អន្តរជាតិ
ហ្វីលីពីន​៖ «​អាស៊ាន​និង​ចិន​ត្រូវ​ព្យាយាម​រក​ដំណោះស្រាយ​ឈ្នះៗ​លើ​ជម្លោះ​សមុទ្រ​ចិន​ដើម្បី​រក្សា​ប្រយោជន៍​រួម​»
27, Apr 2017 , 10:39 pm        
រូបភាព
រូបភាព៖ Presidential Photographers Division
រូបភាព៖ Presidential Photographers Division
​មន្ត្រី​ហ្វីលីពីន​យល់ថា អាស៊ាន​និង​ចិន​ត្រូវការ​ដំណោះស្រាយ​ឈ្នះៗ​ទាំងសងខាង​ក្នុងការ​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ដើម្បី​ប្រយោជន៍​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ប្រយោជន៍​តំបន់​ទាំងមូល​។ ការលើកឡើង​នេះ​ស្រប​ពេលដែល​ហ្វីលីពីន​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំ ២០១៧​នេះ ហើយ​រដ្ឋ​អាស៊ាន​សង្ឃឹមថា​ហ្វីលីពីន អាច​នឹង​ជំរុញ​ឲ្យ​មានការ​សម្រេចបាន​នូវ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង (COC) ដែលមាន​អនុភាព​គតិយុត្តិ​នៅក្នុង​ឆ្នាំនេះ​ផង និង​អាច​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាស៊ាន​និង​អាស៊ាន​ដែរ​។​


​ប្រធាន​ក្រុមប្រឹក្សា​ផ្តល់យោបល់​ធុរៈកិច្ច Joey Concepcion បាន​ថ្លែងប្រាប់​យោងតាម​សារព័ត៌មាន​ហ្វីលីពីន ABS-CBN ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte  ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​មហា​យក្ស​ចិន​ជា​ជំហាន​វិជ្ជមាន​មួយ ព្រោះ​ហ្វីលីពីន​គ្មាន​លទ្ធភាព​ទប់ទល់​ជាមួយ​ចិន​ឡើយ​និយាយ​ដល់​ការប្រើប្រាស់​កម្លាំងយោធា​នោះ​។

​លោក Joey Concepcion បាន​ពន្យល់ថា យក​ខ្លួន​ទៅ​ប្រឆាំង​ចិន​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​មិន​ខុសពី​ធ្វើអត្តឃាត​ខ្លួនឯង​ឡើយ​។ ប៉ុន្តែ​បើ​គេ​អាច​សម្រេចបាន​នូវ​ដំណោះស្រាយ​ឈ្នះៗ​មួយ​នោះ វា​នឹង​បង្កើត​ផលប្រយោជន៍​ច្រើន​សម្រាប់​ភាគី​ទាំងសងខាង​។​

«​យើងទាំងអស់គ្នា​ដឹងថា ចិន​ជា​ប្រទេស​ដ៏​ខ្លាំង​មួយ ហើយ​វា​ជា​ប្រយោជន៍​របស់​យើង​ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ឈ្នះៗ​ទាំងសងខាង​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​បច្ចុប្បន្ន​។ ទំនាក់ទំនង​រវាង​អាស៊ាន​និង​ចិន​មាន​សារៈសំខាន់​សម្រាប់​ភាគី​ទាំងពីរ ហើយ​វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​ត្រូវ​ប្រឹងប្រែង​ធ្វើយ៉ាងណា​សម្រេច​ឲ្យ​បាន​នូវ​ទំនាក់ទំនង​ឈ្នះ​ឈ្នះ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Joey Concepcion ។​

​មន្ត្រី​រូបនេះ​បាន​បន្ថែមថា​៖«​យើង​គ្មាន​កម្លាំងយោធា​ឯណា​ដើម្បី​ប្រឆាំង​ប្រទេស​ធំៗ​ឡើយ​។ វា​ប្រៀបដូចជា​ការធ្វើអត្តឃាត​ឡើយ​។ ប៉ុន្តែ​យើង​មានអំណាច​ដើម្បី​អភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង​ព្រោះ​ប្រជាជន​ហ្វីលីពីន​ជា​ពេល​រដ្ឋ​ដែលរ​ស់រាយ​រាក់ទាក់​និង​មាន​សណ្តាន​ចិត្តល្អ​»​។

​បច្ចុប្បន្ននេះ ហ្វីលីពីន​កំពុង​ធ្វើជា​ប្រធាន​អាស៊ាន​ប្តូរ​វេន ហើយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣០​នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃ ២៩​មេសា​ខាងមុខនេះ​។ បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​បញ្ហា​ចម្រូងចម្រាស​សម្រាប់​តំបន់​ទាំងមូល​ផងដែរ  ហើយ​វា​ក៏​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ដូចគ្នា​។ ប្រទេស​អាស៊ាន​ជាពិសេស​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ចង់​ឲ្យ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​អនុភាព​គតិយុត្តិ​ចេញ​រូបរាង​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០១៧ ក្នុងពេល​ហ្វីលីពីន​ទទួលបន្ទុក​រៀបចំ​កិច្ចប្រជុំ​នេះ​តែម្តង​។

​សូម​រម្លឹក​បន្តិច​ថា ប្រទេស​សមាជិក​អាស៊ាន​ដូចជា​ម៉ាឡេស៊ី​, ព្រុយ​ណេ​, វៀតណាម និង​ហ្វីលីពីន​ជា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ប៉ុន្តែ​ស្ថានភាព​ជម្លោះ​ហាក់​តានតឹង ដោយសារតែ​មហា​យក្ស​ចិន​បន្តសកម្មភាព​វាតទី និង​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​តំបន់​ជម្លោះ និង​បាន​ទាត់ចោល​សេចក្តីសម្រេច​របស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ដែល​បដិសេធ​ការទាមទារ​របស់​ចិន​លើ​តំបន់​ជម្លោះ​ស្ទើ​តែ​ទាំងស្រុង​ថែម​ទៀតផង​។​

​យ៉ាងណាក៏ដោយ ចាប់ពី​ពេល​ឡើងកាន់​អំណាច​ពាក់កណ្តាល​ឆ្នាំ ២០១៦ ប្រធានាធិបតី​ហ្វីលីពីន​លោក  Rodrigo Duterte បាន​ផ្លាស់ប្តូរ​នយោបាយ​ការបរទេស​ហ្វីលីពីន​១៨០​ដឺ​ក្រេ​ដោយ​លោក​ងាក​ទៅ​ស្តារ​ទំនាក់ទំនង​ជាមួយ​ក្រុង​ប៉េកាំង​ឡើងវិញ និង​ប្រកាសថា​លោក​អនុវត្ត​គោលនយោបាយ​ការបរទេស​ដែលមាន​ភាព​ឯករាជ​និង​អា​ព្យា​ក្រឹត្យ​ថែម​ទៀតផង​៕


Tag:
 Rodrigo Duterte
  Joey Concepcion
  អាស៊ាន​
 ​ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com