កីឡាអន្តរជាតិ
អន្តរជាតិ
ករណី​ពុករលួយ​៖ សហព័ន្ធ​កីឡាបាល់ទាត់​អាមេរិក​ឡាទីន បាត់​លុយ​ជាង​១៤០​លាន​ដុល្លារ
27, Apr 2017 , 8:19 pm        
រូបភាព
លោក Gianni Infantino ប្រធាន FIFA នាពិធីសមាជរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន
លោក Gianni Infantino ប្រធាន FIFA នាពិធីសមាជរបស់សហព័ន្ធកីឡាបាល់ទាត់ប្រចាំតំបន់អាមេរិកឡាទីន
​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាមេរិក​ខាងត្បូង (CONMEBOL) ប្រកាសថា សហព័ន្ធ បាន​បាត់បង់​ប្រាក់​ជាង​១៤០​លាន​ដុល្លារ​អាមេរិក​ដែល​កើតឡើង​ដោយសារ​អំពើពុករលួយ​។​


​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​បាន​និយាយ​នៅ​ថ្ងៃទី​២៦ មេសា ថា ស្ថាប័ន​នេះ​បាន​បាត់បង់​ប្រាក់​ច្រើនជាង​១៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​អំពើពុករលួយ​ក្រោម​ការដឹកនាំ​របស់​អតីត​អ្នកគ្រប់គ្រង​ចាស់ ដែល​ត្រូវ​ចោទប្រកាន់​ដោយ​ក្រុម​ស៊ើបអង្កេត​អាមេរិក​។​

​លោក Alejandro Dominguez ប្រធាន CONMEBOL នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP​ថា ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ សហព័ន្ធ​កីឡាបាល់ទាត់​តំបន់​អាមេរិក​ខាងត្បូង ត្រូវបាន​គេ​លួច​បន្លំ​ប្រាក់​ច្រើនជាង​១៤០​លាន​ដុល្លារ​អាមេរិក​។ ចំនួន​ទឹកប្រាក់​នេះ​ត្រូវ​ប្រកាស​ក្នុង​សមាជ​របស់​សហព័ន្ធ​ខាងលើ ក្រោយ​មានការ​ពិនិត្យ​បញ្ជីចំណាយ​ក្នុង​ស្ថាប័ន​នេះ​។​


លោក Alejandro Dominguez ប្រធានសហព័ន្ធកីឡាបាល់ទាត់តំបន់អាមេរិកខាងត្បូង CONMEBOL 

​ក្នុងករណី​ពុករលួយ​នេះ មាន​មនុស្ស​៣​នាក់​ដែល​ស្ថិតក្នុង​ការចោទប្រកាន់ ដែល​សុទ្ធិ​សឹង​ជា​អតីត​ប្រធាន​សហព័ន្ធ​តំបន់ CONMEBOL នេះ​។ នាក់​ទាំង​៣​រូបនោះ​មាន លោក Eugenio Figueredo ជនជាតិ​អ៊ុយ​រូ​ហ្គា​យ លោក Nicolas Leoz និង​លោក Juan Angel Napout ជា​ជនជាតិ​ប៉ា​រ៉ា​ហ្គា​យ​ដូចគ្នា​។​

​ក្នុងចំណោម​អ្នក​ទាំង​៣​ខាងលើ​មានតែ​២​នាក់​ទេ​គឺ Figueredo និង Leoz ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នេះ និង​រួម​ទាំ​មន្ត្រីក្រោមឱវាទ​៤០​នាក់​ផ្សេងទៀត​ដែល​កំពុង​ឃុំខ្លួន​នៅក្នុង​ផ្ទះ​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​សូមបញ្ជាក់ថា ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែល​បាត់បង់​ក្នុងករណី​ពុករលួយ​នេះ​ត្រូវ​បានបង្ហាញ​ក្នុង​ពិធី​សមាជ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​២៦ ខែមេសា ក្នុង​រដ្ឋធានី Santiago ប្រទេស​ស៊ី​លី​ដោយមាន​ការចូលរួម​ពី​ប្រធាន FIFA លោក Gianni Infantino ដែល​ទទួល​តំណែង​ជំនួស​លោក Sepp Blatter កន្លងមក​៕


Tag:
 បាល់ទាត់​
  CONMEBOL
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com