​វិនិយោគ​នេះ វា​ជា​រឿង​ពិត​មួយ​។ ក្នុង​ដំណើរ​ទស្សនកិច្ច​កន្លង​មក​របស់​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត ឥណ្ឌូណេស៊ី​ទាញ​បានការ​វិនិយោគ​តិចជាង​មហា​យក្ស​ចិន​។​ឥណ្ឌូណេស៊ី​ទទួលបាន​គ​ម្រោ​ង​វិនិយោគ​ដែលមាន​ទំហំ ៨៩ ទ្រី​លាន​រ៉ូ​ពី ឬ​ស្មើ​ជិត ១០​ពាន់​លាន​ដុល្លារ ខណៈដែល​ចិន​ទាញ​បាន​គម្រោង​វិនិយោគ​ដែលមាន​ទំហំ ៨៧០ ទ្រី​លាន​រ៉ូ​ពី ឬ​ស្មើ​ជាង ៧០​ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។  ដូច្នេះ​បានជា​លោក វី​ដូ​ដូ អន់ចិត្ត​បែបនេះ​។​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រូបនេះ​បាន​បង្ហើប​ផងដែរ​ថា លោក​រំពឹង​ខ្ពស់​ណាស់​ចំពោះ​ទស្សនកិច្ច​របស់​ក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​លោក​លួច​សង្ឃឹមថា​ទំហំ​វិនិយោគ​ដែល​ឥណ្ឌូណេស៊ី​ទទួលបាន​ក៏​ច្រើន​យ៉ាងតិចណាស់​ក៏​២៥​ពាន់​លាន​ដុល្លារ​ដែរ​។ នេះ​ក៏ដោយ​សារ​ឥណ្ឌូណេស៊ី​បានរៀបចំ​ទទួល​ស្វាគមន៍​ក្សត្រ​អង្គ​នេះ​យ៉ាង​កក់ក្តៅ​បំផុត ហើយ​សូម្បីតែ​លោក​ផ្ទាល់​ក៏​ចេញ​បាំង​ឆ័​ត្រ​និង​បើកឡាន​ជូន​ព្រះ​ចៅ Salman ដើរលេង​ដោយផ្ទាល់​ទៀត​។​

«​ខ្ញុំ​ថែមទាំង​បាំង​ឆ័​ត្រ​ឲ្យ​ស្តេច Salman ពេល​មេឃ​ភ្លៀង​។ ខ្ញុំ​ក៏​បើកឡាន​ដោយផ្ទាល់​ជូន​លោក​មើល​ទេសភាព​នៅ​ជុំវិញ​វិមាន Bogor​ទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក វី​ដូ​ដូ ពាក់ព័ន្ធ​រឿង​ដែល​លោក​អន់ចិត្ត​ក្រោយ​ទស្សនកិច្ច​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីត​។


Tag:
 ចូ​កូ វី​ដូ​ដូ​
  ឥណ្ឌូណេស៊ី​
  អា​រ៉ា​ប៊ី​សា​អូឌីត​
 ​ចិន​
  Salman
© រក្សាសិទ្ធិដោយ thmeythmey.com