អន្តរជាតិ
ក្រេ​ម​ឡាំង​៖ «​លោក ពូ​ទីន​មិនមែនជា​មេធាវី​ការពារ អាសាដ ទេ​តែ​ជា​អ្នកការពារ​ច្បាប់​អន្តរជាតិ​»
27, Apr 2017 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រី​វិមាន​ក្រេ​ម​ឡាំង​បានបញ្ជាក់​ជាថ្មី​ថា គោលជំហរ​របស់​ប្រធានាធិបតី​រុស្ស៊ី​លោក វ៉ា្ល​ឌី​មៀ ពូ​ទីន ចំពោះ​ស៊ី​រី​មិន​ផ្លាស់ប្តូរ​ឡើយ​ទោះ​មានការ​ទិតៀន​និង​ថ្កោលទោស​រុស្ស៊ី​ពី​សំណាក់​លោកខាងលិច​ក៏ដោយ​។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នឹង​នៅ​ធ្វើជា​អ្នកតស៊ូ​មតិ​ការពារ​ច្បាប់​អន្តរជាតិ និង​ធ្វើ​យ៉ាង​ជួយ​ការពារ​សិទ្ធិ​ប្រជាជន​ស៊ី​រី​ក្នុង​ការសម្រេច​ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន​ដោយផ្ទាល់​។​


​តាំងពី​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ស៊ី​រី​ជាថ្មី​មក រុស្ស៊ី​បានក្លាយ​ជា​ផ្ទាំង​ស៊ី​ប​របស់​បណ្តា​ប្រទេស​លោកខាងលិច​។ ប្រទេស​អឺរ៉ុប​និង​អាមេរិក​បាន​ទិតៀន​មេដឹកនាំ​រុស្ស៊ី​ពេញៗ​មាត់ និង​ចោទថា រុស្ស៊ី​កំពុង​ព្យាយាម​ការពារ​ឧក្រិដ្ឋជន​អន្តរជាតិ​ដែល​សម្លាប់​ប្រជាជន​ខ្លួនឯង​ដើម្បី​អំណាច​ជាដើម​។ ប៉ុន្តែ​រុស្ស៊ី​មិនបាន​នៅ​ស្ងៀម​ឡើយ​ចំពោះ​ការរិះគន់ និង​ចោទប្រកាន់​នេះ​។​

​យោងតាម​សារព័ត៌មាន​រដ្ឋ​រុស្ស៊ី Sputnik អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក Dmitry Peskov បាន​ថ្លែងប្រាប់​បណ្តា​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ ២៦ មេសា​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា គោលជំហរ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ចំពោះ​បញ្ហា​ជម្លោះ​ស៊ី​រី​នៅតែ​ដដែល​មិនមាន​ការផ្លាស់ប្តូរ​ឡើយ​។ មន្ត្រី​រូបនេះ​បាន​ពន្យល់ថា លោក ពូ​ទីន មិនបាន​ព្យាយាម​ធ្វើជា​មេធាវី​កា​ពារ​ក្តី​ឲ្យ​លោក បា​សា អាល់​អាសាដ ដូច​គេឯង​ចោទ​ឡើយ តែ​លោក​កំពុង​ធ្វើជា​អ្នកតស៊ូ​មតិ​និង​ជា​អ្នកការពារ​ច្បាប់​អន្តរជាតិ​ដើម្បី​ប្រយោជន៍​ពិភពលោក​។​

​លោក​បានបញ្ជាក់​ដូច្នេះ​៖«​ពាក់ព័ន្ធ​ការគាំទ្រ​លោក បា​សា អាល់​អាសាដ ជំហរ​រុស្ស៊ី​និង​ប្រធានាធិបតី ពូ​ទីន មិនមាន​ការផ្លាស់ប្តូរ​ឡើយ​។​វា​នៅតែ​ស្រប​ដូចពេលមុន ហើយ​គ្រប់គ្នា​បានដឹង​ហើយ​។ ការហៅ​លោក ពូ​ទីន ជា​មេធាវី​កា​ពារ​ក្តី​របស់លោក អាសាដ មិនមែនជា​រឿង​ថ្មី​ទេ​។​លោក​មិនមែនជា​មេធាវី​ការពារ​អ្នកណា​មួយ​ឡើយ តែ​លោក​ជា​អ្នកការពារ​ច្បាប់​អន្តរជាតិ​មួយរូប​ប៉ុណ្ណោះ​»​។​

​មន្ត្រី​វិមាន​ក្រេ​ម​ឡាំង​រូបនេះ​បាន​ពន្យល់​បន្ថែមថា អ្វីដែល​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន កំពុង​ធ្វើ​គឺ​ធានា​ឲ្យ​បាន​នូវ​សេរីភាព​និង​សិទ្ធិ​របស់​ប្រជាជន​ស៊ី​រី​ក្នុងការ​សម្រេចចិត្ត​រើស​មេដឹកនាំ និង​កំណត់​ជោគវាសនា​ប្រទេសជាតិ​របស់ខ្លួន​ផង​។ នេះ​មានន័យថា គ្មាន​អ្នកណាម្នាក់​មាន​សិទ្ធិ​សម្រេច​ជោគវាសនា​ជំនួស​ឲ្យ​ប្រជាជន​ស៊ី​រី​ឡើយ​។​

«​លោក ពូ​ទីន ជឿជាក់ថា អនាគត​ប្រទេស​ស៊ី​រី​មិនអាច​កំណត់ដោយ​របប​ដឹកនាំ​ក្រុង​អង់កា​រ៉ា​, របប​ដឹកនាំ​ក្រុង​វ៉ាស៊ីនតោន​, ក្រុង​ប៊ែ​កឡាំង ឬ​ក្រុង​ម៉ូស្គូ​ឡើយ​។ ជារួម​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​ស៊ី​រី​ជា​របស់​ប្រជាជន​ស៊ី​រី​តែមួយគត់​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​។​

​សូមបញ្ជាក់ថា រុស្ស៊ី​បាន​លូកដៃ​ចូលប្រឡូក​ក្នុង​បញ្ហា​ស៊ី​រី​នៅ​ចុងឆ្នាំ ២០១៥ ហើយ​មហាអំណាច​មួយ​នេះ​បាន​បន្ត​គាំទ្រ​របប​ដឹកនាំ​ក្រុង​ដា​ម៉ាស​រហូតមក ទោះបី​មានការ​ទិតៀន ឬ​ថ្កោលទោស​ខ្លាំង​ក៏ដោយ​។ មហាអំណាច​នេះដែរ​ក៏មាន​អាវុធ​និង​កងទ័ព​នៅ​ស៊ី​រី​ផងដែរ ដោយ​ការពង្រាយ​សព្វាវុធ​និង​កងទ័ព​នេះ​ធ្វើឡើង​ក្រោម​ហេតុផល​ប្រឆាំង​ភេរវកម្ម​អន្តរជាតិ​ជាពិសេស​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ​។ ផ្ទុយទៅវិញ រុស្ស៊ី​បាន​ព្យាយាម​បង្ហាញ​ទៅកាន់​ពិភពលោក​ថា ខ្លួន​កំពុង​ប្រឹងប្រែង​គាំទ្រ​ប្រជាជន​ស៊ី​រី​ជាពិសេស​ការពារ​សិទ្ធិ​ស្វ័យ​សម្រេច​ដែល​សម្តៅ​ដល់​ការជ្រើសរើស​មេដឹកនាំ​និង​របប​ដឹកនាំ​ដោយ​ខ្លួនឯង​ដោយ​គ្មាន​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​។ ខុសពី​រុស្ស៊ី លោកខាងលិច​រង​ការរិះគន់​ផងដែរ​ចាប់តាំងពី​ជម្លោះ​ស៊ី​រី​ផ្ទុះឡើង​។

ប្រទេស​អឺរ៉ុប​និង​អាមេរិក​បន្ត​កំណត់​យក​គោលនយោបាយ​មួយ​ដែល​បង្ខំ​ឲ្យ​មេដឹកនាំ​ស៊ី​រី បា​សា អាល់​អាសាដ ចុះ​ចេញពី​តំណែង​មុននឹង​មានការ​បង្កើត​សម័យ​អន្តរកាល​នយោបាយ​។ ហើយ​អ្វីដែល​សំខាន់​លោកខាងលិច​មិន​ចង់​ឲ្យ អាសាដ មាន​តួនាទី​អ្វី​ក្នុង​របប​ដឹកនាំ​ថ្មី​ឡើយ បើសិន​មានការ​បញ្ចប់សង្គ្រាម​និង​ការបោះឆ្នោត​ឆាប់ៗ​នៅពេល​ខាងមុខ​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com