អន្តរជាតិ
ពិភពលោក​ទាំងមូលរ​ង​ផលប៉ះពាល់​ពី​គម្រោង​ផ្តាច់ជំនួយ​របស់លោក ត្រាំ មិនមែន​តែ​កម្ពុជា​ទេ​
27, Apr 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សំណើ​កាត់បន្ថយ​ថវិកា​សម្រាប់​វិស័យ​ការទូត​ឆ្នាំ ២០១៨ របស់​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានធ្វើ​ឲ្យ​មានការ​បារម្ភ​ទូទាំង​ពិភពលោក​។ តាម​របាយការណ៍​លម្អិត​ពាក់ព័ន្ធ​ការកាត់បន្ថយ​លុយ​ជំនួយ​បរទេស​សម្រាប់​ក្រសួងការបរទេស​អាមេរិក ប្រទេស​ជាច្រើន​នៅ​អាស៊ី​, អាហ្វ្រិក ក៏ដូចជា​អឺរ៉ុប​ផង​នោះ​នឹង​ប្រឈម​ការបាត់បង់​ជំនួយ​អភិវឌ្ឍន៍​ដែល​អាមេរិក​ធ្លាប់​ផ្តល់​ឲ្យ​កន្លងមក​ដែរ​។ គ្រាន់តែ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ក្រៅពី​កម្ពុជា ឡាវ​,​ឥណ្ឌូណេស៊ី​, វៀតណាម និង​សម្ព័ន្ធមិត្ត ថៃ និង​ហ្វីលីពីន​ក៏​នឹង​ប្រឈម​ការបាត់​បង់លុយ​ជំនួយ​អាមេរិក​ដូចគ្នា​។​


 នៅ​ដើមខែ​មីនា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បានស្នើ​កាត់បន្ថយ​ថវិកា​ជាង ២៨​ភាគរយ​ដែលមាន​ទំហំ​ស្មើនឹង ១១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ក្រសួងការបរទេស​ដែល​ក្នុងនោះ​មាន​ទាំង​ថវិកា​សម្រាប់​ជំនួយ​អភិវឌ្ឍ​ផងដែរ​។  វា​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ «​តម្កល់​ប្រយោជន៍​អាមេរិក​ជាធំ​»​របស់​ប្រធានាធិបតី​ផ្ទាល់ ប៉ុន្តែ​វា​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​ទូទាំង​ពិភពលោក ពេលដែល​បន្ថយ​ថវិកា​សម្រាប់​ក្រសួងការបរទេស​កាន់​តែ​ស្តួចស្តើង​។​

-​ក្រៅពី​កម្ពុជា ជំនួយ​អភិវឌ្ឍន៍​សម្រាប់​ឡាវ​,​ឥណ្ឌូណេស៊ី​,​ថៃ​,​ហ្វីលីពីន និង​វៀតណាម​ក៏​ធ្លាក់​ដល់​កម្រិត​សូន្យ​ដែរ​


របាយការណ៍​ពាក់ព័ន្ធ​ថវិកាជាតិ​អាមេរិក​ឆ្នាំ​២០១៨ ដែល​ទទួលបាន​ដោយ​ទស្សនា​វ​ដ្តី​គោលនយោបាយ​ការបរទេស (Foreign Policy Magazine) បង្ហាញថា ជំនួយ​សម្រាប់​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​អស់ ៧០,៥​ភាគរយ ដោយ​ធ្លាក់ចុះ​ពី ៧៧,៤​លាន​ដល់​ត្រឹម ២២,៩ លាន​ដុល្លារ​ប៉ុណ្ណោះ​។ ក្នុងនោះ​មូលនិធិ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ដែលមាន​ទំហំ ៨​លាន​ដុល្លារ និង​ជំនួយ​អភិវឌ្ឍ​មាន​ទំហំ ៣៤ លាន​ដុល្លារ​ត្រូវ​កាត់​ទាំងស្រុង​។​

​ប៉ុន្តែ វា​គ្មាន​អ្វីដែល​ត្រូវ​ភ្ងា​ក់​ផ្អើល​ឡើយ​នៅពេល នៅពេលដែល​ជំនួយ​អភិវឌ្ឍ​សម្រាប់​កម្ពុជា​ត្រូវ​កាត់បន្ថយ​បែបនេះ​។ ដូច​បានបញ្ជាក់​ខាងលើ​ស្រាប់ ការស្នើសុំ​កាត់បន្ថយ​ថវិកា​សម្រាប់​វិស័យ​ការទូត​ជាពិសេស​ជំនួយ​អភិវឌ្ឍ​នឹង​ប៉ះពាល់​ប្រទេស​ទាំងអស់​ទូទាំង​ពិភពលោក មិនមែន​តែ​កម្ពុជា​ឡើយ​។​

​របាយការណ៍​ដដែល​នោះបាន​បង្ហាញ​ឲ្យ​ឃើញថា អាមេរិក​ក៏មាន​គោលដៅ​កាត់បន្ថយ​ជំនួយ​អភិវឌ្ឍ​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​អាស៊ាន​ឲ្យ​ដល់​កម្រិត​សូន្យ​ដែរ​។ ក្នុងចំណោម​នោះ​មាន​ឥណ្ឌូណេស៊ី​, វៀតណាម​, ឡាវ និង​សម្ព័ន្ធមិត្ត​អាមេរិក​មាន​ថៃ និង​ហ្វីលីពីន​ផងដែរ​។  បើសិន​មានការ​សម្រេច​ជា​ផ្លូវការ​ដោយ​សភា​តាម​សំណើរ​របស់​ប្រធានាធិបតី ឥណ្ឌូណេស៊ី​នឹង​បាត់​បង់លុយ​ជំនួយ​អភិវឌ្ឍ​ពី​អាមេរិក ៥៧ លាន​ដុល្លារ ខណៈដែល​វៀតណាម​បាត់បង់ ៤៥​លាន​ដុល្លារ​។ ចំណែកឯ​ឡាវ​ឯណោះ​វិញ​អាច​នឹង​បាត់បង់​ថវិកា​ជំនួយ​អាមេរិក​ប្រមាណ​៧,២​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុងនោះ​មាន​ជំនួយ​អភិវឌ្ឍន៍ ៤,៥​លាន​ដុល្លារ និង ជំនួយ​ក្នុង​កម្មវិធី​សុខភាព​សកល​ក្រោម​ជំនួយ USAID ត្រឹម​២,៧ លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​រីឯ​សម្ព័ន្ធមិត្ត​អាមេរិក​ថៃ ប្រឈម​នឹង​ការបាត់​បង់លុយ​ជំនួយ​អភិវឌ្ឍន៍​ប្រចាំឆ្នាំ​ដែលមាន​ទំហំ ២,៤​លាន​ដុល្លា​អាមេរិក ស្រប​ពេលដែល​ហ្វីលីពីន អាច​នឹង​បាត់បង់​ជំនួយ​ពី​អាមេរិក​ក្នុង​ទំហំ ៦២​លាន​ដុល្លារ​ឯណោះ​។​

​យ៉ាងណាក៏ដោយ ក្រសួងការបរទេស​អា​មេ​រិ​កបាន​ការពារ​កា​រ​កាត់បន្ថយ​ថវិកា​សម្រាប់​ក្រសួង​ខ្លួន​កន្លងមក​ដែរ​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Rex Tillerson បានលើកឡើង​កាលពី​ខែមីនា​ថា ថវិកា​ដែល​អាមេរិក​ប្រើប្រាស់​ក្នុង​វិស័យ​ការបរទេស​មាន​កម្រិត​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ ដូច្នេះហើយ លោក Tillerson សង្ឃឹមថា វា​ជាការ​កែទម្រង់​របៀបរ​បប​និង​ប្រសិទ្ធភាព​ការងារ ដោយ​ចំណាយ​តិច​តែមាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​ត្រឡប់មកវិញ នេះ​គ្រាន់តែ​ជា​សំណើ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដើម្បី​កាត់បន្ថយ​ថវិកាជាតិ​ដែល​ផ្គត់ផ្គង់​ដល់​ក្រសួងការបរទេស​សម្រាប់​ឆ្នាំ ២០១៨ ប៉ុណ្ណោះ​។ សំណើ​នេះ​នឹងត្រូវ​សម្រេច​ដោយ​សភា​ទាំងពីរ​ទៀត ហើយ​គេ​រំពឹងថា​វា​នឹងមាន​ការកែតម្រូវ​ច្រើន មុននឹង​ច្បាប់​ថវិកា​នេះ​ត្រូវ​សភា​សម្រេច​ជា​ផ្លូវការ​។ នេះ​ក៏ដោយ​សារ​បណ្តា​សមាជិកសភា​ទាំងពីរ​បក្ស មិន​ពេញ​ចិត្តនឹង​សំណើ​កាត់បន្ថយ​ថវិកា​ច្រើន​បែបនេះ​សម្រាប់​ជំនួយ​បរទេស​និង​វិស័យ​ការទូត​ដែល​ជួយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅ​បរទេស​ឡើយ​៕


Tag:
 ​ដូ​ណា​ល់ ត្រាំ​
  កម្ពុជា​
 ​អាស៊ាន​
  ក្រសួងការបរទេស​អា​មេ​រិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com