អន្តរជាតិ
ដូ​ណា​ល់ ត្រាំ មិន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម NAFTA ទេ តែ​ត្រៀម​ចរចា​ឡើងវិញ​
28, Apr 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​សេត​វិមាន​អាមេរិក​បាន​បញ្ជាក់ថា​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​គ្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​(NAFTA)​ឡើងវិញ​ជាមួយ​មេដឹកនាំ​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។  ការបញ្ជាក់​បែបនេះ​កើតឡើង​បន្ទាប់ ពី​មាន​ព័ត៌មាន​ថា លោក ដូ​ណា​ល់ ត្រាំ​និង​ទីប្រឹក្សា​កំពុង​ពិចារណា​ចេញ​ក្រឹត្យ​ដក​សមាជិកភាព​ចេញពី​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្មនេះ តាម​ការសន្យា​កន្លងមក​។​


​ការបញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​ជាមួយ​កាណាដា​និង​ម៉ិ​ក​ស៊ិ​ក​ក្លាយជា​ប្រធានបទ​ក្តៅ​នៅពេល​បច្ចុប្បន្ន​។ ប៉ុន្តែ​មន្ត្រី​សេត​វិមាន​អាមេរិក​បាន​បកស្រាយ​ហើយ​ថា អាមេរិក​មិន​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះឡើយ​។ ផ្ទុយទៅវិញ​រដ្ឋបាល​អាមេរិក​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ដូ​ណា​ល់ ត្រាំ នឹង​ចរចា​កិច្ចព្រមព្រៀង​នេះ​ឡើងវិញ​ជាមួយ​មេ​ដឹក​មាំ​កាណាដា និង​ម៉ិ​ក​ស៊ិ​ក​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្តីថ្លែងការណ៍​សេត​វិមាន​អាមេរិក​បានប្រកាសថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក  Enrique Pena Nieto និង​នាយករដ្ឋមន្ត្រី​កាណាដា​លោគ Justin Trudeau ពាក់ព័ន្ធ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​។ បន្ទាប់ពី​ជជែក​គ្នា លោក ត្រាំ បាន​សន្យាថា រដ្ឋា​បាល​មិន​លុបចោល​កិច្ចព្រមព្រៀង​នេះ តែ​វា​ចាំបាច់​ត្រូវមាន​ការចរចា​ឡើងវិញ​។​

«​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​សន្យាថា​លោក​មិន​លុបចោល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងត្បូង​នៅពេល​នេះឡើយ​។ មេដឹកនាំ​ប្រទេស​ជា​សមាជិក​ទាំងបី​ក៏បាន​ក៏បាន​ឯកភាពគ្នា​ដើម្បី​ព​ន្លឿ​ន​ការអនុវត្ត​នីតិវិធី​ផ្ទៃក្នុង​ដើម្បី​ធ្វើយ៉ាងណា​អនុញ្ញាត​ឲ្យ​ការចរចា​ឡើងវិញ​អាចធ្វើ​ទៅបាន​ដើម្បី​បម្រើ​ប្រយោជន៍​ភាគី​ទាំងសងខាង​»​។ នេះ​ជាការ​បញ្ជាក់​របស់​សេត​វិមាន​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​។​

​សេចក្តីថ្លែងការណ៍​ដដែល​នោះ​ក៏បាន​ស្រង់​សម្តី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដូច្នេះ​ថា​៖«​វា​ជា​កិត្តិយស​មួយ​សម្រាប់​ខ្ញុំ​ដែល​ត្រូវយក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងជើង​មក​ចរចា​ឡើងវិញ​។ វា​ជា​កិត្តិយស​ដែល​ខ្ញុំ​ត្រូវ​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ម៉ិ​ក​ស៊ិ​ក និង​នាយករដ្ឋមន្ត្រី​កាណាដា​។ ហើយ​ខ្ញុំ​ជឿជាក់ថា លទ្ធផល​ចុងក្រោយ​នៃ​ការចរចា​នឹង​ជួយ​ឲ្យ​ប្រទេស​ទាំងបី​កាន់តែខ្លាំង​និង​ប្រសើរ​ជាង​មុន​ថែមទៀត​»​។​

​មកដល់ពេលនេះ​គឺ​មិនអាច​សុំ​ការបំភ្លឺ​ពី​ខាង​ម៉ិ​ក​ស៊ិ​ក​បានឡើយ​ពាក់ព័ន្ធ​ការចរចា​កិច្ចព្រមព្រៀង​ឡើងវិញ​។ ចំណែក​កាណាដា​បាន​បញ្ជាក់ថា ខ្លួន​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​ជជែក​គ្នា​លើ​គម្រោង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឡើងវិញ​គ្រប់ពេលវេលា​។​

«​នៅពេលនេះ​ការចរចា​ពាក់ព័ន្ធ​កិច្ចព្រមព្រៀង NAFTA មិនទាន់​ចាប់ផ្តើម​ឡើយ​។ កាណាដា​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ចូល​តុ​ចរចា​គ្រប់ពេលវេលា​ទាំងអស់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Alex Lawrence អ្នកនាំពាក្យ​របស់​រដ្ឋ​មន្ត្រី​ការបរទេស Chrystia Freeland​។​

​ការប្រកាស​ជាថ្មី​របស់​សេត​វិមាន​កើតឡើង​បន្ទាប់ពី មន្ត្រី​អាមេរិក​ខ្លះ​លួច​បង្ហើប​ថា លោក ដូ​ណា​ល់ ត្រាំ និង​បណ្តា​ក្រុមទី​ប្រឹក្សា​របស់ខ្លួន​ពិចារណា​ចេញ​ក្រឹត្យ​មួយ​ដើម្បី​បញ្ចប់​បេក្ខភាព​អាមេរិក​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែលមាន​រយៈពេល​ជាង​២០​ឆ្នាំនេះ​។  ទីប្រឹក្សា​មួយចំនួន​របស់លោក ដូ​ណា​ល់ ត្រាំ​ចង់​រៀបចំ​ក្រឹត្យ​បញ្ចប់​សមាជិកភាព​អាមេរិក​ក្នុង NAFTA នេះ​ឲ្យ​បាន​មុន​ខួប ១០០​ថ្ងៃ​នៃ​ការចូល​កាន់តំណែង​រប​ស់លោក ដូ​ណា​ល់ ត្រាំ​។ ប៉ុន្តែ​មាន​ទីប្រឹក្សា​ខ្លះ​មិន​ពេញចិត្ត​ចំពោះ​ការសម្រេច​បែបនេះ​ឡើយ​។​

​កាលពីពេល​ឃោសនាបោះឆ្នោត​កន្លងមក លោក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ធំៗ​ឡើងវិញ​ក្នុងនោះ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាមេរិក​ខាងកើត និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក (TPP) ថែម​ទៀតផង ដោយ​លោក​បាន​អះអាងថា កិច្ចព្រមព្រៀង​ទាំងនេះ​បំផ្លាញ​ការងារ​ប្រជាជន​អាមេរិក និង​បង្ក​ផលប៉ះពាល់​សេដ្ឋកិច្ច​អាមេរិក​ថែមទៀត​។ ក្រោយ​ឡើងកាន់តំណែង​លោក​ចេញ​ក្រឹត្យ​សម្រេច​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ដែលមាន​សមាជិក​សរុប ១២ ភ្លាមៗ​តែម្តង​៕ 


© រក្សាសិទ្ធិដោយ thmeythmey.com