អន្តរជាតិ
អង់គ្លេស​រៀបចំ​បោះឆ្នោត​មុន​អាណត្តិ​ខែមិថុនា តែ​អឺរ៉ុប​ថា​គម្រោង​លែងលះគ្នា​មិន​ប្រែប្រួល​ឡើយ​
19, Apr 2017 , 2:54 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស Theresa May បានប្រកាស​រៀបចំ​ការ​បោះឆ្នោត​មុន​អាណត្តិ ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ គឺ​មុន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នៃ​ខួប​១​ឆ្នាំ​នៃ​ប្រជាមតិ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ ការសម្រេចចិត្ត​នេះ គឺ​ផ្ទុយ​ពី​ជំហរ​របស់​លោកស្រី​ដែល​ទាត់ចោល​គម្រោង​បោះឆ្នោត​មុន​អាណត្តិ​នាពេល​កន្លងមក​។ នាយករដ្ឋមន្ត្រី May អះអាងថា ការបោះឆ្នោត​មុន​អាណត្តិ​នេះ ជា​រឿង​ចាំបាច់ ដ្បិត​ក្រុម​បក្សប្រឆាំង​មិន​គាំទ្រ​ផែនការ​ចរចា​របស់រ​ដ្ឋា​ភិ​បាល​លោកស្រី​ឡើយ​។


​ការចរចា​លែងលះ​រវាង​ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់ ក្រោយ​នាយករដ្ឋមន្ត្រី Theresa May ប្រកាស​ផែនការ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​ដ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។ លោកស្រី May និយាយថា ចក្រភព​អង់គ្លេស ត្រូវការ​ភាពច្បាស់លាស់​, ស្ថិរភាព និង​ការដឹកនាំ​ដ៍​រឹងមាំ​មួយ បន្ទាប់​ស្ថានការណ៍​នយោបាយ​ក្នុងប្រទេស​រង្គោះរង្គើ​ដោយសារ​ការធ្វើប្រជាមតិ​ចាកចេញ​កាលពី​ខែមិថុនា ឆ្នាំ​២០១៦ ។​

​ជុំវិញ​មូលហេតុ​នៃ​ការស្នើ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​នេះ លោកស្រី May លើកឡើងថា ប្រជាជន​អង់គ្លេស​សម្រេចចិត្ត​រួចទៅហើយ តែ​អ្នកនយោបាយ​នៅ​ស្ថាប័ន​នីតិបញ្ញត្តិ មិនមាន​គំនិត​ស្របគ្នា​ទេ​។ សមាជិកសភា​ខ្លះ​មកពី​បក្សប្រឆាំង និង​បក្ស​ជាតិនិយម​ស្កុ​តឡែ​ន មិន​គាំទ្រ​ផែន​ការដែល​រដ្ឋាភិបាល​លោកស្រី​ដាក់ចេញ​ដើម្បី​យកទៅ​ចរចា​ជាមួយ​សហភាព​អឺរ៉ុប​ទេ ហើយ​ពួកគេ​អាច​បោះឆ្នោត​ជំទាស់​រាល់​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ទៀតផង​។

​បើតាម​សារព័ត៌មាន BBC នាយករដ្ឋមន្ត្រី May ក៏បាន​ចោទប្រកាន់​បក្សនយោបាយ​ខ្លះ​ថា​កំពុង​លេងល្បែង​នយោបាយ​។ លោកស្រី បន្តថា​ល្បែង​នយោបាយ​នេះ គឺជា​គ្រោះថ្នាក់​សម្រាប់​ការចរចា​ចាកចេញ ព្រោះ​វា​មិន​នាំ​ផល​ល្អ​ដល់​ប្រទេស​ឡើយ​។ ផ្ទុយទៅវិញ វា​នឹងធ្វើ​ឲ្យ​អង់គ្លេស​ដើរ​ទៅរក​ភាពមិនច្បាស់លាស់ និង​អស្ថិរភាព​ទៅវិញ​ទេ​។ ដូច្នេះ​ទើប​លោកស្រី​ផ្លាស់ប្ដូរ​ចិត្ត និង​សម្រេច​ស្នើ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ​តែម្ដង ហើយ​ម្យ៉ាង​លោកស្រី ក៏​មិនអាច​ទប់ទល់​ស្ថានការណ៍​នេះ​ដល់​ការបោះឆ្នោត​ឆ្នាំ​២០២០ ដែរ​។​

​ច្បាស់​ណាស់​ថា ការសម្រេចចិត្ត​បោះឆ្នោត​មុន​អាណត្តិ​នេះ មាន​ជាប់​ពាក់ព័ន្ធ​ការចរចា​ចាក​ចេញពី​សហភាព​អឺរ៉ុប​។ រដ្ឋាភិបាល​អង់គ្លេស ក៏​ទើបតែ​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon ថ្មីៗ​នេះ ប៉ុន្តែ​ការ​ដំណើរ​ការចរចា​មិនទាន់​ចាប់ផ្ដើម​ផ្លូវការ​នៅឡើយ ខណៈ​ទាំង​អង់គ្លេស និង​សហភាព​អឺរ៉ុប​មាន​រយៈពេល​២​ឆ្នាំ​ដើម្បី​ចរចា​។ ជាមួយនឹង​ការបោះឆ្នោត​មុន​អាណត្តិ ប្រជាជន​អង់គ្លេស នឹង​សម្រេច​ថា គួរ​ទុក​ឲ្យ​លោកស្រី May បន្តការងារ​ចរចា ឬ​ផ្ដល់​ឲ្យ​ឱកាស​ឲ្យ​អ្នកថ្មី​ជំនួស​វិញ​។​

​ថ្លែង​នៅ​ខាងក្រៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី 10 Downing Street នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ​សង្កត់ធ្ងន់ថា​៖ «​ការបោះឆ្នោត​ខាងមុខ នឹង​ផ្ដោត​សំខាន់​លើ​ការដឹកនាំ​ប្រទេស​។ ប្រជាជន​អង់គ្លេស ត្រូវ​ជ្រើសរើស​រវាង​រដ្ឋាភិបាល​រឹងមាំ​ដែល​យកចិត្ត​ទុក​លើ​ផលប្រយោជន៍​ជាតិ​មាន​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ឬ​រដ្ឋាភិបាលចម្រុះ​ដឹកនាំ​ដោយ​លោក Jeremy Corbyn និង​អ្នកនយោបាយ​មកពី​បក្ស​ប្រជាធិបតេយ្យ​សេរី និង​អ្នកនយោបាយ​មកពី​ស្កុ​តឡែ​ន​»​។​

១. សភា​អង់គ្លេស នឹង​សម្រេច​លើ​សំណើ​បោះឆ្នោត​មុន​អាណត្តិ​នៅថ្ងៃនេះ ខណៈ​ក្រុម​ប្រឆាំងនឹង​គាំទ្រ​
​សភា​អង់គ្លេស នឹង​បោះឆ្នោត​នៅ​ថ្ងៃទី​១៩ ខែមេសា​នេះ លើ​សំណើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​។ លោកស្រី May ត្រូវការ​សំឡេង​ពីរភាគបី ដើម្បី​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​មុន​អាណត្តិ​នេះ​។ សំណើ​នេះ ទំនងជា​ទទួលបាន​កា​រ​គាំទ្រ​ច្រើន​ពី​សមាជិកសភា ព្រោះ​ក្រុម​បក្សប្រឆាំង សុទ្ធតែ​ស្វាគមន៍​សំណើ​លោកស្រី May ទាំងអស់​។​

​ប្រធាន​បក្ស​ពលករ Jeremy Corbyn ដែល​ប្រកាស​គាំទ្រ​ការសម្រេចចិត្ត​របស់​នា​យក​រដ្ឋមន្ត្រី May
​លើកឡើងថា គណបក្ស​លោក​ត្រូវការ​ការបោះឆ្នោត ព្រោះ​វា​ជា​ឱកាស​ក្នុង​បង្កើត​រដ្ឋាភិបាល​ថ្មី ដែល ផ្ដោតលើ​នយោបាយ​អាទិភាព​មុនគេ​។ ប៉ុន្តែ​សមាជិក​បក្ស​ពលករ​ខ្លះ នៅ​សង្ស័យ​ការសម្រេច ចិត្ត របស់ មេបក្ស​ខ្លួន ព្រោះ​ពួកគេ​មិន​ប្រាកដថា អាច​ឈ្នះ​ការបោះឆ្នោត​នេះឡើយ ហើយ​ថែមទាំង​បាត់បង់​កៅអី​សមាជិកសភា​ទៅទៀត​។ នេះ​ក៏​ដោយសារតែ​ការស្ទង់មតិ​កន្លងមក​បង្ហាញថា ប្រជាប្រិយភាព​នាយករ​ដ្ឋ​មន្ត្រី May នៅតែ​ខ្ពស់​ដដែល​។

២. អឺរ៉ុប ថា​គម្រោង​បោះឆ្នោត​មុន​អាណត្តិ​នៅ​អង់គ្លេស មិន​ប៉ះពាល់​ផែនការ​ចរចា​លែងលះ​ឡើយ​

​ដំណើរការ​ចរចា​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស នឹងមិន​ប៉ះពាល់​ដោយសារ​ការស្នើ​រៀបចំ​ការបោះឆ្នោត​មុន​អាណត្តិ​របស់​អង់គ្លេស​ឡើយ​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប Donald Tusk ដែល​បន្តថា ដំណើរការ​គ្រប់យ៉ាង នឹង​បន្តធ្វើ​ទៅតាម​ការគ្រោងទុក ដោយ​ឥតមាន​ផ្លាស់ប្ដូរ​អ្វី​ទេ​។

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Preben Aamann ជា​អ្នកនាំពាក្យ​និយាយថា លក្ខខណ្ឌ​ចរចា​របស់​សហភាព​អឺរ៉ុប រំពឹងថា​នឹងត្រូវ​អនុម័ត​នៅ​ថ្ងៃទី​២៩ ខែមេសា ក្នុង​កិច្ចប្រជុំ​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប ហើយ​បទបញ្ជា​នៃ​ការចរចា​លែងលះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែឧសភា​។ នេះ​មានន័យថា អ្វីៗ​គ្រប់យ៉ាង គឺ​ធ្វើតាម​ផែនការ​ទាំងអស់ ហើយ​បន្ទាប់​ពីនេះ គឺប្រធាន​ចរចា​របស់​អឺរ៉ុប Michel Barnier នឹង​ចាប់ផ្ដើម​ដំណើរ​ការចរចា​តែម្ដង​៕


Tag:
 Brexit
  Theresa May
  ​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com