អន្តរជាតិ
អនុប្រធានាធិបតី Pence រំឮកកូរ៉េខាងជើងថា អាមេរិកត្រៀមប្រយុទ្ធរួចហើយ 19, Apr 2017 , 7:19 pm
អនុប្រធានាធិបតីអាមេរិក Mike Pence ថ្លែងទៅកាន់ទាហានជើងទឹកអាមេរិកលើនាវាដឹកយន្តហោះ USS Ronald Reagan នៅឯមូលដ្ឋាន Yukosuka (រូបភាព EPA)
× សង្គ្រាមពាក្យសម្ដីឆ្លើយឆ្លងរវាងអាមេរិក និងកូរ៉េខាងជើង កំពុងបន្តផ្ទុះឡើង ដោយភាគីទាំងពីរគំរាមវាយប្រហារគ្នាទៅវិញទៅមកដល់ថ្នាក់គំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតផង។ ថ្លែងពីជប៉ុន អនុប្រធានាធិបតីអាមេរិក Mike Pence បានព្រមានជាថ្មីម្ដងទៀតដល់កូរ៉េខាងជើង កុំចង់សាកល្បងឥទ្ធិពលយោធាអាមេរិកឲ្យសោះ ព្រោះអាមេរិកនឹងឆ្លើយតបវិញឲ្យបានស័ក្តិសមបំផុត ទោះជាអាមេរិកប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធីក្ដី។
ចេញពីកូរ៉េខាងត្បូង អនុប្រធានាធិបតីអាមេរិក Mike Pence បានទៅដល់សម្ព័ន្ធមិត្តតំបន់អាស៊ីមួយទៀត គឺជប៉ុន។ មិនខុសពីនៅកូរ៉េខាងត្បូងឡើយ លោក Pence បានបញ្ជាក់ប្រាប់សម្ព័ន្ធមិត្តជប៉ុនពីការប្ដេជ្ញាចិត្តរបស់អាមេរិកចំពោះសុវត្ថិភាពជប៉ុន និងជួយការពារជប៉ុន១០០ភាគរយពីការវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង។ លោក ក៏ឆ្លៀតពេលទស្សនកិច្ចនេះ ផ្ញើសារព្រមានទៅកាន់កូរ៉េខាងជើង ដែលព្រហើនមិនស្ដាប់នរណាម្នាក់នោះ។
ថ្លែងទៅកាន់ទាហានជើងទឹកអាមេរិកនៅជប៉ុន អនុប្រធានាធិបតីរូបនេះ និយាយថា រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ នឹងចាប់ដៃជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនដូចជាជប៉ុន ក៏ដូចជាចិន និងមហាអំណាចផ្សេងទៀត ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធការទូតលើរដ្ឋកុម្មុយនីស្តឯកោមួយនេះ។ បើតាមសារព័ត៌មាន ABC News លោក Pence អាមេរិក ក៏ត្រៀមខ្លួនវាយបក បើមានការវាយប្រហារណាមួយធ្វើឡើងដោយរបបក្រុងព្យុងយ៉ាង។
«សហរដ្ឋអាមេរិក នឹងស្វែងរកផ្លូវសន្តិភាពដើម្បីដោះស្រាយជម្លោះ។ ប៉ុន្តែក្រោមការដឹកនាំរបស់ ដូណាល់ ត្រាំ អាមេរិកត្រៀមអាវុធសង្គ្រាមរួចរាល់ហើយ។ អ្នកដែលចង់វាយប្រហារ ឬចង់សាកល្បងយើងត្រូវចាំថា យើងនឹងឆ្លើយតបវិញដោយស័ក្តិសម ទោះជាការវាយប្រហារបែបណាក៏ដោយ»។ នេះជាសម្ដីព្រមានរបស់លោក Pence សំដៅកូរ៉េខាងជើង នៅចំពោះមុខទាហានអាមេរិកលើនាវាដឹកយន្តហោះ USS Ronald Reagan នៅមូលដ្ឋានជើងទឹក Yokosuka ។
អនុប្រធានាធិបតីអាមេរិក កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចតំបន់អាស៊ី ដើម្បីធានាពីការតាំងចិត្តរបស់អាមេរិកចំពោះសម្ព័ន្ធមិត្តរបស់ខ្លួន ចំពេលដែលការគំរាមកំហែងរបស់កូរ៉េខាងជើងកើនឡើងខ្លាំង។ ទស្សនកិច្ចនៅកូរ៉េខាងត្បូងដែលទើបបញ្ចប់ ធ្វើឡើងតែប៉ុន្មានម៉ោងក្រោយកូរ៉េខាងជើងសាកល្បងមីស៊ីល តែបរាជ័យ។ នៅជប៉ុន លោក Pence បានជួបជាមួយនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផងដែរ។
ការព្រមានរបស់មេដឹកនាំអាមេរិក ធ្វើឡើងក្រោយការគំរាមរបស់មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង ដែលចង់វាយប្រហារអាមេរិក និងសម្ព័ន្ធមិត្ត ដោយប្រើអាវុធនុយក្លេអ៊ែរ បើអាមេរិក និងបរិវារ ហ៊ានបំពានអធិបតេយ្យខ្លួនតែបន្តិច។ ទស្សនកិច្ចរបស់លោក Pence ក៏ជាសញ្ញាបង្ហាញថា រដ្ឋបាលថ្មីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ មិនបោះបង់តំបន់អាស៊ីឡើយ ហើយថែមទាំងបង្កើនការប្ដេជ្ញាចិត្តក្នុងការការពារមិត្តរបស់ខ្លួនទៀតផង៕
Tag:
អាមេរិក
កូរ៉េខាងជើង
Mike Pence
© រក្សាសិទ្ធិដោយ thmeythmey.com