អន្តរជាតិ
យន្តហោះ​ចម្បាំង​អាមេរិក​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់​រុស្ស៊ី​ពីរ​គ្រឿង​ក្បែរ​រដ្ឋ​អា​ឡា​ស្កា​
19, Apr 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យន្តហោះ​ចម្បាំង​អាមេរិក​បាន​តាម​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ពីរ​គ្រឿង​នៅក្បែរ​ទឹកដី​អា​ឡា​ស្កា​នៅ​ដើម​សប្តាហ៍​នេះ​។ វា​ជាការ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​លើកដំបូង​បំផុត​ទៅ​ក្បែរ​ទឹកដី​អាមេរិក ចាប់តាំងពី ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ឡើងកាន់តំណែង​និង​ស្របពេល​ដែល​ភាព​តានតឹង​រវាង​អាមេរិក​និង​រុស្ស៊ី​កើនឡើង​ផង​។​


 យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​មានលទ្ធភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ​ចំនួន​ពីរ​គ្រឿង​ត្រូវបាន​យន្តហោះ​ចម្បាំង​អាមេរិក​ស្ទាក់​នៅក្បែរ​ទឹកដី​អា​ឡា​ស្កា​នៅ​យប់​ថ្ងៃ​ចន្ទ​កន្លងទៅនេះ​។ វា​ជា​ពេលដែល​យន្តហោះ​រុស្ស៊ី​ហើរ​ទៅ​ក្បែរ​ទឹកដី​អាមេរិក​លើកដំបូង ចាប់ពី​ឆ្នាំ ២០១៥ មក​។​

​យោងតាម​សារព័ត៌មាន THE HILL យន្តហោះ​ទម្លាក់​គ្រាប់បែក​រុស្ស៊ី​ទាំងពីរ​គ្រឿង​នេះ​មាន​ម៉ាក TU-95 ហើយ​វា​ហោះ​ហើយ​នៅ​ចម្ងាយ​ប្រហែល ៤៥០​គីឡូម៉ែត្រ​ពី​មូលដ្ឋាន​ទ័ពអាកាស​អាមេរិក ELMENDORF តែ​ស្ថិតក្នុង​ដែន​កំណត់​អត្តសញ្ញាណ​តំបន់​ការពារ​អាកាស​របស់​អា​មេ​រិ​ក​។​

​ទ័ពអាកាស​អាមេរិក​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​បំបាំងកាយ F-22 ពីរ​គ្រឿង​និង​យន្តហោះ E-3 ផ្តល់​សញ្ញា​ព្រមាន​ទៅ​ចាំ​ស្ទាក់​យន្តហោះ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​ទាំងពីរ​គ្រឿង​នេះ​។
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Fox News យន្តហោះ​អាមេរិក​បាន​ហោះ​ទន្ទឹម​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ប្រហែល ១២​នាទី ទើប​យន្តហោះ​ទាំងពីរ​គ្រឿង​នោះ​ប្តូរ​ទិសដៅ​ហើយ​ត្រឡប់​ទៅកាន់​មូលដ្ឋាន​នៅ​ភាគ​ខាងកើត​រុស្ស៊ី​វិញ​។​

​ជារួម​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី TU-95 មាន​សមត្ថភាព​ដឹក​អាវុធ​នុយក្លេអ៊ែរ ប៉ុន្តែ​ពេលដែល​ពើបប្រទះ​ជាមួយ​យន្តហោះ​ចម្បាំង​អាមេរិក​នោះ យន្តហោះ​ទាំង​ន​មិនមាន​បំពាក់អាវុធ​ឡើយ​។ ម្យ៉ាង​ការ​ស្ទាក់​យន្តហោះ​បរទេស​នេះ​ធ្វើឡើង​ដោយ​សុវត្ថិភាព​និង​តាម​បច្ចេកទេស ហើយ​ម្យ៉ាង​យន្តហោះ​រុស្ស៊ី​ក៏​មិន​រំលោភ​ដែនអាកាស​អាមេរិក​ឬ​រំលោភច្បាប់​អន្តរជាតិ​អ្វី​ដែរ​។​

​យន្តហោះ​ទម្លាក់​គ្រាប់​របស់​រុស្ស៊ី​ហោះហើរ​ទៅ​ក្បែរ​ដែនអាកាស​អាមេរិក កើតឡើង​ស្រប​ពេលដែល​ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី​ធ្លាក់ចុះ និង​តានតឹង​។ តានតឹង​ខ្លាំង​នេះ ក៏​ដោយសារ​ប្រធានាធិបតី​អាមេរិក​បាន​បញ្ជា​ឲ្យ​គេ​បាញ់​មី​ស៊ី​ល​ស្រោច​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​នៅ​ក្រុង HOMS ដោយ​មិន​ខ្វល់​ការ​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​ទី​នោះឡើយ​។​

​តាមពិតទៅ វត្តមាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​នៅក្បែរ​ដែនអាកាស​អាមេរិក​ក៏​កើត​ឡើងជា​លើកដំបូង​បំផុត​ក្រោយ​ពេលដែល​លោក​ដូ​ណា​ល់ ត្រាំ ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​។ យន្តហោះ​ទម្លាក់​គ្រាប់​រុស្ស៊ី​ហោះ​ទៅ​ក្បែរ សហរដ្ឋអាមេរិក​អាមេរិក​ចុងក្រោយ​បំផុត​នៅ​ខែកក្កដា​ឆ្នាំ ២០១៥ ហើយ​កាលនោះ​វា​ហោះ​ទៅ​ក្បែរ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។ ប៉ុន្តែ​កាលនោះ ក្រោយ​មានការ​ស្ទាក់​យន្តហោះ​រុស្ស៊ី ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏បាន​ផ្ញើ​សារ​ជូនពរ​ទៅ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដើម្បី​អបអរ​ទិវា​ឯករាជ្យ​អាមេរិក​ថែមទៀត​ផង​។​


Tag:
 TU-95
  F-22
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com